សម្តេច ស ខេ​ង ប្រកាស​ឲ្យ​មន្ត្រី​ចុះ​មូលដ្ឋាន​ទទួលយក​មតិ​រិះគន់​ជា​ជាង​ទទួលយក​មតិ​បញ្ជោរ លើកជើង


រាជធានី​ភ្នំពេញ ៖ តាម​រយៈ​វេទិការ​សាធារណៈ​នៅ​តាម​ស្រុកភូមិ​ឃុំ​សង្កាត់​ទាំងអស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ទទួលយក​មតិ​រិះគន់​គ្រប់​មជ្ឈដ្ឋាន​ជា​ជាង​យក​មតិ​លើកជើង ។ សម្តេច ស ខេ​ង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា ៖«​យើង​ត្រូវ​ពង្រឹងសមត្ថភាព​មន្ត្រី​យើង​ដែល​ទៅ​ស្តាប់​នៅ​ក្នុង​វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​យក​បញ្ហា​ដែល​គាត់​លើក​ឡើង​មក​ដោះស្រាយ ហើយ​ទីបំផុត​យើង​រក្សា​បាន​ស្ថេ​រ​ភាព ។

ព្រោះ​យើង​សុខចិត្ត​ស្តាប់​មតិ​ជំទាស់​ជា​ជាង​មតិ​បញ្ជោរ​យើង ។ ខ្ញុំ​គិត​ថា អី​ញ្ចឹ​ង​! យើង​ស្តាប់​មតិ​ជំទាស់​បាន​ច្រើន​ជួយ​យើង​បាន​ច្រើន​ណាស់ ឯការ​ស្តាប់​មតិ​បញ្ជោរ​យើង បាន​គ្រាន់តែ​បញ្ជោរ​យើង​ប៉ុណ្ណោះ ហើយ​គ្មាន​អី​ទេ ។ មិន​ស្រួល​ដើរ​ខុស​ទៀត​» ។ សម្តេច​បាន​បន្ថែម​ថា​យើង​ត្រូវ​បើក​វេទិការ​សាធារណៈ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​សាមញ្ញ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​មតិ​ចូលរួម ដោយ​ឲ្យ​គាត់​និយាយ​ឲ្យ​អស់ ។ ករណី​នេះ​ក៏​បានជា​ការ​ពង្រឹងសមត្ថភាព​នៃ​ការ​យល់​ដឹង​របស់​យើង​ផង​ដែរ ។

សម្តេច​ថា​៖ «​នេះ​ជា​សាលារៀន​មួយ ហើយ​យើង​នឹង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ។ យើង​ត្រូវធ្វើ​វេទិការ​ឲ្យ​គ្រប់​ភូមិ ឃុំ សង្កាត់ ទាំង​សង្កាត់​តូច​ធំ​ក្តី​» ។ សម្តេច ស ខេ​ង ក៏​បាន​ស្នើ​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ​ដែល​ចុះ​ជួយ​មូលដ្ឋាន​ត្រូវ​បង្កើត​វេទិការ ឬ​ចូលរួម​វេទិការ ដើម្បី​ស្តាប់​ពី​ផល​ពិបាក​របស់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ ។ សម្តេច​ថា ត្រូវ​ចុះ​ស្តាប់​ពី​មតិ​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​គ្រឿងញៀន​យ៉ាងម៉េច​ចោរលួច ចោរប្លន់​យ៉ាងម៉េច ល្បែងស៊ីសង ចរាចរណ៍ បរិស្ថាន និង​បញ្ហា​ភ្លើង​ទឹក​យ៉ាងម៉េច សុខភាព​…​? ។

សម្តេច​ក៏​បាន​ស្តី​ឲ្យ​មន្ត្រី​មួយ​ចំនួន​ថា កុំ​បាន​តែ​មក​ស្តាប់​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ហើយ​យក​ទៅ​បាត់ ដោយ​មិន​បាន​ចុះ​អនុវត្ត​ជាក់ស្តែង​នោះ​ទេ ។ ករណី​នេះ​នៅ​តែ​កើត​មាន​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន​ដដែល ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ