កម្ពុជា​នឹង​អាច​ទាក់ទាញ​បេះដូង​ជប៉ុន​របៀប​​ណា?


សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​២៩ ខែឧសភា​ខាង​មុខ​នេះ​។ វា​គឺជា​ទស្សនកិច្ច​ការងារ ហើយ​ក្លាយជា​ឱកាស​មួយ​សម្រាប់​សម្តេច ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ប្រទេស​ជប៉ុន ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់ EBA ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​សហភាព​អឺរ៉ុប​។

វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​រំលេច​ចេញ​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​ជប៉ុន​។ សំខាន់​ដូច​គ្នា​នេះ តើ​សម្តេច អាច​នឹង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​បាន​កម្រិត​ណា ដើម្បី​ចូលរួម​ចំណែក​កាន់តែ​ខ្លាំង​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា?

ក្រោយ​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុ​ន​តាក់​កាលពី​ឆ្នាំ​១៩៩៣ ប្រទេស​ជប៉ុន​បាន​ក្លាយ ជា​ប្រទេស​ដ៏​លេខ​មុខ​បំផុត​នៅ ក្នុង​ការ​ជួយ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។

ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ឬ​ស្ពាន​ជ្រោយចង្វារ​បាន​ក្លាយជា​ស្ពាន​ដ៏​មាន​សារសំខាន់​បំផុត សម្រាប់​ការ​ភ្ជាប់​ត្រើយ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​កម្ពុជា ហើយ​វា​ក៏​បាន​បង្កើត​មុខរបរ​ជា​ច្រើន ជា​ពិសេស​ភោ​ជនី​ដ្ឋា​ន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​។ ប្រជាជន​កម្ពុជា ក៏​មានការ​ចង​ចាំ​ដ៏​ល្អ នៅ​ក្នុង​បេះដូង​របស់​ពួក​គេ​ចំពោះ​ទឹកចិត្ត​របស់​ជប៉ុន​ចាប់តាំងពី​ពេល​នោះ​មក​។

សំខាន់​ខ្លាំង​នោះ ជប៉ុន​បាន​លេចធ្លោ​ជា​ប្រទេស​ដែល​ផ្តល់​ជំនួញ​ឥត​សំណង​ច្រើន​ជាងគេ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា នៅ​គ្រា​ដែល​កម្ពុជា​ត្រូវការ​ជំនួយ​បរទេស​បំផុត​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ទន់ខ្សោយ​របស់​ខ្លួន​។

នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​គិត​ពី​ឆ្នាំ​២០១២ ដល់​២០១៦ ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​ជិត ១៨០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ឥណទាន​មាន​តម្លៃ​ជា​ទឹកប្រាក់​ជិត ១១០០​លាន​ដុលារ​។ នេះ​បើ​តាម​តួលេខ​ចេញពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ចំណែកឯ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​ប្រទេស​កម្ពុជា​ក៏​បាន​កើន​ឡើងជា​លំដាប់​ផង​ដែរ​។

ការ​វិនិយោគទុន​ជប៉ុន​នៅ​កម្ពុជា​នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​មាន​តម្លៃ​ជា​ទឹកប្រាក់​៨៥២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ កើនឡើង​ខ្លាំង​ពី ត្រឹមតែ​៤៨​លាន ដុល្លារ​នៅ​ឆ្នាំ​២០១៤​។ ចំណែកឯ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​វិញ​ក៏​មានការ​កើនឡើង​ដែរ​។

យោង​តាម​របាយការណ៍​របស់​អង្គការ Jetro របស់​ជប៉ុន បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៨ ជប៉ុន​បាន​នាំ​ចេញ​មក​កាន់​ប្រទេស​កម្ពុជា តម្លៃ​ជា​ទឹកប្រាក់​ជាង​៤២០​លាន​ដុល្លារ ខណៈ​ដែល​ជប៉ុន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​១,៦ ពាន់​លាន​ដុល្លារ​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន បាន​កើនឡើង​ជាង​២៧​ភាគរយ ខណៈ​ដែល​ការ​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​បាន​កើនឡើង ជិត​១៨​ភាគរយ​។

ដោយ​ផ្អែក​ទៅ​លើ​ជំហរ​នយោបាយ សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទាំង​ការ​វិនិយោគ និង​ពាណិជ្ជកម្ម ជប៉ុន​ត្រូវ​បាន​ចាត់ទុកជា​មិត្ត​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ហើយ អារម្មណ៍​របស់ ប្រជាជន​កម្ពុជា ភាគច្រើន​បំផុត​គឺ​យល់​ថា ជប៉ុន​ជា​មិត្ត​ដ៏​ល្អ​។

សូ​ម្បី​តែ​នៅ​ពេល​ដែល​សហភាព​អ៉ុ​ប និង​សហរដ្ឋអាមេរិក​ហាក់ដូចជា​ប្រកាន់​ជំហរ​ដកថយ​ពី​កម្ពុជា​ដោយសារ​តែ​ចោទប្រកាន់​អំពី​ដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រទេស​ជប៉ុន ប្រកាន់​យក​ជំហរ​មួយ​ដែល​ទន់ភ្លន់​ជាង​ហើយ​នៅ​តែ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​។

យោង​តាម​មន្ត្រីជាន់ខ្ពស់​ស្ថានទូត​ជា​ប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នោះ ជប៉ុន​ចាត់​ទុក​ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រកបដោយ​សក្តា​និ​ពល​មួយ​សម្រាប់​ការ​វិនិយោគ​ប្រទេស​ជប៉ុន​ប៉ុន្តែ​ប្រទេស​កម្ពុជា មាន​កិច្ចការ​មួយ​ចំនួន​ដែល​ត្រូវធ្វើ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​មក​ពី​ប្រទេស​ជប៉ុន​។

មន្ត្រី​កុ​ល​ស៊ុ​ល​ជប៉ុន​លោក ហ៊ី​រ៉ូ​ណូរី ស៊ុ​យ​ហ្ស៊ុ​យ​គី ( Hironori Suzuki) និយាយ​ថា កម្ពុជា​គឺជា​គោលដៅ​ប្រកបដោយ​ក្តី​សង្ឃឹម​មួយ​សម្រាប់​ការ​វិនិយោគរ​ប់ស​ក្រុមហ៊ុន​ជប៉ុន​នៅ​តំបន់​អាស៊ាន​។

លោក​និយាយ​បន្ថែម​ទៀត​ថា ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​កម្ពុជា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ជប៉ុន​ដោយ​ក្នុង​នោះ​រួម​មានការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី ការ​សម្រួល​ដល់​នីតិវិធី​ពន្ធ ការ​លើកកម្ពស់ ហេ​ត្ថា​រចនាសម្ព័ន្ធ និង​ធនធានមនុស្ស​។

ប៉ុន្តែ​ការ​កាត់​បន្ថយ​បញ្ហា​អំពើ​ពុក​រលួយ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​សារសំខាន់​សម្រាប់​ការ​ទាក់ទាញ​ការ​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី​នៅ​ក្នុង​ពិភពលោក ជា​ពិសេស​ប្រទេស​ជប៉ុន​ដែល​មានច្បាប់​តឹងតែង​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចូលរួម​នៅ​ក្នុង​សកម្មភាព​ពុក​រលួយ​ណាមួយ​មិន​ថា​ក្នុង​ប្រទេស ឬ​ក្រៅប្រទេស​។

ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​របូត​បាត់ EBA នោះ នយោបាយ និង​បរិស្ថាន​ប្រកបដោយ​ទាក់ទាញ​បំផុត​សម្រាប់​ការ​វិនិយោគ​ត្រូវ​តែ​មាន​ភាព​ទាក់ទាញ​បំផុត ដើម្បី​ឱ្យ​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា​អាច​នឹង​ប៉ះប៉ូវ​បាន​ពី​ការ​ខាតបង់​ដែល​បណ្តាល​មក​ពី​ខាតបង់​ការ​រួច​ពន្ធ​ដែល​បាន​ពី EBA​។

នៅ​ពេល​ដែ​សម្តេច​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ស​ប្តា​ហ៍​ខាង​មុខ ពី​ថ្ងៃ​ទី​២៩​ដល់​៣១ ឧសភា សម្តេច​នឹង​រំលេច​ចេញ​ឱកាស​ទាំងឡាយ​សម្រាប់​វិនិយោគិន​ជប៉ុន​មក​បណ្តាក់ទុន នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ស្នាក់​នៅ​ប្រទេស​ជប៉ុន​នោះ នឹង​ក្លាយជា​ឱកាស​មួយ​សម្រាប់​សម្តេច​ដើម្បី​ដោះស្រាយ​រាល់​ការ​កង្វល់​គ្រប់យ៉ាង​ដែល​មាននៅ​ក្នុង​ចិត្ត ធុរជន និង​វិនិយោគិន​ជប៉ុន​។

ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មានការ​សម្រេចចិត្ត​ល្អិតល្អន់​ខ្លាំង ហើយ​ទាមទារ​ភាព​ច្បាស់លាស់​។ រដ្ឋមន្ត្រី​កម្ពុ​ជាមួយ​រូប​ធ្លាប់​និយាយ​ប្រាប់​កោះសន្តិភាព​ថា ជប៉ុន​មានការ​សម្រេចចិត្ត​យឺត​សម្រាប់​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ការ​សម្រេចចិត្ត​របស់​ជប៉ុន​ច្រើន​មាន ភាព​យូរអង្វែង​ហើយ​បើសិនជា​ពួក​គេ​សម្រេចចិត្ត​មក​បណ្តាក់ទុន​នៅ​ប្រទេស​ណា​ហើយ​នោះ ពួក​គេ​នឹង​ស្ថិត​នៅ​យូរអង្វែង​ដែល​នេះ​ជា​ប្រយោជន៍​ធំ​សម្រាប់​កម្ពុជា​។

បើសិនជា​កម្ពុជា​អាច​ទាក់ទាញ​ជប៉ុន​កាន់តែ​ច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​មែន​នោះ វា​ប្រៀប​ដូច​ជា​ដែក​ឆក់​មួយ​សម្រាប់​ការ​វិនិយោគ​បរទេស​ផ្សេង​ទៀត​មក​កម្ពុជា ពីព្រោះ​គេ​គិត​ថា ការ​ទាក់ទាញ​ជប៉ុន គឺជា​កិច្ចការ​ដ៏​លំបាក ហើយ​ទាមទារ​នូវ​ភាព​ច្បាស់លាស់​។

នៅ​ពេល​ដែល​កម្ពុជា​អាច​មាន​ប្រទេស​ធំ​បី គឺ ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​នោះ ការ​ប្រឈម​របស់​កម្ពុជា​ក្រោយ​ការ​បាត់បង់ EBA នឹង​ត្រូវ​កាត់​បន្ថយ​។

រដ្ឋាភិបាល​កម្ពុជា​ហាក់​បាន​សម្រេចចិត្ត​រួច​ហើយ​ដើម្បី​ដើរ​ចេញពី​ចំណង​ដែល​មាននៅ​ក្នុង​EBA ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​កម្ពុជា​ត្រូវ​បង្កើត​ភាព​ទាក់ទាញ​របស់​ខ្លួន​សម្រាប់​ការ​វិនិយោគិន​បរទេស​មក​ពី​គ្រប់​ទិស​ទី ពិសេស​មក​ពី​ប្រទេស​ចិន ជប៉ុន និង កូរ៉េ​ខាងត្បូង​។

ដូច្នេះ បេសកកម្ម​របស់​សម្តេច​តេ​ជោ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ការ​ទាក់ទាញ​ការ​វិនិយោគ​ជប៉ុន ដែល​គេ​គិត​ថា ជា​ការ​វិនិយោគ​ច្បាស់លាស់ និង​ប្រកបដោយ​និរន្ត​ភាព​យូរអង្វែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ