រក​ឯណា​បាន ! បាន​ទាំង​អាហារូប​ករណ៍ និង​ក្របខ័ណ្ឌ​មន្ត្រី​យោធា​ព្រោះ​កីឡា


រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា​ប៉េតង់​អស់​រយៈពេល​ជិត​៥​ឆ្នាំ​កីឡាការិនី​ជម្រើសជាតិ​ស្រ៊ា​ង សុ​រ៉ា​ឃី​ម បាន​សាង​ស្នាដៃ​ជា​ច្រើន​ទាំង​នៅ​លើ​ឆាក​ជាតិ​និង​អន្តរជាតិ ។ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​នេះ បាន​ជួយ​ឱ្យ​កីឡាការិនី​រូប​នេះ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​សង្គម រហូត​ទទួល​បាន​អាហារូបករណ៍​១០០%​ពី​សាកលវិទ្យាល័យ​មួយ​និង​ទទួល​បានការ​ងារ​ជា​មន្ត្រី​យោធា​ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ​ទៀត​ផង​។

ស្រ៊ា​ង សុ​រ៉ា​ឃី​ម ដែល​បាន​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា​ប៉េតង់​តាំងពី​ឆ្នាំ​២០១៤​មក​មិន​ត្រឹមតែ​ជួយ​លើក​ស្ទួយ​កិត្តិយស​ខ្លួនឯង ឱ្យ​មានកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​គ្រួសារ​រស់​ក្នុង​ជីវភាព​ធូរធារជាង​មុន​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​តាមរយៈ​ស្នាដៃ​ដែល​នាង​ដណ្ដើម​បាន​ជួយ​ឱ្យ​នាង​មាន​គេ​ស្គាល់​ច្រើន​ជា​ពិសេស​មន្ត្រី​ដែល​មាន​ថា​នៈ ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​បាន​ជួយ​នាង​តាម រយៈ​ការ​ផ្ដល់​អាហារូបករណ៍​ឱ្យ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដោយ​ឥត​បង់ប្រាក់ ជា​ពិសេស​ក្របខ័​ណ្ឌ​មន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ​ដែល​នាង​ធ្លាប់​ស្រមៃ​ចង់​បានជា​យូរ​មក​ហើយ​ ។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កញ្ញា ស្រ៊ា​ង សុ​រ៉ា​ឃី​ម ប្រាប់​ថា សមិទ្ធផល​ទាំងនេះ​កើតឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់ គឺ​បន្ទាប់​ពី​នាង​ដណ្ដើម​បាន​មេដាយ​ប្រាក់​ក្នុងព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នៅ​ប្រទេស​បែក​ហ្សុ​ិ​ក កាលពី​ខែមេសា ឆ្នាំ​២០១៧ ក្នុង​ពេល​កីឡាការិនី​អ៊ុ​ក ស្រី​មុំ ដណ្ដើម​បាន​មេដាយមាស និង​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៧ ។

កីឡាការិនី​វ័យ​២០​ឆ្នាំ​រូប​នេះ​បន្ត​ថា សព្វថ្ងៃ​នាង​ជា​និស្សិត​ឆ្នាំ​ទី​២​មុខ​ជំនាញ​គ្រប់គ្រង​។​ចាប់តាំងពី​នាង​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​ជា​ច្រើន​ឆ្នាំ​មកនេះ ក្រៅពី​ដណ្ដើម​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក នៅ​មាន​មេដាយ​ជា​ច្រើន​ទៀត​ដូច​ជា​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០១៥​ដណ្ដើម​បាន​មេដាយ​ប្រាក់​១​និង​សំរឹទ្ធ​៣ ។ ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ប្រទេស​ឡាវ​ឆ្នាំ​២០១៦​ដណ្ដើម​បាន​មេដាយមាស​១​។

ប្រកួត​ជើងឯក ​Asia Beach Games​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​ដដែល​ដណ្ដើម​បាន​មេដាយមាស​១ ។ មេដាយ​សំរឹទ្ធ​២​ពី​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​មី​យ៉ា​ន់​ម៉ា និង​ម៉ា​ឡេ​ស៊ីក្នុង​ឆ្នាំ​២០១៧ និង​ចុងឆ្នាំ​២០១៨​ដណ្ដើម​បាន​មេដាយមាស​១ និង​ប្រាក់​២​គ្រឿង​ពី​ព្រឹត្តិការណ៍​ជើងឯក​និស្សិត​អាស៊ាន​ដែល​រៀបចំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ​។

ស្រ៊ា​ង សុ​រ៉ា​ឃី​ម បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា​ទោះបី​នាង​ដណ្ដើម​បាន​មេដាយ​ច្រើន​មក​ជូន​ជាតិ ក៏​នាង​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​មិន​ខ្លាច​នឿយហត់​ឡើយ ដោយសារ​នាង​នៅ​តែ​មាន​មហិច្ឆតា​ធំធេង​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​ឱ្យ​បាន​ច្រើន​ជាង​នេះ និង​ចង់​ក្លាយជា​កីឡាការិនី​ដែល​មានឈ្មោះ​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ដូចវីរ​កីឡាការិនី​កែ ឡេ​ង ដែរ ៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ