សែន រ៉ា​ឌី និង​ភរិយា កាក់កប​នឹង​អាជីព​ថ្មី​ស្ទើរតែ​ភ្លេច​សង្វៀន​ប្រដាល់


រាជធានី​ភ្នំពេញ ៖ រយៈពេល​ជិត​មួយ​ឆ្នាំ​ក្នុង​ចំណងអាពាហ៍ពិពាហ៍ កីឡាករ​ល្បីឈ្មោះ សែន រ៉ា​ឌី កាន់តែ​បាត់​មុខ​ពី​ការ​ប្រដាល់ ប៉ុន្តែ​គេ​ឃើញ​លោក​កាក់កប​ក្នុង​មុខរបរ​ថ្មី និង​កាន់ តែ​មាន​សុភមង្គល​ជាមួយ​ភរិយា រហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​លោក​លែង​ចង់​នឹកនា​ដល់​ការ​ប្រដាល់​នា​ពេល​ចុង​ក្រោយ​។

នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ លោក សែន រ៉ា​ឌី ស្ទើរតែ​បំភ្លេច​ចោល​នូវ​អាជីព​ប្រដាល់​តែ​ម្ដង ដោយ​លោក​ស្លៀកពាក់​ស្អាត​ៗ​ដល់​ថ្នាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​មិន​ចាប់អារម្មណ៍​ថា​លោក​គឺជា​អ្នក​​ប្រដាល់​​ផង ។ ខុស​ពី​មួយ​រយៈ​មុន​ដែល​លោក​រមែង​បង្ហោះ​ពី​ការងារ​កីឡា និង​មុខរបរ​បុកល្ហុង សែន រ៉ា​ឌី បែរជា​បង្ហោះ​ពី​ការងារ​លក់​រថយន្ត​យ៉ាង​ផុលផុស​ជា​ជំនួស​។

យ៉ាងណាមិញ​លោក​ប្រកាស​ថា រថយន្ត​ដែល​លោក​ប្រកាស​លក់​នៅ​ក្នុង​ហ្គា​រ៉ា​ស់​មិនមែន ជា​របស់​ខ្លួន​ឬ​គ្រួសារ​ខ្លួន​នោះ​ទេ ដោយ​លោក​ឈរ​លក់​ឱ្យ​បងធម៌​របស់​ខ្លួន​ដើម្បី​បាន កម្រៃ​ខ្លះ​ពី​ការ​ចំណេញ​ប៉ុណ្ណោះ​។ ស្ទើរ​ជា​រៀងរាល់ថ្ងៃ លោក​ផុស​តែ​មុខរបរ​លក់​រថយន្ត និង​ជួយ​លក់​ភរិយា ខណៈ​ដែល​ភរិយា​របស់​លោក​ក៏​សកម្ម​ក្នុង​ជំនួញ​ផ្សាយ​លក់​រ៉ូ​ប និង​ខោអាវ​ដែល​មើលទៅ​កាក់កប​គ្រាន់បើ ។ ប្ដី​ប្រពន្ធ​មួយគូ​នេះ ត្រូវ​គេ​សរសើរ​ថា​ពូកែ​រក​ស៊ី​ទាំង​វ័យក្មេង បើ​ទោះជា​មុខរបរ​របស់​ពួក​គេ មិនមែន​ជា​មុខរបរ​ធំដុំ និង​មាន​ចំណូល​ខ្លាំង​ក្ដី​។ បន្ថែម​ពីលើ​ការ​បង្ហោះ​ពីមុខ​របរ សែន រ៉ា​ឌី ក៏​បង្ហោះ​ពី​ស្នេហា​ផ្អែមល្ហែម​ជាមួយ​ភរិយា ធ្វើ​ឱ្យ​អ្នក​អត់​លិទ្ធ​មួយ​ចំនួន​ច្រណែន​ណាស់​ដែរ​ជា​ពិសេស​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ដោយសារ​តែ សែន រ៉ា​ឌី បង្ហោះ​ជូនពរ​ថ្ងៃកំណើត​ភរិយា និង​រំលឹក​ពី​ប្រវត្តិ​ស្នេហ៍​ជាមួយ​ភរិយា​។

កីឡាករ សែន រ៉ា​ឌី ប្រកាស​ជា​សាធារណៈ​ថា លោក​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​មាន​ភរិយា​ជាទី​ស្រលាញ់ និង​មាន​ប្រាក់​ចំណូល​មួយ​ល្អ​ប្រសើរ​ពី​អ្វី​ដែល​លោក​ប្រឹងប្រែង ។ លោក​ថា មុខរបរ​លក់​ឡាន​បាន​ជួយ​ឱ្យ​លោក​មាន​ចំណូល​លែង​ខ្វល់​ពី​ការ​ដាច់​បាយ ខណៈ​លោក​ក៏​មិន​ឡើង​ប្រដាល់​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បាក់ដៃ​បាក់ជើង ដូច​ពេល​លោក​ស្នាក់​នៅ​វត្ត​កាលពីមុន​ដែរ ។ ក្រៅពី​ប្រកាស​លក់​រថយន្ត លោក​ក៏​ចែកចាយ​ដំណឹង​លក់​ស្បែកជើង និង​ដំណឹង​ពី​ភោជនីយដ្ឋាន​មួយ​ចំនួន ដែល​លោក​អះអាង​ថា​គឺជា​អ្នក​រាប់អាន​គ្នា ដែល​ត្រូវ​គេ​ស្គាល់​ថា​មាន​ផលប្រយោជន៍​ក្នុង​ការ​ទ្រទ្រង់​ការ​រស់នៅ​របស់​លោក ។

សែន រ៉ា​ឌី និយាយ​ថា លោក​ត្រូវការ​ពេលវេលា​ក្នុង​ការ​រក​លុយ​ច្រើន​ទៀត ដោយ​ត្រូវការ​ការ​សិក្សា​ពី​ជំនួញ​អន​ឡាញ​ច្រើន​ទើប​លោក​មិនសូវ​ខ្វល់​ពី​ការងារ​ប្រដាល់​នា​ពេល​ចុង​ក្រោយ ។ យ៉ាងណា​ក៏​ដោយ​លោក​ថា មិន​ទាន់​ច្បាស់​ពី​ការ​លាឈប់​នោះ​ទេ ដោយ​លោក​នឹង​នៅ​តែ​ទទួល​ប្រសិនបើ​មានការ​ប្រកួត​ណាមួយ​ដែល​ត្រូវការ​លោក​ម្ដងម្កាល បើ​ទោះជា​មុន​នេះ​បន្តិច​លោក​ធ្លាប់​ប្រកាស​ថា​លែង​ចង់​ប្រដាល់​ក្ដី ។

សែន រ៉ា​ឌី ហាក់​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ពី​ជីវិត​ឯកជន និង​ជីវិត​ស្នេហា​ច្រើន​ជាង ដោយ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​សរសើរ​ថា លោក​គឺជា​កីឡាករ​ដែល​មានសំណាង មាន​ភរិយា​ស្រស់​ស្អាត​ពូកែ​រក​ស៊ីហើយ​លោក​ក៏​ទទួល​ជោគជ័យ​នឹង​មុខ​ជំនួញ​លក់​ឡាន​មិន​ខុស​គ្នា​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ