តំបន់​ជុំវិញ​អង្គរ ភ្នំ​គូលែន បឹង​ទន្លេសាប នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​ទាក់ទាញ​ភ្ញៀវ​មក​ខេត្តសៀមរាប​បន្ថែម


​រាជធានី​ភ្នំពេញ ៖ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​នោះ តំបន់​ជុំវិញ​អង្គរ ភ្នំ​គូលែន បឹង​ទន្លេសាប និង​តំបន់​ដែល​មាន​សក្ដានុពល​នៅ​ជុំវិញ​នោះ ត្រូវ​តែ​អភិវឌ្ឍន៍​ទៅ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​ៗ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ខេត្តសៀមរាប​បន្ថែម ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​ក៏​ត្រូវ​គិតគូរ​ដល់​ការ​អភិរក្ស និរន្តរភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តី​ពី​ការ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប កាលពី​ពេល​ថ្មី​ៗ​នេះ​។​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សៀមរាប​-​អង្គរ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយ​បាន​ធ្វើ​ឱ្យ​កំណើន​ទេសចរ​កាន់តែ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ តួយ៉ាង​នៅ​ឆ្នាំ​២០១៨ កន្លង​ទៅ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៥​លាន​នាក់ បាន​ទៅ​ទស្សនា​តំបន់​សៀមរាប​-​អង្គរ​ទាំងមូល ក្នុង​ចំណោម​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ២​លាន​៥០​ម៉ឺន​នាក់​ផង​ដែរ​។

លោក ថោ​ង ខុន បាន​បញ្ជាក់​ថា «​ប៉ុន្តែ​កំណើន​នេះ​អាច​នឹង​ថមថយ​ទៅ​វិញ ប្រសិនបើ​កម្ពុជា​មិន​ព្រម​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ សម្រាប់​ជា​កត្តា​ទាក់ទាញ​បន្ថែម ពីព្រោះ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​មិន​ប្រាកដ​ថា មក​មើល​តែ​ប្រាសាទ​អង្គរ និង​ប្រាសាទ​ដទៃ​ទៀត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​នោះ​ឡើយ ពោល​គឺ​ពួក​គេ​ប្រាកដជា​ត្រូវការ​ដើរ​កម្សាន្ត​នៅ​កន្លែង​ផ្សេង​ទៀត ដែល​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ​» ។ ​ដោយ​មើលឃើញ​ពី​និន្នាការ​របស់​ភ្ញៀវ​ទេសចរ​យ៉ាង​ដូច្នេះ​ហើយ ទើប​លោក ថោ​ង ខុន ខំប្រឹង​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ និង​ពង្រីក​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​សម្រាប់​ទឹកដី​ដ៏​ប្រសិទ្ធ​មួយ​នេះ ក្នុង​នោះ​លោក​បាន​សម្លឹង​ឃើញ​សក្ដានុពល​ដែល​មាននៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន (​ម​ហិ​ន្ទ្រ​ប​ព៌​ត​) តំបន់​បឹង​ទន្លេសាប និង​តំបន់​ជុំវិញ​អង្គរ​។ នៅ​ក្នុង​ការ​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ជំនាញ​ចុះ​សិក្សា​ពី​ការ​រៀបចំ​តំបន់​ទេសចរណ៍​ថ្មី​ៗ នៅ​តាម​ទីតាំង​ខាងលើ​ផង​ដែរ​។

ពាក់ព័ន្ធ​ការ​ចុះ​សិក្សា​នៅ​តំបន់​ទាំងនោះ លោក ណេ​ប សា​មុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ក្រុម​ជំនាញការ​របស់​គណៈកម្មការ​អន្តរក្រសួង​បាន​ចុះ​ទៅ​ដល់​តំបន់​ទាំងនោះ​ហើយ ពិសេស​គឺ​ភ្នំ​គូលែន និង​ទន្លេសាប ដោយ​បាន​សាកសួរ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​។ លោក​បាន​បន្ត​ថា បើ​តាម​ការ​អង្កេត​របស់​ក្រុម​ជំនាញការ ក្រៅពី​ទស្សនា​កម្សាន្ត​នៅ​តំបន់​អង្គរ ភ្ញៀវ​ទេសចរ​ក៏​និយម​ចូល​ចិត្ត​ទៅ​ទស្សនា​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​បឹង​ទន្លេសាប​ផង​ដែរ ដូច្នេះ​បាន​ន័យ​ថា តំបន់​ជុំវិញ​ទាំងនោះ​ពិតជា​មាន​សក្ដានុពល​ខ្លាំង​ណាស់​ទាំង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​។

​ក្រៅពី​សក្ដានុពល​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​បឹង​ទន្លេសាប ក៏​អាច​រៀបចំ​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ និង​ក​សិ​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ​បន្ថែម​ទៀត​ផង​ដែរ​។ លោក ណេ​ប សា​មុត បាន​បញ្ជាក់ ។

ការ​សិក្សា​រៀបចំ​លើ​ផែនការ​មេនេះ នឹង​ត្រូវ​បញ្ចប់​ជា​ដំណាក់កាល​ៗ ហើយនឹង​បញ្ចប់​ទាំងស្រុង​នៅ​អំលុង​ដើមឆ្នាំ​២០២០​។ ផែនការ​មេនេះ​នឹង​ត្រូវ​គេ​យក​មក​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០-២០៣៥​។ ការ​រៀបចំ​ផែនការ​មេនេះ គឺ​ដើម្បី​ចូលរួម​សម្រេច​តាម​ចក្ខុវិស័យ​របស់​កម្ពុជា ដែល​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ១០​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ