ហ៊ឺ​ម​ពេល​ហ្នឹង​…​ភ្ញៀវ​ការ​ព្រលឹង​ចុង​សក់​រត់​យ៉ាងណា​ខ្លះទៅ?


ខេត្តបាត់ដំបង ៖ ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់ដែល​ស្លៀកពាក់​ស្អាតបាត ​មក​ចូលរួម​ក្នុង​ពិធីជប់លៀង​មង្គល​ការ​មួយ បាន​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​ប្រសាច​ ពេល​កំពុង​ឆ្ងាញ់​មាត់​នឹង​មុខម្ហូប​ជា​ច្រើន​ត្រៀបត្រា​លើ​តុ និង​ខ្លះ​កំពុង​ក្រេប​ភេសជ្ជៈ​យ៉ាង​ឆ្ងាញ់​ពិសា​នោះ ។ ការ​រត់ទាំង​ព្រលឹង​ចុង​សក់​នេះ ដោយសារ​តែ​ស្រប​ពេល​គ្ នា​ដែល​មាន​ភ្លៀង​ធ្លាក់ ស្រាប់តែ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យ​រោង​ជ័យ​ប៉ើង​ខ្ទាត​ខ្ទេចខ្ទី និង​តុ កៅអី ព្រមទាំង​ម្ហូប​ក្នុង​ចាន​ក៏​ចាក់ចោល​ពេញ​ដី ។ ចំណែក​ភ្ញៀវ​ដែល​មក​ចូលរួម​វិញ ព្រលឹង​ចុង​សក់​គ្រប់​គ្នា នាំ​គ្នា​រត់​យករួចខ្លួន​តែ​រៀង​ៗ​ខ្លួន​ធ្វើ​ឱ្យ​តុ កៅអី​ដួល​រដូករណែល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។ តាម​ប្រភព​ព័ត៌មាន​ថា រោងការ​២​ឯណោះ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ ។
មិន​មាន​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បង្ហាញ​ឱ្យ​ស្គាល់​កូនកំលោះ ក្រមុំ​នោះ​ទេ ។ ទោះជា​បែប​ណា​ក្តី នេះ​ជា​គ្រោះ​ធម្មជាតិ​មិន​អាច​ធ្វើ​ឱ្យ​រង្គោះរង្គើរ​ដល់​មន្ត​ស្នេហ៍​រវាង​ពួក​គេ​ទាំង​២​ឡើយ ។

គេ​និយាយ​ថា ចាប់ពី​ខែ​ក្រោយ​នេះ​ទៅ​មង្គលការ​ក្តី ឬ​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​ក្តី​តែង​ប្រឈម​នឹង​ធាតុអាកាស​មិន​ទៀងទាត់​ឡើយ ដែល​កន្លង​មក​រោង​ជ័យ​ខ្លះ​ត្រូវ​ទឹកភ្លៀង​ជន់​លិច ឬ​ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ ។
ជាមួយ​គ្នា​នេះ​យ៉ាង​ហោច​ណាស់​ក៏​មាន​សាលារៀន​១​ខ្នង និង​លំនៅ​ឋាន​ប្រមាណ​ជាង​១៥០​ខ្នង​ទៀត​បាន​រង​ការ​ខូចខាត​ដោយសារ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​នា​រដូវប្រាំង ដែល​បាន​វាយប្រហារ​ទៅ​លើ​ស្រុក​ចំនួន​២​ក្នុង​ពេល​តែ​មួយ កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ខេត្តបាត់ដំបង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ។

បើ​តាម​សេចក្ដីរាយការណ៍​ជាបឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ដែល​មាន​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំងក្លា​ផង បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ស្រុក​សំពៅ​លូន និង​ស្រុក​គាស់​ក្រឡ ប៉ុន្តែ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​លំនៅ​ឋាន​អ្នកស្រុក​នៅ​ស្រុក​សំពៅ​លូន ។ បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ស្រុក​គាស់​ក្រឡ​បាន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នេះ​ចំនួន​២​ថ្ងៃ​ផ្ទួន​ៗ គឺ​នៅ​រសៀល​ថ្ងៃ​ទី​២៣ និង​ទី​២៤ កុម្ភៈ ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​អស់​ជិត​១០​ខ្នង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​ខូចខាត​ផលដំណាំ​អ្វី​ទេ ។

ដោយ​ឡែក​នៅ​ឯ​ស្រុក​សំពៅ​លូន​វិញ ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ខណ​:​មាន​ភ្លៀង​ធ្លាក់​ច្រើន​គួរសម​ផង ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្យល់ព្យុះ​ខុសរដូវ​នេះ​បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ឃុំ​ចំនួន​៣ នៅ​ស្រុក​សំពៅ​លូន គឺ​ឃុំ​ជ្រៃ​សី​ម៉ា​, ឃុំ​សិរី​មា​ជ័យ និង​ឃុំ​សន្តិភាព ។ បើ​តាម​របាយ​ការ​ណ៏​បឋម​បាន​ឲ្យ​ដឹង​ថា សាលា​បឋម​សិក្សា​មួយ​ខ្នង​ត្រូវ​ប៉ើង​ដំបូល និង​លំនៅ​ឋាន​ប្រមាណ​ជាង​១៥០​ខ្នង បាន​រង​ការ​ខូចខាត ក្នុង​នោះ​លំនៅ​ឋាន​ចំនួន​១៥​ខ្នង​ខូចខាត​ទាំងស្រុង ក្រៅពី​នេះ​របើក​ដំបូល​និង​ជញ្ជាំង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពលរដ្ឋ​នៅ​ឃុំ​សន្តិភាព ហាក់​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​គ្រោះ​ធម្មជាតិ​នេះ ថែម​ទាំង​ប៉ើង​រោង​មង្គលការ​អស់​ចំនួន​២​កន្លែង​ផង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ លោក ងាវ ប៊ុ​ន​យាង អភិបាលស្រុក​សំពៅ​លូន មិន​បាន​បំភ្លឺ​ទេ​ជុំវិញ​គ្រោះ​មហន្តរាយ​ខាងលើ​នេះ ដោយ​លោក​គ្រាន់តែ​ប្រាប់​យ៉ាង​ខ្លី​ថា លោក​កំពុង​ជាប់​ប្រជុំ តែ​មន្ត្រី​របស់​លោក​បាន​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ហើយ ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង បាន​ជួប​គ្រោះ​ធម្មជាតិ​នា​រដូវ​ប្រាំង​នេះ ។ លើក​ទី​១ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​ភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំ​រៀង ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​អស់​ចំនួន​២១​ខ្នង ក្នុង​នោះ​ខូចខាត​ឃ្លាំង​ស្ដុក​កសិផល​ដ៏​ធំ​១​ខ្នង​ធ្ងន់ធ្ងរ​ជាងគេ ។ លុះ​នៅ​លើក​ទី​២ នេះ​បាន​ប៉ះពាល់​ទៅ​លើ​ស្រុក​សំពៅ​លូន និង​ស្រុក​គាស់​ក្រឡ ដែល​នាំ​ឲ្យ​ខូច​ខាត​លំនៅ​ឋាន​យ៉ាងដំណំ ។ ទោះ​យ៉ាងណា​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​បាន​និង​កំពុង​ចុះ​ត្រូ​ត​ពិនិត្យ​វាយ​តំលៃ​អំពី​ការ​ខូចខាត​នេះ​ហើយ ដើម្បី​សង្គ្រោះ​បឋម​ដល់​គ្រួសារ​រង​គ្រោះ​ទាំងនោះ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ