ព្រះ​ចៅ​អធិរាជ​ថ្មី​ឡើង​គ្រងរាជ្យ ជប៉ុន​សន្យា​លើក​ស្ទួយ​ទំនាក់ទំនង​ជាមួយ​កម្ពុជា


ជប៉ុន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ដំណើរការ​លូតលាស់​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ហើយ​សន្យា​លើក​ស្ទួយ​ទំនាក់ទំនង​នេះ ខណៈ​ដែល​ព្រះ​ចៅ​អធិរាជ​ថ្មី​បាន​ឡើង​គ្រងរាជ្យ​នៅ​ថ្ងៃនេះ ។ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និ​យា​ថា «​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ឡើង​គ្រងរាជ្យ​របស់​ព្រះករុណា ណា​រូ​ហ៊ី​តូ ព្រះ​ចៅ​អធិរាជ​ជប៉ុន ។​»

លោក​បាន​និយាយ​រំលឹក​ថា ទំនាក់ទំនង​រវាង​ព្រះរាជ​វង្សានុវង្ស​កម្ពុជា និង​ជប៉ុន បាន​ចាប់ផ្តើម​កំឡុង​ពេល​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ​ព្រះមហាក្សត្រ​កម្ពុជា​បាន​យាង​ទៅ​កាន់​ប្រទេស​ជប៉ុន នៅ​ឆ្នាំ​១៩៥៣ ។ បន្ទាប់​មក​ព្រះរាជ​វង្សានុវង្ស​នៃ​ប្រទេស​ទាំង​ពីរ​បាន​យាង​បន្ត​ផ្លាស់​ប្តូរ​ទំនាក់​ទំនងជា​ញឹកញាប់ ។ នៅ​ឆ្នាំ​២០១០ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​កម្ពុជា​បាន​យាង​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ជប៉ុន ។

នៅ​ខែមិថុនា ឆ្នាំ​២០១២ នៅ​ពេល​ព្រះករុណា​ណា​រូ​ហ៊ី​តូ នៅ​ជា​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ព្រះ​អង្គ​ក៏​បាន​យាង​ព្រះរាជ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ។ កំឡុង​ពេល​ព្រះរាជ​ទស្សនកិច្ច​នេះ​ព្រះករុណា ណា​រូ​ហ៊ី​តូ បាន​យាង​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី និង​បាន​យាង​ជួប​សវនាការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​បាន​យាង​សំណេះសំណាល​ជាមួយ​និស្សិត​ដេ​ប៉ា​តឺ​ម៉​ង់ ភាសា​ជប៉ុន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

ព្រះករុណា ណា​រូ​ហ៊ី​តូ ក៏​បាន​យាង​ព្រះរាជ​ទស្សនកិច្ច​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​ដែល​ជា​អច្ឆរិយ​ប្រាសាទ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក ។ ថ្ងៃនេះ​រជ្ជកាល​ថ្មី «Reiwa» នឹង​ចាប់ផ្តើម ។ ពាក្យ «Reiwa» មាន​ន័យ​ថា វប្បធម៌​នឹង​ត្រូវ​បាន​រីក​លូតលាស់​ឡើង​នៅ​ពេល​ដែល​ដួងចិត្ត​របស់​ប្រជាជន​រួម​គ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​សុ​ខុ​ដុមរ​មនា ។ លោក​ទូត​និយាយ​ថា «​ខ្ញុំ​សង្ឃឹមថា នៅ​រជ្ជកាល Reiwa ប្រជាជន​ជប៉ុន និង​កម្ពុជា​បន្ត​លើក​ស្ទួយ​មិត្តភាព និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ទៅ​វិញ​ទៅ​មក​» ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ