មោះ!មកដឹងពីប្រវត្តិឈ្មោះ​ភ្នំ​សំពៅទាំងអស់គ្នា


ខេត្តបាត់ដំបង ៖ រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​សំពៅ មាន​ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទីក្រុង​បាត់ដំបង តាម​ផ្លូវជាតិ​លេខ​៥៧ (​ផ្លូវជាតិ​លេខ​១០​ចាស់​) ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន​ដែល​មាន​កម្ពស់​១០០​ម៉ែត្រ ហើយ​មាន​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​ចំនួន​២​ផ្លូវ​បេតុង​ជា​ផ្លូវ​ឡាន និង​ម៉ូតូ​អាច​ឡើង​ទៅ​បាន​ជាង​ពាក់កណ្តាល (៨០%) និង​ផ្លូវ​ជណ្តើរថ្ម​ដែល​មាន​ចំនួន​១០៣០​កាំ ទៅ​ដល់​វត្ត​នៅ​លើ​ភ្នំ​សំពៅ​នោះ​ព្រមទាំង​មាន​ផ្លូវបែក​ទៅ​ល្អាង​ជា​ច្រើន ដែល​ត្រូវ​ចូល​លេង​កម្សាន្ត​មាន​ដូច​ជា ល្អាង​តូច​ធំ​ចំនួន​១២ គឺ ១- ល្អាង​ផ្កាស្លា ២- ល្អាង​គក់​ទ្រូង ៣-​ល្អាង​ខ្យល់ ៤- ល្អាង​តែងខ្លួន ៥-​ល្អាង​ល្ខោន ៦-​ល្អាង​ជ្រៃ ៧-​ល្អាង​ពេជ្រ ៨-​ល្អាង​ខ្វែង ៩-​ល្អាង​ប្រេង ១០-​ល្អាង​ស្ថានីយ ឬ​ល្អាង​ធំ ១១-​ល្អាង​ប្រជៀវ និង​១២- ល្អាង​ក្បាល​ខ្មោច ។

ភាគច្រើន​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​ទៅ​កម្សាន្ត​នៅ​ល្អាង​ផ្កាស្លា ព្រោះ​មាន​ខ្យល់​ត្រជាក់​ចេញពី​ក្នុង​មក និង​មាន​រូប​ផ្កាស្លា​អំពី​ថ្ម និង​ផ្សេង​ៗ​ទៀត​តំណាង​គ្រឿង​បណ្ណាការ ឯ​ចំណែក​ល្អាង​គក់​ទ្រូង​មានព្រះអង្គ​ខ្មៅ​១​អង្គ សម្រាប់​អុជ​ធូប​បូជា ហើយ​កន្លែង​សម្រាប់​ឈរ​គក់​ទ្រូង​បន់ស្រន់​ចេញ​ទៅ រួច​គក់​ទ្រូង​តែ​សម្លេង​គក់​ទ្រូង​នោះ​បានឮ​ចូល​ទៅ​ក្នុង​ល្អាង​នោះ​រួច​ហើយ សម្លេង​នោះ​ក៏​ត្រឡប់​មក​វិញ ដោយ​ឲ្យ​យើង​បាន​ស្តាប់​បានជា​ច្រើន​ដង​ជាប់​ៗ​គ្នា ចំណែក​ល្អាង​ល្ខោន​មាន​ទីធ្លា​សម្រាម់​លេងល្ខោន​ត្រៀម​ទៅ​ចូលរួម​រៀប​អភិសេក​មង្គលការ​ព្រះរាជ​កុ​ល​នោះ មាន​ព្រះ​ពុទ្ធរូប​ធំ​១​អង្គ​បណ្តោយ​ប្រវែង​១២​ម៉ែត្រ ទទឹង​៣​ម៉ែត្រ កសាង​ឡើង​ដោយ​សប្បុរសជន ព្រោះ​ក្នុង​ពេល​សម័យ​ប៉ុ​ល ពត បាន​ធ្វើ​ជា​កន្លែង​សម្លាប់​មនុស្ស ។

ចំណែក​ល្អាង​ខ្យល់​ជា​កន្លែង​បែ​បន់ និង​មាន​ដើម​ស្វាយ​១​ដើម តំណាង​តាម​រឿងព្រេង​ពី​អតីតកាល បើ​មាន​អ្នក​ណា​បាន​ចូល​មក​ដល់​កន្លែង​នេះ ហើយ​អាច​ទទួល​បាន​ផ្លែស្វាយ​មក​ទទួលទាន គឺ​អ្នក​នោះ​មានជីវិត​អមតៈ និង​មាន​វ័យ​ពី​ចាស់​ប្រែ​មក​ជា​ក្មេង​វិញ ចំពោះ​ល្អាង​ជ្រៃ និង​ផ្សេង​ៗ​ទៀត​ដែល​មិន​អាច​ធ្វើ​ដំណើរ​ចូល​បាន​ទៅ​ស្រួល​នោះ​ក៏​បាន​ក្លាយជា​សំបុក​សត្វ​ប្រជៀវ​រស់នៅ​រាប់​សិប​ឆ្នាំ​បន្ត​គ្នា​រហូត​មក​ទល់​ថ្ងៃនេះ​។

ដោយនៅ​ខាងលិច​តួ​ភ្នំ​សំពៅ​មាន​ភ្នំ​ជា​ច្រើន​នៅ​ជិត​ៗ​នោះ​មាន ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ទ្រុង​ទា និង​ភ្នំ​រំសាយសក់​ជាដើម​ដែល​បាន​បន្សល់​ទុក​មក​វា​សម​ស្រប​ទៅ​តាម​រឿងព្រេង​ពី​បុរាណ​មក​ដែល​មាន​តំណាល​ដូច​តទៅ ៖ មាន​ព្រះ​មហា​ក្ស​ត្យ​១​អង្គ​ព្រះ​នាម​«​រាជ​កុ​ល​» សោយរាជ្យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ព្រះរាជវាំង​នៅ​លើ​ភ្នំ​ដងរែក​ព្រះបាទ​រាជ​កុ​ល ទ្រង់​សព្វ​ព្រះ​ហទ័យ ស៊ើប​ស្វែងរក​មហេសី​ដែល​មានពូជ​ពង្ស​រាជវង្ស​ស័ក្តិសម ដើម្បី​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ ។ យូរ​បន្តិច​មក​ឮដំណឹង​ថា​ស្រុក «​ចាន់​បុរី​» មាន​ស្តេច​ព្រះ​១​អង្គ​មាន​រាជបុត្រី​១​អង្គ គឺ​នាង «​រំសាយសក់​» ព្រោះ​ព្រះ​នាង​មាន​សក់​ទិព្វ​ចង់បាន​អ្វី​ក៏​បាន​ដូច​ព្រះ​ទ័យ គឺ​ព្រះ​នាង​គ្រាន់តែ​ច្បូត​ព្រះ​កេ​សី​ទៅ​ទឹកសមុទ្រ​ខះ​កា្ល​យ​ជា​ដីគោក​ក៏​បាន​ចង់អោយ​ដីគោក​ក្លាយ​ទឹកសមុទ្រ​វិញ​ក៏​បាន ព្រះរាជ​បិតា​ព្រះ​មាតា​នៃ​ព្រះបាទ​រាជ​កុ​ល​ទ្រង់​ឲ្យ​អា​មាត មន្ត្រី សេនា​នាំ​សួយសារអាករ​ទៅ​ថ្វាយ​ស្តេច​ក្រុង​ចាន់​បូ​រី ដើម្បី​ដណ្តឹង​នាង​តាម​ប្រពៃណី ស្តេច​ក្រុង​ចាន់​បុរី ទ្រង់​ក៏​ពុំ​យល់​ទាស់​ឡើយ ទ្រង់​តប​ព្រះ​រាជ្យ​សារ​មក​ព្រះ​បិតា​មាតា​ព្រះបាទ​រាជ​កុ​ល​ថា «​បើ​ទ្រង់​សព្វ​ព្រះរាជ​ហរ​ទ័យ សូម​ទ្រង់​លើក​បណ្ណាការ​មក​ចុះ​» សេនា​បាន​ទទួល​ព្រះរាជ​អង្គការ​យល់ព្រម​ហើយ​ក្រាប​បង្គំ​លា​ត្រឡប់​មក​ទូល​ព្រះរាជ​បិតា​ព្រះ​មាតា​ព្រះរាជ​កុ​ល​វិញ​សព​គ្រប់​តាម​ដំណើររឿង ។

ព្រះបាទ​រាជ​កុ​ល​ទ្រង់​សន្តាប់ ដូច្នោះ​ក៏​មាន​ព្រះ​ទ័យ​សោមនស្ស​ពន់ពេក ទើប​ទ្រង់​ត្រាស់​បង្គាប់​រៀបចំ​គ្រឿង​បណ្ណាការ ច្រើន​សន្ធឹកសន្ធាប់ ទុក​ក្នុង​សំពៅ ដើម្បី​ធ្វើ​ព្រះរាជ​ដំណើរ​ទៅ​កាន់​ក្រុង​ចាន់​បុរី​រៀប​មង្គលការ ។ ចំណែក​នាង​សុវណ្ណ​ឧស្សា (​មហេសី​ដើម មិនមែន​ជា​ក្សត្រ​) បានឮ​ដំណឹង​នេះ​ហើយ​ក៏​មានចិត្ត​ក្ដុកក្ដួល និង​យំ​ខ្សឹកខ្សួល​កើត​ចិត្ត​ក្តៅក្រហាយ​ខ្លាំង​ណាស់ ទើប​ប្រើ​ក្រពើ​អោយទៅ​តាម​ដល់​សំពៅ​នោះ ដើម្បី​រាំងដំណើរ​កុំអោយ​ព្រះបាទ​រាជ​កុ​ល​ទៅ​ជួប​នាង​រំសាយសក់ ហើយ​នាំ​ព្រះ​អង្គ​មក​ជួប​នាង​វិញ ។

ក្រពើ​អា​ធន​នោះ​ក៏​ប្រើ​បាន​ដូច​ចិត្ត​ទៀត ហើយ​ស្រលាញ់​នាង​សុវណ្ណ​ឧស្សា​ទុកដូចជា ម្ដាយ​វា​បោះពួយ​លឿន​ដូច​ព្រួញ​លុះ​ជិត​ទៅ​ដល់​សំពៅ ព្រះ​អង្គ​ក្រឡេក​ឃើញ​អា​ធន​ក៏​មាន​ព្រះ​បន្ទូល​ថា «​នែ អា​ធន​ឯង​កុំ​ធ្វើ​ផ្តេសផ្តាស់​ណា​» អា​ធន​ក៏​ឆ្លើយ​តប​វិញ​ថា «​ស៊ី​បាយ​អ្នក​ណា​យកអាសា​អ្នក​នោះ​» ពួក​ពល​សេនា​ឃើញ​ក្រពើ​ធំ​សំបើម​ក៏​ស្រែក​ឆោឡោ​ផ្អើល​ពេញ​សំពៅ​ខ្លះ​បោះ​ត្រឡាច ល្ពៅ ព្រមទាំង មាន់​ទា​ទាំង​ទ្រុង​ៗ​ក្នុង​សំពៅ​ទាំងអស់​បោះ​អោយ​វា​ស៊ី ដើម្បី​អោយ​វា​ចេញ​ឆ្ងាយ​ពី​សំពៅ តែ​អា​ធន​វា​មិន​ស៊ី​របស់​ទាំងនោះ​ទេ ហើយ​វា​នៅ​ពីក្រោម​បាត​សំពៅ ដើម្បី​ទាមទារ​អោយ​ព្រះ​អង្គ​រាជ​កុ​ល​ទៅ​ជាមួយ​វា ព្រះរាជ​កុ​ល​បួងសួង​សូម​ឲ្យ​ទេវតា​ជួយ​ផុត​ពី​គ្រោះថ្នាក់​ដោយ​បុណ្យ​បារមី​នៃ​សេចក្តី​បួងសួង​ក៏​ព្រះ​អធិរាជ​ទៅ​ប្រាប់​នាង​រំសាយសក់​ភ្លាម ។

ព្រះ​នាង​រំសាយសក់​ពេល​បានដឹង​ឮ​ថា មាន​ក្រពើ​នៅ​ពីក្រោម​បាត​សំពៅ​មិន​ព្រម​ឲ្យ​រាជ​កុ​លម​ករៀប​ការ​ជាមួយ​ព្រះ​នាង​ក៏​ច្បូត​ព្រះ​កេ​សី​អោយ​ទឹកសមុទ្រ​រាំង​ស្ងួត​ក្លាយជា​ដី ក្រ​ពើក​កប់​ក្នុង​ដី​នោះ​មុន និង​ស្លាប់​ក្រពើ​នោះ​គោះ​កន្ទុយ​ផង ដកដង្ហើម​ធំ​ផង រមួលខ្លួន​ត្រឡប់ត្រលិន ត្រង់​ខ្លួន​ក្រពើ​នោះ​គោះ​កន្ទុយ​ត្រង់​ច្រមុះ​ក្លាយជា​បឹង​២​មក​ដល់​សព្វ​ថ្ងៃនេះ​ហៅ​ថា «​បឹង​កន្ទុយក្រពើ​» និង «​បឹង​ច្រមុះ​ក្រពើ​» ។

ឯ​សំពៅ​នោះ​ក៏​កើតជា​ភ្នំ​ធំ​១ មាន​រាង​ជា​សំពៅ​សុទ្ធសាធ​ហៅ​ថា «​ភ្នំ​សំពៅ​» តែ​ឃ្លាត​គ្នា​បន្តិច ព្រោះ​រលក​បក់​ខ្លាំង​ណាស់ ក្តោង​សំពៅ​បាក់​លិចទៅ​ក្នុង​ទឹក​ក៏​កើតជា​ភ្នំ​១​ហៅ​ថា «​ភ្នំ​ក្តោង​សំពៅ​» ទល់​សព្វថ្ងៃ ទ្រុងមាន់ ទ្រុង​ទា ដែល​ពល​សេនា​បោះ​អោយ​ក្រពើ​ស៊ី​ក៏​ក្លាយជា «​ភ្នំ​ទ្រុងមាន់ ទ្រង់​ទា​» ដរាប​ដល់​សព្វថ្ងៃ ។ លុះ​សមុទ្រ​ក្លាយជា​ដី ហើយ​ព្រះរាជ​កុ​ល​បាន​បញ្ជា​អោយ​ពួក​សេនា​ជញ្ជូន​គ្រឿង​ប្រដាប់ប្រដារ​ទៅ​កាន់​ក្រុង​ចាន់​បុរី ដើម្បី​រៀប​អភិសេក​តាម​ប្រពៃណី ។

ត្រង់​កន្លែង​នាង​រំសាយសក់​ច្បូតសក់​នោះ​ក្លាយជា​ភ្នំ​១ នៅ​ខាងត្បូង​ភ្នំ​សំពៅ​ហៅ​ថា «​ភ្នំ​រំសាយសក់​» លុះ​រៀប​អភិសេក​រួច​ហើយ​ព្រះបាទ​រាជ​កុ​ល​លើក​នាង​រំសាយសក់​ជា​អគ្គមហេសី ព្រមទាំង​ពល​សេនា​ត្រឡប់​មក​កាន់​រាជបុរី​វិញ​ព្រះ​អង្គ​គង​លើ​ដំរី ជាមួយ​ព្រះ​នាង​ជា​ព្រះ​ជាយា មាន​ពល​សេនា​ហែហម​អម​ជា​ច្រើន​មក​ដល់​ពាក់​កណ្តាលផ្លូវ​ទ្រង់​ក្រឡេក​ឃើញ​ភ្នំ​សំពៅ ភ្នំ​ទ្រុងមាន់ ទ្រុង​ទា ភ្នំ​ក្រពើ ទ្រង់​តូចចិត្ត និង​នាង​សុវណ្ណ​ឧស្សា​ជា​ខ្លាំង ព្រោះ ចិត្តអាក្រក់​ដែល​បណ្ដាល​អា​ធន​ទៅ​សម្លាប់​ព្រះ​អង្គ ព្រោះតែ​នាង ព្រះ​អង្គ​អោយ​សេនា​មក​ចាប់​នាង​យក​ទៅ​សម្លាប់​ចោល​ពី​ពេល​នោះ​មក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ