ហេតុ​អ្វី​បានជា​ជនបរទេស​ទៅ​ទស្សនា​សហគមន៍​អណ្ដូង​ឫស្សី ?


ខេត្តកំពង់ឆ្នាំង ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ចូល​ដល់​រដូវប្រាំង ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅ​ទស្សនា​នៅ​សហគមន៍​ទេសចរណ៍​អណ្តូង​ឫស្សី ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ ដោយ​ទទួល​បាន​ចំណូល​ពី​ការ​លក់​ផលិតផល​ទេសចរណ៍ និង​ការ​ផ្ដល់​សេវាកម្ម​ផ្សេង​ៗ​ទៀត ។

សហគមន៍​ទេសចរណ៍​នេះ ស្ថិត​ក្នុងភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​មានមុខ​របរ​ប្រពៃណី​តាំងពី​បរម​បុរាណ​មក និង​មាន​ទេសភាព​ស្រស់​ស្អាត​ធំ​ល្វឹងល្វើយ​គួរ​ឲ្យ​គយគន់ ។ តាម​ការ​រៀបរាប់​ពី​លោក អុំ សារី ប្រជា​សហគមន៍​នេះ បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ចាប់ពី​ដើម​ខែមករា ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ចូល​មក​ទស្សនា​ក្នុង​សហគមន៍​នេះ មានការ​កើនឡើង​គួរ​កត់សម្គាល់ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្ដ​ទូ​រី​ស​ពី​៤​ទៅ​៥​គ្រឿង និង​មាន​ភ្ញៀវ​ប្រមាណ​ពី​៤០​ទៅ​៥០​នាក់​ដែរ​ដែល​មក​ទស្សនា​នៅ​តំបន់​នេះ ហើយ​ថ្ងៃ​ខ្លះ​គឺ​មាន​ដល់​ទៅ​២​ទៅ​៣​ជើង​ឯណោះ ។

លោក​បន្ដ​ថា ៖« សហគមន៍​អណ្ដូង​ឫស្សី នេះ​មាន​ផលិតផល​ទេសចរណ៍​ជា​ច្រើន​ដែល​បាន​និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយ​ក្នុង​នោះ​ពួក​គេ​បាន​មក​ឈ្វេងយល់​ពី​របៀប​រស់នៅ​របស់​ប្រជា​សហគមន៍ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​បែប​សាមញ្ញ និង​ទៅ​តាម​ប្រពៃណី​ពី​ដូនតា​មក ដូច​ជា ការ​ឡើងត្នោត ការ​ស្មូនឆ្នាំង និង​ការ​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជាដើម »​។

លោក អុំ សារី បន្ដ​ថា ៖« ចំណែក​ផ្ទះ​ខ្ញុំ ក៏​មាន​ភ្ញៀវ​បរទេស​ចាប់អារម្មណ៍​ដែរ ដោយពេល​មក​ដល់ គឺ​មគ្គទេសក៍​ទេសចរណ៍​បាន​ណែនាំ​ភ្ញៀវ​អំពី​មុខរបរ​ឡើងត្នោត​, បង្ហាញ​ពី​គុណសម្បត្តិ​នៃ​ដើម​ត្នោត​, ការ​យក​ទឹកត្នោត​មក​រំងាស់​ជា​ស្ករ បង្ហាញ​ពី​ស្លឹក​ត្នោត​សម្រាប់​ប្រក់ផ្ទះ និង​ផ្លែ​ត្នោត​ខ្ចី​សម្រាប់​ទទួលទាន និង​ត្នោត​ទុំ​សម្រាប់​ធ្វើ​នំ​ជាដើម ។ ជាង​នេះ​ទៅ​ទៀត មគ្គទេសក៍​ទេសចរណ៍​ក៏​បាន​បង្ហាញ​អំពី​ក្រមា​ខ្មែរ ដែល​អាច​ស្លៀក​ចងក្បិន ក្រវាត់​ចង្កេះ ជួតក្បាល ពានា និង​ចង​ជា​អង្រឹង​ឲ្យ​កូន​ក្មេង​ជាដើម »​។ លោក​ថា ៖« សម្រាប់​ខ្ញុំ​គឺ​រក​ចំណូល​តាម​រយៈ​ការ​ឡើងត្នោត​ឱ្យ​ភ្ញៀវ​មើល និង​ចុះ​មក​វិញ​ដាក់​ទឹកត្នោតផ្អែម​ឲ្យ​ភ្ញៀវ​ពិសា ហើយ​មើលទៅ​ពួក​គេ ពិតជា​រីករាយ​មែនទែន​នៅ​ពេល​បានឃើញ​ជីវិត​រស់នៅ​បែប​សាមញ្ញ​របស់​កសិករ​ខ្មែរ ដែល​ពួក​គេ​មិន​ដែល​ជួប​ប្រទះ ពិសេស​គឺ​រសជាតិ​ទឹកត្នោត​ដែល​អប់​បំពុង​ថ្មី​ៗ »​។

ទន្ទឹម​នឹង​នេះ លោក​បន្ថែម​ថា ៖« មាន​ភ្ញៀវ​ខ្លះ​ចង់​សាក​ស្លៀក​សារុង​ចោមពុង ចំណែក​បុរស​ចង់​ក្រវាត់​ក្រ​ម៉ា សៀតកាំបិត​ត្នោត និង​រែក​បំពង់​ទឹកត្នោត ដើម្បី​ថតរូប​ភាព ទុកជា​អនុស្សាវរីយ៍​ទៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​វិញ​ជាដើម » ។ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​សហគមន៍​ឯទៀត សូម​ចូលរួម​កែ​ច្នៃ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ដើម្បី​រក​ចំណូល​ផង​ដែរ ដោយ​គ្រាន់តែ​ចេះ​រៀបចំផ្ទះ​សម្បែង​ឲ្យ​ស្អាត មាន​អនាម័យ​ល្អ និង​ផ្ដល់​ស្នាមញញឹម​ដល់​ពួក​គេ នោះ​យើង​នឹង​ទទួលផល​ពី​វិស័យ​បដិសណ្ឋារកិច្ច​នេះ​មិន​ខាន ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង លោក សេង សាលី បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ចាប់ផ្តើម​កើនឡើង​នៅ​ពេល​រដូវប្រាំង​ចូល​មក​ដល់ ពិសេស​ចាប់ពី​ខែមករា​មក ដោយ​សង្កេត​ឃើញ មាន​កប៉ាល់​ធំ​ៗ​បាន​មក​សំចត​នៅ​កំពង់​ផែ​ផ្សារ​ក្រោ​ជា​ហូរហែ ។ លោក​បន្ដ​ថា ៖« ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ បាន​នាំ​មក​នូវ​ចំណូល​យ៉ាងច្រើន​សម្រាប់​សហគមន៍ ព្រមទាំង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ »​។

ដូច្នេះ​ក្នុង​នាំ​អាជ្ញាធរ​មូលដ្ឋាន លោក​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​សូម​ចូលរួម​បង្កើត​ផលិតផល​ថ្មី​ៗ​បន្ថែម​ទៀត ពិសេស​ចេះ​រៀបចំ​លំនៅ​ឋាន​ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​ទាក់​ទាក់​ចំណាប់អារម្មណ៍​ភ្ញៀវ ។
លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​កន្លង​មក​ថា ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរ​បរទេស​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គួរ​ជួយ​ជំរុញ​លើ​ការ​កែ​ច្នៃ​ផលិត​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ដោយ​មិន​គ្រាន់តែ​ឲ្យ​ភ្ញៀវ​មក​ទស្សនា​ប្រាសាទអង្គរវត្ត រួច​ត្រឡប់​ទៅ​ស្រុក​គេ​វិញ​នោះ​ទេ ។ ទន្ទឹម​នឹង​នេះ ត្រូវ​ចូលរួម​ផលិត​នូវ​វត្ថុ​អនុស្សាវរីយ៍​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ ដោយសារ​តែ​បច្ចុប្បន្ន​បើ​ក្រឡេក​មើល​វត្ថុ​អនុស្សាវរីយ៍​នៅ​លើ​ទីផ្សារ​ភាគច្រើន​ជា​ផលិតផល​នាំ​ចូល ។

ក្រសួងទេសចរណ៍​រំពឹង​ថា កម្ពុជា នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្ដរ​ជាតិប្រមាណ​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ និង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់ ។ ក្នុង​ឆ្នាំ​២០៣០ កម្ពុជា​ក៏​គ្រោង​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន​១៥​លាន​នាក់ ដោយ​រំពឹង​លើ​ចំណូល​ពី​វិស័យ​នេះ ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ការងារ​ប្រមាណ​២​លាន​នាក់​ជូន​ពលរដ្ឋ​ក្នុងស្រុក ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ