ក្រសួងការបរទេស​កម្ពុជា​ប្រតិកម្ម​ការ​ចេញផ្សាយ​ទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត


រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​សម្តែង​ប្រតិកម្ម​ជាមួយនឹង​ការ​ចេញផ្សាយ​របស់​ទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​ថា អា​មេ​រិ​ក​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​២០១៨​កន្លង​មក ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៣១ កក្កដា​នេះ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​កត់សម្គាល់​ឃើញ​នូវ​អាកប្បកិរិយា​ខ្វះ​ការទូត និង​មិន​គោរព​មួយទៀត​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ចំពោះ​កម្ពុជា​ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ ។

តាម​រយៈ​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថានទូត​បាន​ផ្សព្វផ្សាយ​នូវ​បទ​អត្ថាធិប្បាយ​ខុសឆ្គង​វាយប្រហារ​លើ​ភាព​ត្រឹមត្រូវ​នៃ​ការ​របោះ​ឆ្នោត​ទូទៅ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៨ ។ ប្រភព​បញ្ជាក់​ថា​« យើង​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ​ថា ទ​ង្វើ​វាយប្រហារ​ដ៏​គ្រើ​ន​បែប​នេះ​ដែល​រំលោភ​បំពាន​ទៅ​លើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែ ន​ស្តី​ពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៦១ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ស្ថាន​បេសកកម្ម​ដែល​តំណាង​ឱ្យ​ប្រទេស​ដែល​មាន​អារ្យធម៌​មួយ​« ។

ក្រសួងការបរទេស​បាន​បន្ត​ថា សូម​រំលឹក​សារ​ជា​ថ្មី​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ពី​ភាព​ចាំបាច់​នៃ​ការ​អនុវត្ត​តាម​មាត្រា​១​នៃ​ធម្មនុញ្ញ​ការ​សហប្រជាជាតិ​ដែល​ចែង​យ៉ាង​ច្បាស់​ថា គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​ទាំងឡាយ​របស់​អង្គការសហប្រជាជាតិ​គឺ «​ត្រូវ​កសាង​ទំនាក់ទំនង​មិត្តភាព​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ដោយ​ផ្អែក​លើ​ការ​គោរព​គោលការណ៍​នៃ​សិទ្ធិ​ស្មើភាព​គ្នា និង​សិទ្ធិ​ស្វ័​យស​ម្រេច​របស់​ប្រជាជន និង​ត្រូវ​ចាត់វិធានការ​សម​ស្រប​ទាំងឡាយ​ផ្សេង​ទៀត ដើម្បី​ពង្រឹង​សន្តិភាព​សកល ។

លើស​ពី​នេះ​ទៀត​មាត្រា​៤១​នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ស្តី​ពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៦១ ចែង​យ៉ាង​ច្បាស់​ថា​៖ ក​. បុគ្គល​គ្រប់​រូប​ដែល​ទទួល​បាន​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​បែប​នេះ​មាន​ករណី​កិច្ច​គោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​របស់​ប្រទេស​ម្ចាស់ផ្ទះ ។ ទន្ទឹម​នឹង​នេះ​ពួក​គេ​ក៏​មាន​ករណី​កិច្ច​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នោះ​ដែរ ។ ខ​. និវេសនដ្ឋាន​ទាំងឡាយ​របស់​ស្ថាន​បេសកកម្ម​មិន​ត្រូវ​បាន​ប្រើប្រាស់​តាម​របៀប​ណាមួយ​ដែល​មិន​ស្រប​តាម​មុខងារ​របស់​ស្ថាន​បេសកកម្ម​ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​នេះ ឬ​ដោយ​វិធាន​ច្បាប់​អន្តរជាតិ​ទូទៅ​ផ្សេង​ទៀត ឬ​ដោយ​កិច្ចព្រមព្រៀង​ពិសេស​ណាមួយ​ជា​ធរមាន​រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​ម្ចាស់ផ្ទះ ។

ក្នុង​គោលដៅ​នេះ​គោលការណ៍​សមភាព​អធិបតេយ្យ​របស់​រដ្ឋ​បូរណភាព​ដែនដី និង​ការ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ត្រូវ​តែ​គោរព​ឱ្យ​បាន​ពេញលេញ ។ ក្រសួង​បាន​បន្ថែម​ថា​ទោះបីជា​មានការ​អំពាវនាវ​របស់​ក្រុម​ក្រៅច្បាប់​ឱ្យធ្វើ​ហិប​ការ​បោះ​ឆ្នោត​ក៏​ដោយ​ក៏​ការ​បោះ​ឆ្នោត​សកល កាលពី​ឆ្នាំ​មុន​មាន​ចំនួន​អ្នកចូលរួម​បោះ​ឆ្នោត​រហូត​ដល់​៨៣,០២​ភាគរយ ពោល​គឺជា​អត្រា​ខ្ពស់​បំផុត​មួយ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​នានា​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ជា​យូរ​មក​ហើយ ។ ការ​បោះ​ឆ្នោត​នោះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សន្តិភាព​មាន​សណ្តាប់ធ្នាប់ សេរី និង​យុត្តិធម៌ ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ពី​សំណាក់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់ ។

លើស​ពី​នេះ​ទៀត​តួលេខ​នេះ​ក៏​បញ្ជាក់​ពី​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​ចង់បាន​ការ​បន្ត​កិច្ច​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​មាគ៌ា​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ជា​និរន្តរ៍ ក៏​ដូច​ជា ការ​បន្ត​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​លើ​គណបក្សកាន់អំណាច ។ ការ​បដិសេធ​ចំពោះ​ការ​ពិត​ទាំងនេះ​ស្មើនឹង​ការ​វាយប្រហារ​ទៅ​លើ​ឆន្ទៈ​សេរី​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន​បំផុត ក៏​ដូច​ជា លើ​សុច្ចរិត​ភាព​របស់​អ្នក​សង្កេតការណ៍​ទាំងអស់​ដែល​បាន​វាយតម្លៃ​ការ​បោះ​ឆ្នោត​លើ​ទីតាំង​ជាក់ស្តែង ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួងការបរទេស​ក៏​បាន​អះអាង​ថា សកម្មភាព​មួលបង្កាច់​ឥត​ឈប់​ឈរ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក មិន​ត្រឹមតែ​ប្រព្រឹត្ត​ទៅ​ផ្ទុយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​ប្រកបដោយ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​មិត្តភាព​លើ​គ្រប់​វិស័យ​ជាមួយនឹង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ចោទ​ជា​សំណួរ អំពី​គោលបំណង​ស្មោះត្រង់​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ចំពោះ​កម្ពុជា​ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ