ជនជាតិ​ដើម​ភាគតិច​មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យ​បុរាណ


ខេត្តសៀមរាប ៖ «​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រវត្តិសាស្ដ្រ​កម្ពុជា​» ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​អង្គ​/​នាក់ ។ ដែល​មាន​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន នរ​វិទូ មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បម្រើ​ការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា ។

តាម​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​យោង​លើ​ភស្ដុ​តាង​ប្រវត្តិសាស្ដ្រ អក្សរសាស្ត្រ និង​នរៈវិទ្យា ជនជាតិ​ដើម​ភាគតិច​មាន​ប្រវត្តិ​ទាក់ទង​ជ្រាលជ្រៅ​ជាមួយ​រាជការ​ខ្មែរ​នា​សម័យ​បុរាណ ។ បើ​គេ​យក​ភស្ដុ​តាង​ដូច​លើក​ខាងលើ​មក​និយាយ ជនជាតិ​ដើម​ភាគតិច​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជការ ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌ និង​សង្គម​ខ្មែរ​បុរាណ​ផង ។ ទំនាក់ទំនង​ទាំងនោះ​អាច​មើលឃើញ​ក្នុង​កិច្ច​ពិធី​ផ្សេង​ៗ​ដែល​រៀបចំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​តាំងពី​កើត​រហូត​ដល់​ស្លាប់ ។

លោក អាំង ជូ​លាន នរ​វិទូ និង​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុង​បាឋកថា​នៅ ពេល​នោះ​បាន​ពន្យល់​ថា មិន​ថា សម័យ​បុរាណ និង​បច្ចុប្បន្ន គេ​ពិបាក​កំណត់​ចំនួន​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ណាស់​ព្រោះថា ត្រូវការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ប្រាកដ ហើយ​ជា​ការងារ​របស់​ភាសា​វិទូ​តែ​ម្ដង​ព្រោះ​តែង​មាន​ភាសា​មួយ​ចំនួន​បាន​បាត់បង់​ជា​បណ្តើរ​ៗ ។ មាន​ជនជាតិភាគតិច​មួយ​ដែល​លោក អាំង ជូ​លាន លើក​មក​និយាយ និង​ហាក់​មាន​ទំនាក់ទំនង​ខ្លាំង​ទៅ​នឹង​រាជការ​ខ្មែរ​សម័យ​បុរាណ​នោះ គឺ​ជនជាតិ​កួយ ។ ជនជាតិ​នេះ​មាន​ភាព​លេចធ្លោ​ជាងគេ​ដោយសារ​សម័យ​បារាំង​មាន​ឯកសារ​និយាយ​ច្រើន​ពី​ជនជាតិ​មួយ​នេះ ។ បារាំង​បាន​លើកតម្កើង​ជនជាតិ​មួយ​នេះ​ដោយ​មាន​ជំនាញ និង​ទេព​កោសល្យ​ខាង​វិជ្ជា​ស្លដែក​ដ៏​ប៉ិនប្រសព្វ ។ «​បារាំង​បាន​បន្សល់​ទុក​នូវ​ឯកសារ​ជា​ច្រើន​ពី​សកម្មភាព​ជីក​ថ្ម​រ៉ែ​ដែក ការ​ស្លដែក​របស់​ជនជាតិ​កួយ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក អាំង ជូ​លាន ។

លោក​អាំង ជូ​លាន បន្ថែម​ថា ជនជាតិភាគតិច​កួយ​ដែល​ល្បីល្បាញ​ក្នុង​ការ​ស្លដែក​នោះ គឺ​កួយ​នៅ​កំពង់ស្វាយ ដែល​ស្ថិត​នៅ​ខេត្តកំពង់ធំ​សព្វថ្ងៃ​រហូត​មាន​ចម្រៀង​ក្នុង​ពិធី​មង្គលការ ដោយ​លើក​សរសើរ​ពី​ដាវ​កំពង់ស្វាយ​នេះ​ដែរ ។ លោក​សាស្ដ្រាចារ្យ​បន្ថែម ៖ « តាម​ការ​ស្រាវជ្រាវ​ពី​បុរាណ​វិទូ​បារាំង​របស់​កួយ​មានគុណ​ភាពល្អ​ជាងដែក​ដែល​បារាំង​យក​ពី​បរទេស​ទៅ​ទៀត តែ​ដោយសារ​ដែក​ពី​បរទេស​គេ​ផលិត​ជា​លក្ខណៈ​ឧស្សាហកម្ម ដូច្នេះ​គេ​លក់​ក្នុង​តម្លៃ​ថោក​ជាង ហើយ​កួយ​ធ្វើ​ដោយ​ដៃ យូរ​ៗ​ទៅ​ក៏​លែង​មាន​អ្នក​ផលិត​បាត់បង់​ទៅ​រហូត​ដល់​សង្គ្រាមលោក​លើក​ទី​២​អស់រលីង​» ។

បើ​ទោះបីជា​មាន​ភស្ដុ​តាង​ថា ជនជាតិ​កួយ​ពូកែ​ខាង​ស្លដែក​ក៏​ពិតមែន តែ​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន បញ្ជាក់​ថា មិនមែន​ជនជាតិ​ខ្មែរ​មិន​ចេះ​នោះ​ទេ ។ បើ​មិន​ចេះ តើ​ធ្វើ​ដូច​ម្ដេច​ទើប​សង់​អង្គរវត្ត​ដ៏​អច្ឆរិយៈ​បែប​នេះ​បាន ? លោក អាំង ជូ​លាន គ្រាន់តែ​ដាក់​ការ​សង្ស័យ​ផ្ទាល់ខ្លួន​ថា ជនជាតិ​កួយ​អាច​មាន​ចំណែក​ក្នុង​រាជការ​ខ្មែរ​សម័យ​បុរាណ​តាម​ចំណែក​ជា​អាវុធ ចំណែក​ក្នុង​ទ័ព​ជាដើម ។ យ៉ាងណា​លោក​អាំង ជូ​លាន បញ្ជាក់​ថា នេះ​ជា​ប្រធានបទ​ដែល​អ្នក ស្រាវជ្រាវ​ត្រូវ​សិក្សា​បន្ត​ទៀត ដើម្បី​ឱ្យ​ច្បាស់​១០០​ភាគរយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ