គ​.​ជ​.​ប ប្រកាស​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​2019 ជា​ផ្លូវការ​មាន​ពលរដ្ឋ​ជាង​8,6​លាន​នាក់


រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​ប្រកាស​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៩​ជា​ផ្លូវការ ក្រោយ​ពី​បិទ​បញ្ចប់​ការ​ដោះស្រាយ​បណ្តឹងតវ៉ា ដែល​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​ខាង​មុខ​ធានា​បាន​ភាព​ពេញលេញ ភាព​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ផ្តល់​សុពល​ភាព និង​ដាក់​ឲ្យ​ប្រើប្រាស់​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៩ នៅ​ទីស្តីការ គ​.​ជ​.​ប នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា លោក នុ​ត សុខុម អនុប្រធាន​គ​.​ជ​.​ប បាន​ប្រកាស​ថា បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​៨.៦២៩.៣៥៧​នាក់ ស្មើនឹង​៨៤,៧៤​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវប៉ាន់​ស្មាន​គ្រប់​អាយុ​បោះ​ឆ្នោត​សរុប ។

ការ​ប្រកាស​សុពលភាព​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី គ​.​ជ​.​ប បញ្ចប់​ការ​ដោះស្រាយ​បណ្តឹងតវ៉ា និង​បណ្តឹង​ជំទាស់​ចំនួន​៦​បណ្តឹង​ចប់​ជា​ស្ថាពរ​ក្នុង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ខែ
មិថុនា ដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ប្រជាពលរដ្ឋ​ប្តឹង​សុំ​រក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឡើង​វិញ ក្រោយ​ពី គ​.​ជ​.​ប បាន​លុប​ជា​បណ្តោះអាសន្ន ។

លោក នុ​ត សុខុម មាន​ប្រសាសន៍​ថា គោលដៅ​និង​ប្រព័ន្ធ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​បាន​កំណត់​ឡើង​ដើម្បី​ឲ្យ​ការ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ធានា​បាន​នូវ​ភាព​ពេញលេញ ភាព​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព ។ លោក​បន្ត​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាន​សិទ្ធិ​សុំ​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ច្បាប់​ថតចម្លង​ដោយ​បង់ថ្លៃ ។ លោក​បញ្ជាក់​ថា បញ្ជី​បោះ​ឆ្នោត​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់ គ​.​ជ​.​ប ត្រូវ​បាន​រក្សា​ភាព​សម្ងាត់​របស់​ប្រជាពលរដ្ឋ ។

បើ​តាម​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់ និ​ច​ហ្វិ​ក បាន​សង្កេត​ឃើញ​ថា ការ
ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ ២០១៩​នេះ មាន​ភាព​រលូន​ច្រើន ដោយ​គ្មាន​បណ្តឹងតវ៉ា​ច្រើន​ដូច​បណ្តា​ឆ្នាំ​កន្លង​ទៅ បើ​ទោះជា​ក្នុង​ដំណាក់កាល​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​គ្រប់​អាយុ​បោះ​ឆ្នោត និង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ពី​មុន​មក បាន​ទៅ​ចុះ​ឈ្មោះ​តែ​ជាង​១០​ម៉ឺន​នាក់​ក្តី ។

គួរ​បញ្ជាក់​ថា គ​.​ជ​.​ប បាន​ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២២ ខែឧសភា បន្ទាប់​ពី​ប៉ាន់​ស្មានថា ប្រជាពលរដ្ឋ​ខ្មែរ​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ និង​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក មាន​ប្រមាណ​ជាង​៣៧​ម៉ឺន
នាក់ ព្រមទាំង​មាន​ប្រជាពលរដ្ឋ​ផ្លាស់​ទីលំនៅ ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី និង​អ្នក​ទទួលមរណភាព ។

លទ្ធផល​ចុង​ក្រោយ​នេះ គ​.​ជ​.​ប ក៏​បាន​សម្រេច​លុបឈ្មោះ​អ្នកបោះឆ្នោត​ចេញពី​បញ្ជី
សរុប​ចំនួន​៤២.៩១៧​នាក់ ទៅ​លើ​អ្នក​ទទួលមរណភាព អ្នក​បាន​ផ្លាស់​លំនៅ​ឋាន ឬ​ទី​សំណាក់​ចេញ​ទៅ​ឃុំ សង្កាត់​ផ្សេង ដោយ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​ត្រឹមត្រូវ អ្នក​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោតបណ្តោះអាសន្ន និង​អ្នកមាន​ឈ្មោះ​ស្ទួន​ជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ