ខេត្តកំពង់ចាម​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម


ខេត្តកំពង់ចាម ៖ ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ភ្ញៀវ​ទេសចរ​ជាតិ​ទៅ​លេង​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់់​កើនឡើង​ប្រមាណ​១៧% ខណៈ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ​បន្ដិច បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ ទោះបីជា​យ៉ាងណា ដើម្បី​ស្រូប​ចំណូល​ពី​វិស័យ​នេះ សម្រាប់​ទិស​ដៅ​ក្នុង​ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ទាក់ទាញ​ឲ្យ​ភ្ញៀវ​មក​លេង​កម្សាន្ដ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

លោក ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​នា​ពេល​ថ្មី​ៗ​នេះ​ថា ខេត្ត​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​កន្លែង​ដែល​កំពុង​មាន​សក្ដានុពល​ទាក់ទាញ​ទេសចរ​មក​លេង​កម្សាន្ដ ក្នុង​នោះ​ដូច​ជា ប្រាសាទ​នគរ​បា​ជ័យ​, ភ្នំ​ប្រុស​ភ្នំ​ស្រី​, ភ្នំ​ហាន់ជ័យ​, ទឹកឆា​, ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​, ភ្នំ​ជើងព្រៃ និង​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ចំនួន​ទៀត ។

លោក​បន្ដ​ថា ៖« ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​លោក គួ​ច ចំរើន អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ទេសចរណ៍​ខេត្ត ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អភិ​វ​ឌ្ឈ​នៅ​តាម​រមណីយដ្ឋាន​នានា ឲ្យ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យ​មាន​កំណើន​ថែម​ទាំង ពិសេស​គឺ​ត្រូវ​គិតគូរ​ពី​ការ​ផ្ដល់​សេវា អនាម័យ បរិស្ថាន​ស្អាត »​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ៖« នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ឲ្យ​កាន់តែ​មាន​កំណើន​នោះ យើង​បាន​រៀបចំ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត ដោយ​មាន​រៀបចំ​ដាក់​ធុងសំរាម ដើម្បី​ឲ្យ​ភ្ញៀវ​ដែល​មក​លេង​ត្រូវ​ចោល​សំរាម​ក្នុង​ធុងសំរាម ដើម្បី​ឲ្យ​មាន​បរិស្ថាន​ស្អាត នាំ​មក​នូវ​សុខភាព​ល្អ »​។

ជាមួយ​គ្នា​នេះ ក្នុង​រដូវ​បុណ្យ​ទាន មន្ត្រី​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​រមណីយដ្ឋាន​មិន​ឲ្យ​មានការ​ឡើងថ្លៃ​ម្ហូបអាហារ​នោះ​ទេ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ មន្ទីរ​បាន​ចុះ​បង្រៀន​ដល់​ស្រុក​ចំនួន​៣ គឺ ចំការលើ កំពង់សៀម និង​ស្រុក​បា​ធា​យ ពី​របៀប​បដិសណ្ឋារកិច្ច ជាដើម ហើយ​នៅ​ឆ្នាំ​២០១៩​នេះ នឹង​គ្រោង​បង្រៀន​ដល់​ស្រុក​មួយ​ចំនួន​ទៀត​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បាន​ចំនួន​៥​ស្រុក​ដើម្បី​ឲ្យ​នៅ​តាម​ផ្ទះសំណាក់ សណ្ឋាគារ យល់​ដឹង​កាន់តែ​ប្រសើរ និង​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ពេញចិត្ត ។

បើ​តាម​តួលេខ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត ភ្ញៀវ​ជាតិ​ដែល​មក​លេង​កម្សាន្ដ​ក្នុង​ខេត្តកំពង់ចាម​កាលពី​ឆ្នាំ​២០១៨ មាន​ចំនួន​៥០៤.៤៨២​នាក់ បើ​ធៀប​ឆ្នាំ​២០១៧ មានការ​កើនឡើង​១៧%​។ ចំណែក​ភ្ញៀវ​អន្តរជាតិ​វិញ​មាន​ចំនួន​១៥.៦២៩​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​ថយ​ចុះ​៥% ។
សម្រាប់​រមណីយដ្ឋាន​ដែល​ទាក់ទាញ​ទេសចរ​បំផុត គឺ​កោះ​ប៉ែន មាន​ភ្ញៀវ​អន្តរជាតិ​បាន​ជិះ​កង់​ទៅ​លេង​រាល់ថ្ងៃ ហើយ​មន្ទីរ​ក៏​នឹង​រៀបចំ​បោះ​សៀវភៅ​ម​គ្គុ​ទេស​ទេសចរណ៍ ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ស្គាល់​ពី​ភូមិសាស្ត្រ​ដែល​មាន​ដាំ​បន្លែបង្កា​ធម្មជាតិ និង​មាន​កិច្ចការ​សហការ​ជាមួយនឹង​មន្ទីរ​កសិកម្ម​ខេត្ត​ផង​ដែរ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​កសិករ លក់​កសិផល​បាន​ចំណូល​ក្នុង​គ្រួសារ ។

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ លើក​ឡើង​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត នៅ​តាម​រមណីយដ្ឋាន​នានា គួរ​យកចិត្តទុកដាក់​លើ​ការ​ការពារ និង​ការ​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ស្អាត ព្រោះ​សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ ។ ជាមួយ​គ្នា​នេះ ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សហគមន៍​ទេសចរណ៍​ត្រូវ​ជួយ​ជំរុញ​បន្ថែម​លើ​ការ​ផលិត​នូវ​វត្ថុ​អនុស្សាវរីយ៍​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ ព្រោះ​ថាបើ​ក្រឡេក​មើល​ទីផ្សារ​ភាគច្រើន​ជា​ផលិត ផល​ដែល​នាំ​ចូល ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ