ដឹង​ពី​ឆន្ទៈ​គ្រូបង្វឹក​ ហ៊ុន ចាន់​រាជ មិន​សរសើរ​មិន​បាន


រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ម៉ោង​នេះ កូន​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក លោក ហ៊ុន ចាន់​រាជ បាន​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ពី​ក្បាច់គុន​របស់​ខ្មែរ​កាន់តែ​ខ្លាំង តាម​រយៈ​ការ​បង្កើត​ក្លិប​ទទួល​សិស្ស​ឱ្យ​ហ្វឹកហាត់ ហើយ​បញ្ជូន​ចេញ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​ផ្សេង​ៗ​ធ្វើ​ឱ្យ​ពិភពលោក​ដឹង​ថា កម្ពុជា​ក៏​មាន​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ធំ​ៗ​ ។

លោក​គឺជា​ស្ថាបនិក​ក្រុម Cambodian Top Team (CTT) ដែល​បាន​ប្រកាស​ជា​រឿយ​ៗ​ថា
ការ​បង្កើត​ក្រុម​នេះ​ព្រោះតែ​ក្នុង​គោលបំណង​បង្កើត​ចលនា​ក្បាច់គុន​ចម្រុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​កីឡាករ​ក្មេង​ៗ​ឲ្យ​បាន​ល្បីឈ្មោះ លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឱ្យ​បង្ហាញ​សមត្ថភាព​ ។

លោក ហ៊ុន ចាន់​រាជ ធ្លាប់​អះអាង​ថា លោក​គឺជា​អ្នក​ប្រដាល់ និង​បាន​ស្គាល់​ច្បាស់​ពី​តម្លៃ​នៃ​ក្បាច់គុន​នេះ ទើប​៧​ឆ្នាំ​ក្រោយ​ត្រឡប់​មក​កាន់​ទឹកដី​កម្ពុជា លោក​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កសាង​ទម្រង់​មួយ​ដែល​ជួយ​កីឡាករ​ខ្មែរ​ជំនាន់​ក្រោយ​ជា​ច្រើន​ឲ្យ​ចាប់ផ្តើម​រះ​ឡើង​ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ចម្រុះ (MMA)​។

ក្នុង​នាម​ជា​អ្នកដឹកនាំ​ក្រុម CTT ដ៏​ល្បីល្បាញ និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​ដែល​ទើប​សម្ពោធ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​កាន់តែ​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​ក្នុង​វិស័យ​ក្បាច់គុន​របស់​ខ្មែរ​ដែល​ជា​មូលដ្ឋាន​ពោរពេញ​ទៅ​ដោយ​អ្នកមាន​សមត្ថភាព និង​ទេព​កោសល្យ ដើម្បី​បង្ហាញ​ដល់​អន្តរជាតិ ។

កូនសិស្ស​របស់​លោក​ជា​ច្រើន​រូប​ដែល​ទទួល​ការ​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​របស់​លោក សុទ្ធសឹងតែ​មាន​កិច្ចសន្យា​ជាមួយ​ស្ថាប័ន​ប្រដាល់​ពិភពលោក ONE Championship ហើយ​កីឡាករ​ទាំងនោះ​មិន​ថា​ប្រុស ឬ​ស្រី គឺ​សុទ្ធតែ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​លើ​សង្វៀន​អន្តរជាតិ​ក្រៅប្រទេស ។

ពួកគេ​ត្រូវ​បាន​ចូលរួម​ប្រកួត​លើ​សង្វៀន​ជុំវិញ​ពិភពលោក និង​បាន​នាំ​យកជ័យ​ជម្នះ​យ៉ាង
ក្រាស់ក្រែល​មក​ឲ្យ​កម្ពុជា​វិញ​ដែល​ធ្វើ​ឱ្យពិភពលោក​មានការ​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង ។

ស្ថាបនិក CTT រូប​នេះ​រំលឹក​ពេល​សាកល្បង​នាំ​យក​កីឡាប្រដាល់​គុន​ចម្រុះ​ដំបូង​ថា ​៖«​ពេល​ខ្ញុំ​មក​ទី​នេះ​ដំបូង​ពួក​គេ​មិន​ស្គាល់​ថា ប្រដាល់​គុន​ចម្រុះ Mixed Martial Arts ជា​អ្វី​នោះ​ទេ ។ ខ្ញុំ​ពិតជា​ពិបាក​ណាស់​ពេល​ព្យាយាម​ប្រាប់​ពួក​គេ​ថា​ក្បាច់គុន​ចម្រុះ​គឺជា​កីឡា ហើយ​វា​មិន​ដូច​ការ​វៃ​៉​តប់​គ្នា​តាម​ដងផ្លូវ​នោះ​ទេ ។ យើង​ខំ​ពន្យល់​ពួក​គេ និង​បាន​បង្រៀន​ពួក​គេ​ទាក់ទង​នឹង​គុន​ចម្រុះ MMA ថា តាម​ពិត​វា​មាន​សុវត្ថិភាព​ជាង​កីឡាប្រដាល់​ធម្មតា ឬ​ការ​ប្រដាល់​គុន​ខ្មែ​របស់​យើង​ទៅ​ទៀត ។ និយាយ​ទៅ​ទម្រាំ​ពួក​គាត់​យល់​ត្រូវ​ចំណាយពេល​យូរ​ដែរ​»​។

បច្ចុប្បន្ន លោក ហ៊ុន ចាន់​រាជ កាន់តែ​មើលឃើញ​អនាគត​ដ៏​ត្រចះត្រចង់​មួយ​សម្រាប់​កីឡាករ​កម្ពុជា​ដែល​មាន​ឆន្ទៈ និង​បាន​គិត​ថា កម្ពុជា​នឹង​មាន​ពេលវេលា​ដ៏​អស្ចារ្យ​ច្រើន​ទៀត​ដើម្បី​បង្អួត​ភ្នែក​មហាជន ជា​ពិសេស​គឺ​ពិភពលោក ។ ដោយសារ​តែ​វត្តមាន​របស់​លោក​ដែល​ចុះ​មក​បង្ហាត់ និង​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​អន្តរជាតិ ហើយ​បាន​បញ្ជូន​កីឡាករ​ក្មេង​ៗឱ្យទៅ​ប្រកួត​ជា​ហូរហែ​ជាមួយ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ទើប​ក្នុង​រយៈពេល​មុន​ស្ថាប័ន One FC បាន​ចុះ​មក​បើក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ត្រូវ​ទទួលស្គាល់​ថា​ជា​ប្រទេស​មួយ​ដែល​មាន​គ្រឹះ​កីឡាករ​ល្អ​ៗ​សម្រាប់​ព្រឹត្តិការណ៍​គុន​ចម្រុះ​ដ៏​ពេញ​និយម​នៅ​លើ​ពិភពលោក ៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ