ម្យ៉ាងដែរ​! អ្នក​ភូមិ​ភ្នំ​លាវ​នាំ​គ្នា​ប្រើ​ឧបករណ៍​ទាំងនេះ​ក្នុង​ការ​រក​ងាវ (មាន​វីដេអូ)


ខេត្តកំពត ៖ គេ​បាន​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នំ​លាវ ក្នុង​ខេត្ត​កែប​ដែល​មិន​មាន​លទ្ធភាព​ទិញ​ទូក​សម្រាប់​ធ្វើ​នេសាទ គឺ​ពួក​គាត់​តែងតែ​ដើរ​រក​ក្ដាមថ្ម​នៅ​ក្នុង​ព្រៃកោងកាង ឬ​រក​គ្រឿង​សមុទ្រ​ផ្សេង​ៗ​ទៀត​ដូច​ជា​ងាវ និង​គ្រែង​ដែល​កប់​ក្នុង​ដីខ្សាច់​តាម​ឆ្នេរសមុទ្រ​ដោយ​ប្រើ​ឧបករណ៍​ផ្សេង​ៗ​ទៅ​តាម​លទ្ធភាព​ដែល​ពួក​គាត់​រកបាន គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

ក្នុង​ការ​ស្វែងរក​ងាវ និង​គ្រែង​ដែល​កប់​ក្នុង​ដីខ្សាច់​តាម​ឆ្នេរសមុទ្រ គឺ​ប្រជាពលរដ្ឋ​មួយ​ភាគ​បាន​ងាក​មក​ប្រើ​ឧបករណ៍​ផ្សេង​ៗ​មួយ​ចំនួន​ដូច​ជា​អ្នកខ្លះ​យក​កាំបិត​កាយ​ដីខ្សាច់​រក​ងាវ​, អ្នកខ្លះ​យក​ស្លាបព្រា​បាយ​កាយ​ដីខ្សាច់​, អ្នកខ្លះ​ទៀត​ធ្វើ​រនាស់ដែក​ខ្វា​ដីខ្សាច់ និង​ខ្លះ​ទៀត​បាន​ចង​ដែក​អូស​ចុះ​អូស​ឡើង​នៅ​ពេល​ដែល​ទឹកសមុទ្រ​នា​ជ ។ ការ​ប្រើ​ឧបករណ៍​ទាំងនេះ​គឺ​អាច​រក​ងាវ​ដែល​កប់​នៅ​ក្នុង​ដីខ្សាច់​តាម​ឆ្នេរសមុទ្រ ។

បើ​តាម​ការ​អោយ​ដឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉​ម វឿ​ន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ប្រាប់​អោយ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​កាយ​ដីខ្សាច់ និង​យក​ដែក​ចង​អូស​ដីខ្សាច់​តាម​ឆ្នេរសមុទ្រ​ដើម្បី​រក​ងាវ​ទាំងនោះ​គឺ​សុទ្ធតែ​អ្នក​ក្រីក្រ ហើយ​ការ​យក​ដែក​ចងអូ​សគឺ​ត្រូវ​សង្កត់​អោយ​ធ្ងន់​បន្តិច​ទើប​អាច​ប៉ះ​ងាវ ហើយ​អ្នក​អូស​ត្រូវ​ឈប់​រើស​ងាវ​សិន ។ ចំណែក​អ្នក កាយ​ដីខ្សាច់ បើ​ប៉ះ​ងាវ​ក៏​ត្រូវ​រើស​យក​ដែរ​។

តាម​ប្រភព​ពី​ស្ត្រី​ដដែល​បាន​ប្រាប់​បន្ត​ថា ពេល​ទឹកសមុទ្រ​នា​ជ គឺ​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ចុះ​មក​ឆ្នេរសមុទ្រ​អស់ហើយ​ដោយ​ប្រើ​ឧបករណ៍​ផ្សេង​ៗ​ក្នុង​ការ​រក​ងាវ ក្នុង​ម្នាក់​ៗ​រកបាន​ពី​២​គីឡូក្រាម​ទៅ​៥​គីឡូក្រាម រួច​យក​ងាវ​ទៅ​លក់​អោយ​អ្នក​ទទួល​ទិញ​នៅ​កែប​បាន​តម្លៃ​តែ​៣​ពាន់​រៀល​ទេ​ក្នុង​១​គីឡូក្រាម ហើយ​គេ​លក់​បន្ត​ឱ្យ​ភ្ញៀវ​ក្នុង​១​គីឡូក្រាម​តម្លៃ​ពី​៨​ពាន់​ទៅ​១​ម៉ឺន​រៀល ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ