រក​ឃើញ​កន្លែង​ផលិត​រថយន្ត Ferrari និង Lamborghini ខុសច្បាប់


ប៉ូលិស​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​បាន​បិទ​រោងចក្រ​លាក់លាម​មួយ ដែល​ផលិត​រថយន្ត​ស្ព័​រ​តម្លៃ​ថ្លៃ Ferrari និង Lamborghini ក្លែងក្លាយ នៅ​ក្នុង​រដ្ឋ​ភាគ​ខាងត្បូង​នៃ Santa Catarina ប្រទេស​ប្រេ​ស៊ី​ល​។

យោង​តាម​ភ្នាក់ងារ​ព័ត៌មាន AP បានឱ្យ​ដឹង​ថា ឪពុក​និង​កូនប្រុស ដែល​ជា​ម្ចាស់​រោងចក្រ កំពុង​ដាក់​លក់​រថយន្ត​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​តម្លៃ ៤៥០០០​ដុល្លារ​ទៅ ៦០០០០​ដុល្លារ​។ ការ​វាយឆ្មក់​របស់​ប៉ូលិស​បាន​រក​ឃើញ រថយន្ត​ចំនួន​៨​គ្រឿង កំពុង​តែ​ធ្វើការ​តម្លើង​។ មន្ត្រី​ប៉ូលិស​កំពុង​ស៊ើបអង្កេត ដើម្បី​រក​ឱ្យ​ឃើញច្បាស់​ថា តើ​រថយន្ត​ប៉ុន្មាន​គ្រឿង​ទៀត ដែល​ផលិត​រួចរាល់​។

បើ​តាម​រូបថត​ដែល​គេ​ថត​បាន យើង​អាច​ដឹង​ច្បាស់​ថា រថយន្ត​ទាំងនោះ​មិនមែន​ជា​រថយន្ត​ចម្លង​គុណភាព​ដូច​ទៅ​នឹង​រថយន្ត​ដើម​នោះ​ទេ​។ តែបើ​ត្រឹមតែ​មើល​តួខ្លួន​ខាងក្រៅ វា​អាច​ធ្វើ​ឱ្យ​យើង​ចាញ់បោក​ដែរ​។ តាម​របាយការណ៍​ដែល​គេ​យក​បាន វា​នៅ​មាន​ភាព​មិន​ទាន់​ច្បាស់លាស់​នៅឡើយ ថា​តើ​នរណា​គឺជា​គោលដៅ​ទីផ្សារ​សម្រាប់​រថយន្ត​ទាំងនេះ​។ តើ​គេ​ផលិត​សម្រាប់​លក់​ទៅ​ឱ្យ អ្នក​ដែល​មាន​លុយ​ល្មម​ៗ តែ​ចង់​ធ្វើខ្លួន​ជា​សេដ្ឋី ឬ​ក៏​យ៉ាងណា?

តាម​កាសែត Folha de São Paulo ដែល​បាន​ធ្វើ​បទ​សម្ភាស​ជាមួយនឹង​ម្ចាស់​រោងចក្រ​នោះ​បានឱ្យ​ដឹង​ថា រថយន្ត​ទាំងនោះ​ប្រើប្រាស់​ម៉ាស៊ីនរថយន្ត V6 មក​ពី​រោងចក្រ General Motors​។ ក្រៅពី​នោះ គឺ​សុទ្ធតែ​ជា​រូបរាង​ខាងក្រៅ​ក្លែងក្លាយ សម្រាប់​បន្លំ​ភ្នែក​មនុស្ស​ទូទៅ​ប៉ុណ្ណោះ​។

ជាក់ស្ដែង Ferrari និង Lamborghini សប្បាយ​រីករាយ​នឹង​ការ​បញ្ឈប់​ខ្សែ​ចង្វាក់​ផលិតកម្ម​លួចលាក់​នេះ​។ តាម​ប្រភព​នៅ​កន្លែង​កើតហេតុ គេ​ថា​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ហើយ ដែល​ជា​អ្នក​ប្រាប់​ប៉ូលិស​ឱ្យមក​ចុះ​ចាប់​។

ពាក្យបណ្តឹង​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុន​ច្បាប់​មួយ​នៅ​ទីក្រុង​សៅ​ប៉ូ​ឡូ ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន​រថយន្ត Ferrari និង Lamborghini​។ ក្រៅពី​មាន​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​រថយន្ត​ទាំង​ពីរ​នេះ គេ​ក៏​មាន​ពាក្យ​មក​ពី​អតិថិជន​របស់​រោងចក្រ​លួចលាក់​ផង​ដែរ​។ អតិថិជន​នោះ​ប្តឹង​ដោយសារ​តែ​មិន​ទទួល​បាន​រថយន្ត​តាម​ការ​បញ្ជា​ទិញ ទាន់​ពេលវេលា​។ នា​ពេល​នេះ ប៉ូលិស​ក៏​ធ្វើការ​ស៊ើបអង្កេត​លើ​អ្នកទិញ​ផង​ដែរ​៕

ប្រភព ៖ Carbuzz , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ