ភ្លៀង​នឹង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ខណៈ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​មាន​សភាព​ធូរស្រាល​ជាង​មុន


រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​២៩ កក្កដា​នេះ ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ខណៈ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​មាន​សភាព​ធូរស្រាល​ជាង​មុន ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧត្ត​និយម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ បាន​ព្យាករណ៍​ថា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ភ្លៀង​នឹង​បន្ត​ធ្លាក់​បាន​ល្អ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន និង​រាយ​ប៉ាយ​បាន​ប្រសើរ ខណៈ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ មាន​សភាព​ធូរស្រាល​ជាង​មុន ។

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា ជ្រលង​សម្ពាធ​ទាប​ដែល​កន្លង​មក​ស្ថិត​នៅ​ភាគ​ខាងលើ​កម្ពុជា​បច្ចុប្បន្ន​បាន​រំកិល​ចុះ​មក​ក្រោម​ទន្ទឹម នឹង​ខ្យល់មូសុង​និរតី​បាន និង​កំពុង​មាន​ឥទ្ធិពល​ក្នុង​កម្រិត​មធ្យម លក្ខណៈ​បែប​នេះ​ធ្វើ​ឲ្យ​ក្នុង​អំឡុង​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ស្ថានភាព​អាកាសធាតុ​នឹង​មាន​ភាព​វិជ្ជមាន​ឡើង​វិញ ដោយ​បណ្តា​ខេត្ត​ភាគ​ខាងលើ​ភ្លៀង​នឹង​ធ្លាក់​បាន​ល្អ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ ឯ​ភាព​រាយ​ប៉ាយ​ក៏​បាន​ប្រសើរ​ឡើង​ផង​ដែរ ហើយ បណ្តា​ខេត្ត និង​រាជធានី​នៅ​ទំនាប​កណ្តាល​ភាគ​ខាងក្រោម និង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ចំពោះ​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នឹង​អាច​មាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ជម្រាប​ដល់​សាធារណជន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ទោះបីជា​មាន​សភាព​ធូរស្រាល​ជាង​មុន​ហើយ​ក៏​ដោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ