ធ្វើ​តាម​វិធីសាស្ត្រ​ដែល​នាំ​ឱ្យ​ព្រះពុទ្ធ​មាន​សុខភាព​ល្អ


ពេញ​មួយ​ជីវិត​របស់​ព្រះពុទ្ធ លោក​មាន​អាពាធ​តែ​ពីរ​ដងគត់​គឺ នៅ​ពេល​ដែល​ភិក្ខុ​ទេវទត្ត​ប្រុង​ធ្វើឃាត​ប្រមៀល​ដុំ​ថ្ម​ទម្លាក់​ពីលើ​ចង្កេះភ្នំ​មក​ត្រូវ​ព្រះបាទ​ធ្វើ​ឱ្យ​ពុះពោរ​ហូរ​ឈាម និង​ព្រះ​អង្គ​ប្រឈួន​មុន​ពេល​បរិនិព្វាន ក្រៅពី​នេះ​ព្រះ​អង្គ​មិន​មាន​អាពាធ​ឡើយ​។

ចំណុច​ស្នូល​ដែល​នាំ​ឱ្យ​ព្រះ​អង្គ​មាន​សុខភាព​ល្អ មាន​ឋា​ម​ពល​ខ្លាំងក្លា​រហូត​មក ព្រោះតែ​អនុវត្ត​តាម​វិធីសាស្ត្រ​៧​ចំណុច​រួច​ហើយ​។ ដូចនេះ​បើ​សាធុជន​ណា​ចង់បាន​អាយុ​វែង ចង់​មាន​សុខភាព​ល្អ ត្រូវធ្វើ​តាម​ការ​ណែនាំ ចង្អុលបង្ហាញ​របស់​ព្រះ​ភគវា​ដូច​ខាងក្រោម​នេះ ។

១-​ចេះ​ធ្វើ​សេចក្តី​សប្បាយ​ឱ្យ​ដល់​ខ្លួនឯង គឺ​អនុវត្ត​ទៅ​តាម​ក្បួន​អនាម័យ និង​ក្បួន​សុខភាព​។ ដូច​ជា​ឥរិយា​បថ​ទាំង​៤​គឺ ដេក ដើរ ឈរ អង្គុយ ត្រូវ​ផ្លាស់​ប្តូរ​ឱ្យ​បាន​សមរម្យ មានការ​ហាត់ប្រាណ​បញ្ចេញ​កម្លាំង​ទៅ​តាម​ក្បួន​លំ​ហាត់ អនាម័យ​សំអាត​ខ្លួនប្រាណ​ឱ្យ​បាន​ស្អាត​ជា​និច្ច និង​អនាម័យ​ក្នុង​ការ​បរិភោគ​អាហារ​ជាដើម ។

២-​ស្គាល់ប្រមាណ​នៅ​ក្នុង​ការ​បរិភោគ​គឺ មិន​បរិភោគ​រហូត​ដល់​ទៅ​ហល់ មើល​ទូរទស្សន៍​រហូត​ដល់​ទៅ​ព្រិល​ភ្នែក ហៀរ​ទឹកភ្នែក ផឹកស៊ី​រហូត​ដល់​ភើ ក្អួត​ចេញ​មក​វិញ​។ ម្យ៉ាងទៀត​ត្រូវ​ស្គាល់ប្រមាណ​ក្នុង​ការ​ជ្រើសរើស​របស់​យក​មក​ប្រើប្រាស់​ផង​ដែរ​។

៣-​បរិភោគ​តែ​អាហារ​ណា​ដែល​រលាយ​ងាយ​ក្រពះ​ស្រួល​កិន មិន​នាំ​ឱ្យ​ខូច​ក្រពះ និង​ទំពា​ឱ្យ​បាន​ម៉ដ្ឋ​ល្អ ។

៤-​ស្គាល់​ពេលវេលា​ក្នុង​ការ​ធ្វើការ ធ្វើ​ត្រូវ សម​ពេល​ធ្វើ មាន​ពេល​មាន​វេលា ស្គាល់​ថា គួរ​ធ្វើការ​ប៉ុន្មាន​ម៉ោង សម្រាកកាយ​ប៉ុន្មាន​ម៉ោង រៀនសូត្រ​ប៉ុន្មាន​ម៉ោង​ជាដើម ។

៥-​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​អ្នក​ដែល​ជា​គ្រហស្ថ ត្រូវ​ចេះ​កំណត់​កាមារម្មណ៍​របស់​ខ្លួន ត្រូវ​វៀរចាក​នូវ​ការ​សេពសន្ថវៈ​ខ្លះ ព្រោះ​អ្នក​ល្មោភ​ក្នុង​កាមគុណ​ពេក នឹង​នាំ​ឱ្យ​បាក់កម្លាំង ធ្វើ​កិច្ចការ​សម្រាប់​ចិញ្ចឹមជីវិត​មិន​ដំណើរការ​ល្អ ។

៦-​មាន​សីលធម៌ សុជីវធម៌​ល្អ មិន​ប្រព្រឹត្ត​ធ្វើ​អ្វី​ដែល​ខុស ។

៧-​មាន​មិត្ត​ល្អ មិត្ត​ដែល​មិន​បបួល​ទៅ​រក​អបាយមុខ​ទាំង​៤​គឺ ស្រី ស្រា ល្បែង អំពើ​ពា​លា ។

ក្រៅពី​គន្លឹះ​សំខាន់​ទាំង​៧​ចំណុច​នេះ សាធុជន​ខ្លះ​ក៏​តែង​ទទួលទាន​ថ្នាំ​ប៉ូវ ថ្នាំ​កម្លាំង ថ្នាំ​ស្រួលខ្លួន ថ្នាំ​ដើរខ្យល់ ថ្នាំ​បាយ​បាន​ថែម​ទៀត តែ​ការ​ប្រើ​ថ្នាំ​គឺ​ប្រើ​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ទៅ​បាន​ហើយ និង​ត្រូវ​ស្គាល់ប្រមាណ​នៃ​ការ​ទទួលទាន​ផង ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ