អ្នក​បាន​មក​មើល​ប្រាសាទ​នេះ​ពិតជា​សរសើរ​គ្រប់​ៗ​គ្នា


ខេត្តសៀមរាប ៖ ប្រាសាទភ្នំបាខែង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​សម្រាប់​ការ​ចូល​មក​ទស្សនា​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប​សម្រាប់​ទៅ​ទស្សនា​ពេល​ថ្ងៃ​រះ និង​ថ្ងៃ​លិច ។ ហើយ​ភ្នំ​បាខែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​ទៅ​ប្រាសាទអង្គរវត្ត​នៃ​ពាក់​កណ្តាលផ្លូវ​ទៅ​ប្រាសាទបាយ័ន ហើយ យើង​ក្រឡេក​មើល​ខាងឆ្វេង​ដៃ​ឃើញ​ភ្នំ​បាខែង ។

លោក ឡុ​ង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​នាំ​គ្នា​ឡើង​មក​លើ​ភ្នំ​បាខែង​នេះ​ក្នុង​គោលបំណង​មើល​ថ្ងៃ​លិច​ផង និង​មក​មើល​ប្រាសាទ​ផង ប៉ុន្តែ​សម្រាប់​ការ​ឡើង​ទៅ​លើ​ប្រាសាទ​ទស្សនា​ថ្ងៃ​លិច បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​កំណត់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចំនួន​តែ​៣០០​នាក់​ទេ ដែល​ឡើង​ទៅ​លើ​កំពូល​ប្រាសាទភ្នំបាខែង ក្នុង​ពេល​ទស្សនា​ម្ដង​ៗ ខណៈ ដែល​ភ្ញៀវ​ទេសចរណ៍​ដទៃ​ទៀត​ដែល​ចង់​ឡើង​ទៅ​ទស្សនា​នៅ​កំពូល​ប្រាសាទភ្នំបាខែង​ដែរ​នោះ គឺ​ត្រូវ​រង់ចាំ​ដល់​ពេល​ដែល​អ្នក​ឡើង​មុន​ៗ​ចុះ​មក​វិញ​ទើប​អាច​អនុញ្ញាត​ឱ្យ​អ្នក​ថ្មី​ឡើង​បន្ត​ទៀត​បាន ឬ​អាច​មើល​ថ្ងៃ​លិច​ត្រឹម​កំពូលភ្នំ​បាន​ដោយ​អាជ្ញាធរ​អប្សរា​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​មើល​ថ្ងៃ​លិច​បាន​ដោយ​មិនបាច់​ឡើង​ទៅ​ដល់​លើ ប្រាសាទ​ក៏​បាន ។

លោក ឡុ​ង កុសល បាន​បញ្ជាក់​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៣​រសៀល​រហូត​ទៅ​ដល់​ម៉ោង​៥​ល្ងាច​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​តែង​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូលភ្នំ​បាខែង ហើយ​កម្លាំង​របស់​អាជ្ញាធរ​អប្សរា​បាន​រាយ​បណ្ដាក់​គ្នា​ពិនិត្យ​សំបុត្រ និង​រាប់​ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​ឡើង​ទៅ​លើ​កំពូលភ្នំ​បាខែង​ចាប់​តាំង​តែ​ពី​ជើងភ្នំ​រហូត​ទៅ​ដល់​ជើង​ជណ្ដើរ​នៃ​ប្រាសាទបុរាណ ។ រីឯ​នៅ​ជើង​ជណ្ដើរ​នៃ​ប្រាសាទភ្នំបាខែង គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ជិត​១​ពាន់​នាក់​ដែល​ឈរ​តម្រង់​ជួរ ដើម្បី​រង់ចាំ​ឡើង​ទៅ​ទស្សនា​នៅ​លើ​កំពូលភ្នំ ហើយ​មាន​មូលហេតុ​ជា​ច្រើន​ដែល​អាជ្ញាធរ​អប្សរា​បាន​កំណត់​ចំនួន​ភ្ញៀវ​ឱ្យ​ឡើង​ទៅ​ទស្សនា​ប្រាសាទភ្នំបាខែង​នេះ ។ ជា​ពិសេស គឺ​ប៉ះពាល់​ដល់​ប្រាសាទ និង​ការ​អភិរក្ស ។

លោក សុវណ្ណ ជាម​គ្គុ​ទ្ទេស​ទេសចរណ៍​ភាសា​អង់គ្លេស​ម្នាក់​ដែល​បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ឡើង​ទៅ​ទស្សនា​នៅ​លើ​ប្រាសាទភ្នំបាខែង​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ប្រាសាទភ្នំបាខែង គឺជា​ប្រាសាទ​ដ៏​មាន​ចំណាស់​ជាងគេ នៅ​ក្នុង​ចំណោម​ប្រាសាទ​ទាំងឡាយ​របស់​អតីត​រាជធានី​អង្គរ ហើយ​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​ចិត្ត​ឡើង​ទៅ​មើល​ប្រាសាទភ្នំបាខែង គឺ​ដោយសារ​តែ​ភាព​ទាក់ទាញ​ច្រើន​យ៉ាងដូច​ជា ទេសភាព​នៅ​ពេល​ព្រះអាទិត្យ​រៀប​លិច និង​អាច​មើលឃើញ​ទេសភាព​ជា​ច្រើន នៅ​ជុំវិញ​ទីក្រុង​អង្គរ​យ៉ាង​ច្បាស់​ផង ។

កញ្ញា លី សៀ​ហួ ជា​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ឡើង​ទៅ​ទស្សនា​ថ្ងៃ​លិច​នៅ​លើ​ភ្នំ​បាក់​ខែង​នេះ​បាន​ថ្លែង​ថា កញ្ញា​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទិដ្ឋភាព​នៅ​លើ​ភ្នំ​បាក់​ខែង​នេះ​ដូច​ជា ពេល​ឡើង​ដល់​លើ​ប្រាសាទ​អាច​មើលឃើញ​កំពូល​ប្រាសាទ​អង្គរ​លាយឡំ​ជាមួយ​ដើមឈើ​ដ៏​ស្រស់​ស្អាត​បំព្រង​អាច​មើលឃើញ​ថ្ងៃ​រៀប​លិច ហើយ​ពន្លឺ​ពណ៌​ក្រហម​របស់​ព្រះអាទិត្យ​ចាំង​មក​លើ​ប្រាសាទ​ដ៏​ស្រស់​ស្អាត ដែល​នេះ​ជា​ទេសភាព​មួយ​កម្រ​បានឃើញ​សម្រាប់​កញ្ញា ។

សូម​បញ្ជាក់​ថា ភ្នំ​បាខែង​មាន​កម្ពស់​ប្រវែង​៦៥​ម៉ែត្រ​នៅ​លើ​ភ្នំ​មាន​ប្រាសាទបុរាណ​តំណាង​ឱ្យ​ភ្នំ​កៃលាស សម្រាប់​ឧទ្ទិស​ថ្វាយ​ព្រះ​សិវៈ​ដែល​ជា​អ​ទិ​ទេព​នៃ​ព្រហ្មញ្ញសាសនា​កសាង​ដោយ​អតីត​ព្រះមហាក្សត្រ​ព្រះ​នាម​យ​សោរ​វរ្ម័ន​នៅ​ចន្លោះ​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ នៃ​គ្រិស្តសករាជ ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ