«​សត្វ​ទោម​» អត់​សូវ​មាន​អ្នក​ស្គាល់​ទេ​…​បង្ក្រាប​បាន​ពី​ជនសង្ស័យ


ខេត្តកំពង់ឆ្នាំង ៖ សត្វ​ស្លាប​ឈ្មោះ​សត្វ​ទោម​ចំនួន​១៣០​ក្បាល បាន​ត្រូវ​កងរាជអាវុធហត្ថ​ស្នាក់​ការ​B០៤​ល្បាត​ប្រទះ​ឃើញ ហើយចាប់​ឃាត់​ជាមួយនឹង​មនុស្ស​៦​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកក្កដា ខណៈ​ជន​ទាំងនោះ​ដឹក​ឆ្លងកាត់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ ខណៈ​បងប្អូន​ពលរដ្ឋ​ខ្លះក៏​មិនស្គាល់ប្រភេទ​សត្វស្លាបនេះទេ ដូច្នេះ គួរតែ​ចូលរួមថែរក្សា​ប្រភេទ​សត្វ​កម្រនេះផង​។

មន្ត្រី​កងរាជ​អាវុធហត្ថ​ស្នាក់​ការ​B០៤ បាន​ឲ្យ​ដឹង​ថា ខណៈ​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​ល្បាត​តាម​ផ្លូវទឹក ក៏​ប្រទះ​ឃើញ​កាណូត​បា​ឡាស្មាច់​១​គ្រឿង ​មាន​មនុស្ស​ជិះ​៦​នាក់​គួរ​ឲ្យ​សង្ស័យ ក៏​ស្កាត់​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួត​ពី​និត្យ ស្រាប់តែ​ឃើញ​មាន​សត្វ​ទោម​ជា​ច្រើន​ក្បាល ដែល​ជនល្មើស​ដាក់​ក្នុង​លប​ស្បៃ​មុង ហើយ​ក៏​បាន​ចាប់​ឃាត់​នាំ​យក​មក​ស្នាក់​ការ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​៦​នាក់​មាន ១-​ឈ្មោះ ឡាយ ថង អាយុ​២០​ឆ្នាំ ២-​ឈ្មោះ កា បូ​លី អាយុ​៣៣ឆ្នាំ ៣-​ឈ្មោះ ហុ​ក ឆុង អាយុ​៣៦​ឆ្នាំ ៤-​ឈ្មោះហុ​ក សិត អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ តូច ស្រ៊ុ​ន អាយុ​៣៥​ឆ្នាំ និង​៦-​ឈ្មោះ សុខ ខេ​ង អាយុ​៣៧ឆ្នាំ ។ ពួក​គេ​ទាំង​៦​នាក់ រស់នៅ​ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ប្រកប​មុខរបរ​ទាក់​សត្វ​ស្លាប​គ្រប់​ប្រភេទ​យូរ​ឆ្នាំ​មក​ហើយ ទើប​ចាប់​បាន​ម្តងនេះ ។

ប្រភព​ដដែល​បន្ត​ថា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា កម្លាំង​កងរាជអាវុធហត្ថ​បាន​ទាក់ទង​ទៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​មក​ធ្វើ​កំណត់ហេតុ​ប្រគល់​-​ទទួល និង​បន្ទាប់​មក​យក​សត្វ​ទោម​ទាំង​១៣០​ក្បាល​ទៅ​លែង​នៅ​បឹង​ធម្មជាតិ ចំណុច​ទំនប់​២០ ឧសភា ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ជាប់​ព្រំប្រទល់​ឃុំ​មេលំ ស្រុក​បរិបូណ៌ ។

ដោយឡែក មនុស្ស​ទាំង​៦​នាក់​ដោយ​មាន​សំណូមពរ​ពី​ក្រុម​គ្រួសារ​និង​អាជ្ញាធរ​មូលដ្ឋាន ដោយសារ​អ្នក​ទាំង​៦​នាក់​ជា​ជន​ក្រីក្រ​ជា​ខ្លាំងផង​នោះ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​គ្រាន់តែ​បាន ធ្វើការ​អប់រំ​ឱ្យ​បញ្ឈប់​សកម្ម ភាព​ដាក់​ធ្នាក់​ចាប់​យក​សត្វ​ទោម​ដែល​ជា​សត្វ​ដ៏​កម្រ ចាប់ពី​ពេល​នេះ​តទៅ​ឱ្យ​ចេះ​រាង ឱ្យ​ឈប់​ប្រកប​របរ​នេះ ទើបបាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ