វត្ត​គំរូ​១០​នៅ​ក្នុង​ខេត្តបាត់ដំបង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង


ខេត្តបាត់ដំបង ៖ ជា​ខេត្ត​តំបន់​ព្រៃ​ភ្នំ ហើយ​មាន​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​ជា​ច្រើន​ពី​សម័យ​កាលដែល​បាន​បន្សល់​ទុក​វត្ត​អារាម​យ៉ាងច្រើន តាម​សម័យកាល​ត​ៗ​គ្នា​រហូត​មក​ដល់​ពេល​នេះ ដែល​មាន​វត្ត​ប្រមាណ​១០​វត្ត​ជា​គំរូ​អូស​ទាញ​ក្នុង​វិស័យ​ទេសចរណ៍​របស់​ខេត្តបាត់ដំបង​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ កំពុង​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ឲ្យ​ចូល​ទៅ​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ​មិន​ចាញ់​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ និង​ខេត្តសៀមរាប​ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក​នោះ​ឡើយ ។

នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង​បាន​និយាយ​ថា វត្ត​គំរូ​ទាំង​១០​នោះ រួម​មាន វត្ត​សំរោង​ក្នុង​, វត្ត​ឥន្ទ្រា​ធិ​បតី​ធា​រាម ហៅ (​វត្ត​សង្កែ​), វត្ត​មុនី​រតនា​រាម ហៅ (​វត្ត​កែវ​), វត្ត​កណ្តាល​, វត្ត​ពោធិ​វាល​, វត្ត​ពិ​ភិ​ទ្ធា​រាម​, វត្ត​កំផែង​, វត្ត​គរ​, វត្ត​ដំរី​ស និង​វត្ត​ឈើខ្មៅ ។ វត្ត​ទាំងនេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ជា​ពិសេស​វត្ត​សំរោង​ក្នុង​មាន​អាយុកាល​ច្រើន​ជាងគេ គឺ​សាងសង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៧០៧ បន្ទាប់​មក គឺ​វត្ត​មុនី​រតនា​រាម ហៅ​វត្ត​កែវ ដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៧៧២ ។

លោក​ថ្លែង​ថា ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព និង​បរិស្ថាន វត្ត​គំរូ​ទាំង​១០​នោះ​ត្រូវ​បាន​រៀបចំ​កែ​លម្អ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លះ​ៗ​ដូច​ជា កែប្រែ​ប្រព័ន្ធ​លូ សួនច្បារ ប្រព័ន្ធ​ទឹក​ភ្លើង និង​ការ​លាប​ពណ៌​ឡើង​វិញ នៅ​ផ្នែក​ខ្លះ​នៃ​ព្រះ​វិហារ ។ ទន្ទឹម​ជាមួយ​គ្នា​នេះ កាលពីដើម​ឆ្នាំ ២០១៨ មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ដាក់​ពង្រាយ ក្រុម​ម​គ្គុ​ទេ្ទ​ស​ក៏​ទេសចរណ៍​មួយ​ចំនួន​នៅ​តាម​ទី​អារាម​ទាំងនោះ ដើម្បី​ជួយ​ពន្យល់ និង​អធិប្បាយ​អំពី​សាវតារ និង​ក្បាច់ចម្លាក់​នានា​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា ឬ​សិក្សា​ស្រាវជ្រាវ ។ «​បច្ចុប្បន្ន​វត្ត​គំរូ​ទាំង​១០​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​ខេត្តបាត់ដំបង​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​មិន​ចាញ់​បណ្ដា​ខេត្ត​នៃ​ប៉ូ​ល​ទេសចរណ៍​សំខាន់​ៗ​នៃ​ប្រទេស​កម្ពុជា​នោះ​ឡើយ ។

ជាក់ស្ដែង​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​នោះ​ចំនួន​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូល​មក​ទស្សនា​កម្សាន្ត​ខេត្តបាត់ដំបង​បាន​កើនឡើង​រហូត​ដល់​ជាង​១,៣ លាន​នាក់ ខណៈ​ខេត្តសៀមរាប​មាន​ប្រមាណ​១,២ លាន​នាក់​ប៉ុណ្ណោះ​» ។ មន្ត្រី​ក្នុង​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ថ្លែង​ថា ក្រៅពី​ការ​ទស្សនា​ទីក្រុង​សត្វ​ស្លាប​ទឹក​ក្នុង​តំបន់​ព្រែក​ទាល់ ប្រាសាទបុរាណ ល្អាង​ភ្នំ​ធម្មជាតិ វត្ត​អារាម​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ និង​សំណង់​អគារ​សម័យ​បារាំង ខេត្តបាត់ដំបង​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ជាទី​ទាក់ទាញ​ចំណាប់អារម្មណ៍​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​កន្លែង​ទៀត​ដូច​ជា រមណីយដ្ឋាន​ទឹកធ្លាក់​សេក​សក អាង​កំពីងពួយ ក​ង្ហ​ត​ជ្រលង​បុព្វ​តា កោះ​១០០០​ជាដើម ។

មន្ត្រី​ជំនាញ​សាលាខេត្ត​បាន​បញ្ជាក់​បន្ថែម​ថា ដើម្បី​លើក​សម្រស់​ទីក្រុង​បាត់ដំបង​ឲ្យ​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​ក៏​បាន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​សំណង់​អគារ​បុរាណ ប្រវត្តិសាស្ត្រ​ទាំងនោះ​រៀបចំ​លាប​ពណ៌​សំណង់​អគារ​របស់​ខ្លួន​ឲ្យ​បាន​ស្អាត​ឡើង​វិញ នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០ ខាង​មុខ​នេះ ដោយ​ពណ៌​ដែល​តម្រូវ​ឲ្យ​លាប​នោះ គឺ​ពណ៌​លឿងខ្ចី និង​ពណ៌​ស ឬ​អាច​មាន​ពណ៌​ផ្សេង​ទៀត គឺ​អាស្រ័យ​ដោយ​ប្រភេទ​នៃ​សំណង់​អគារ​នីមួយ​ៗ ។

ចំណែក លោក គឹ​ម សុ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​បាន​ប្រាប់​ថា តាម​រយៈ​សំណង់​អគារ និង​ទី​បុរាណ​ដ្ឋា​ន​វប្បធម៌ ប្រវត្តិសាស្ត្រ​ទាំងនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កំពុង​រៀបចំ​ដាក់​សំណើសុំ​ការ​គាំទ្រ​ពី​អង្គការ​យូ​ណេ​ស្កូ (UNESCO) ក្នុង​ការ​ដាក់​បញ្ចូល​ទីក្រុង​បាត់ដំបង​ទៅ​ជាទី​ក្រុង​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ ។ លោក​បន្ត​ថា ៖ «​បើ​យើង​និយាយ​ដល់​សំណង់​អគារ​បុរាណ​នា​សម័យ​បារាំង និង​មុន​សម័យ​បារាំង ក្រុង​បាត់ដំបង មាននៅ​សេសសល់​ច្រើន​ជាងគេ ដែល​សំណង់​ខ្លះ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ ។

បច្ចុប្បន្ន ក្រសួង​-​មន្ទីរ​ជំនាញ​យើង​បាន និង​កំពុង​ដំណើរការ​រៀបចំ​ចងក្រង​ឯកសារ​សំខាន់​ៗ ដើម្បី​ដាក់​សំណើសុំ​ការ​គាំទ្រ​ពី​អង្គការ UNESCO ដាក់​បញ្ចូល​ក្រុង​បាត់ដំបង​ទៅ​ក្នុង​បញ្ជី​ក្រុង​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​ពិភពលោក​» ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ