កីឡា​E-Sport បន្ត​អះអាង​ថា​ មិនមែន​ជា​ហ្គេ​ម​ពង្វក់​ក្មេង​ៗ


រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ នៅ​តែ​មានការ​យល់​ឃើញ​ថា កីឡា E -Sport ឬ កីឡា​អេ​ឡិច​ត្រូ​និក គឺជា​ហ្គេ​ម​អន​ឡាញ ដែល​ត្រូវ​គេ​យល់​ថា​ជា​ហ្គេ​ម​ពង្វក់​ក្មេង​ៗ និង​មាន​អាណាព្យាបាល​រាប់​មិន​អស់​ទទូច​មិន​ឱ្យ​កូន​ៗ ឬ ក្មេង​ចូល​ពាក់ព័ន្ធ ។ ជាមួយនឹង​ការ​យល់​ឃើញ​នេះ មន្ត្រី​ទទួល​បន្ទុក​បាន​បន្ត​ស្រាយ​បំភ្លឺ និង​ស្នើ​ឱ្យ​យុវវ័យ​ក្មេង​ចូល​លេង ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកជំនាញ​ក្នុង​ប្រភេទ​កីឡា​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​កុំឱ្យ​កម្ពុជា មិន​មាន​ធនធាន​គ្រប់គ្រាន់ ក្នុង​ពេល​ត្រូវការ​អ្នកតំណាង​ចេញ​ប្រកួត​។

មន្ត្រី​ទទួល​បន្ទុក​ទទួលស្គាល់ និង​ថា​កម្ពុជា​ទំនង​ត្រូវការ​ការ​ផ្សព្វផ្សាយ និង​ពេលវេលា​ច្រើន​ទៀត បើ​ចង់ឱ្យ​មានការ​ទទួលស្គាល់​ថា នោះ​គឺជា​ប្រភេទ​កីឡា​លើ​បណ្ដាញ​អុ​ី​ន​ធើ​រ​ណេ​ត​និង​មិនមែន​ជា​ហ្គេ​ម​ពង្វក់​។ លោក​ថា បណ្ដាល​មក​ពី​វិស័យ​កីឡា​មួយ​នេះ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា នឹង​ក្មេង​ៗ​លេង​ហ្គេ​ម ទើប​ធ្វើ​ឱ្យ​អ្នក​ស្គាល់​តែ​សកម្មភាព​លេង​ហ្គេ​ម​ភាគច្រើន មិន​ទទួលស្គាល់​ថា នេះ​គឺជា​ប្រភេទ​កីឡា​ជំនាន់​ថ្មី​ឡើយ ។

លោក ជា ច័ន្ទ​បរិបូរណ៍ អនុប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​បណ្ដុះ​ក្មេង​ៗ​ឱ្យ​ក្លាយជា​កីឡាករ​អាជីព ដោយសារ​តែ​ឳ​ពុក​ម្ដាយ​ក្មេង​ខ្លះ​យល់​ថា នេះ​ជា​សកម្មភាពពង្វក់​កូន​ៗ​ពួក​គាត់​ឱ្យ​ញៀន​ញ៉ាម​នឹង​ហ្គេ​ម ដោយ​មាន​ទាំង​អាណាព្យាបាល​ខ្លះ ហាមឃាត់​មិន​ឱ្យ​ក្មេង​ៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កីឡា​នេះ​ផង​។ យ៉ាងណាមិញ​លោក​ថា សកម្មភាព​របស់​សហព័ន្ធ​នៅ​តែ​បាន​ពង្រឹង​ដោយ​បាន​បណ្ដុះបណ្ដាល​បានកូន​សិស្ស​ក្លាយជា​អ្នកជំនាញ​ច្រើន ដើម្បី​ពង្រីក​ធនធាន ។

លោក​ថា វិស័យ​កីឡា​នេះ​កម្ពុជា​បាន​ពង្រឹងសមត្ថភាព​កីឡាករ​E-Sport យ៉ាង​ខ្លាំង ដោយ​លោក​រំពឹង​ថា អ្នក​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រកួតប្រជែង​យក​មេដាយ​លើ​ឆាក​អន្តរជាតិ​ដោយ​ក្នុង​ពេល​ខាង​មុខ​ផង ។ ក្នុង​នោះ​ការ​ស្វែង​យល់​ពី​វិញ្ញាសា​ថ្មី​ៗ លើ​ប្រព័ន្ធ​យូ​ធូប បូក​រួម​ទាំង​ការ​បង្វឹក​បន្ថែម កីឡាករ​កម្ពុជា​ត្រូវ​បាន​ពង្រឹងសមត្ថភាព​យ៉ាង​យកចិត្តទុកដាក់ ។ លោក​ថា កីឡា​អេ​ឡិច​ត្រូ​និក​បើ​មើល​មួយ​ភ្លែត​គឺ​ស្រ​ដៀង​នឹង​ហ្គេ​ម​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​វា​គឺជា​ហ្គេ​ម​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​កំណត់​ដោយ​វិញ្ញាសា​ច្បាស់លាស់​ជា​សាកល និង​មិនមែន​ជា​ហ្គេ​ម​ដែល​ត្រូវ​លេង​ភ្នាល់​លុយ​នោះ​ទេ ពោល​គឺ​អ្នក​ខ្លាំង​ដែល​ពូកែ​លេង នឹង​បន្ត​ឆ្លង​វគ្គ​ទៅ​កាន់​វគ្គ​បន្តបន្ទាប់​បាន​រហូត​ដែល​មាន​ន័យ​ថា​លេង​បាន​កាន់តែ​ច្រើន​វគ្គ គឺ​កាន់តែ​មាន​ភាព​រហ័ស​នៃ​ខួរក្បាល និង​វៃឆ្លាត ។

លោក ជា ច័ន្ទ​បរិបូរណ៍ បន្ត​ថា ដ្បិតតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនសូវ​ស្គាល់​ថា​នេះ​ជា​កីឡា​ប្រភេទ​ថ្មី ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ​មាន​កីឡាករ​អេ​ឡិច​ត្រូ​និក​សរុប​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ហើយ ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​លេង​នៅ​លើ​អន​ឡាញ​ដែល​សហព័ន្ធ​បង្កើត​ឡើង ។

កីឡា​នេះ​មិន​តម្រូវ​ឱ្យ​កីឡាករ​ជម្រើសជាតិ​ស្ទាត់​តែ​វិញ្ញាសា​ដដែល​ៗ​នោះ​ទេ ហើយ​កីឡាករ​ជម្រើសជាតិ​ក៏​យក​តែ​កីឡាករ​ដែល​ប្រកួត​ឈ្នះ​មួយ​ក្រុម​ៗ​ប៉ុណ្ណោះ ។ ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ សហព័ន្ធ​មាន​កីឡាករ​ជម្រើសជាតិ​សរុប​៤០​នាក់ ដោយ​ក្នុង​នោះ​លើ​វិញ្ញាសា​យុទ្ធ​សី​ល្ប៍​មាន​ចំនួន​២០​នាក់​ស្មើនឹង​៤​ក្រុម និង​កីឡាករ​ក្នុង វិញ្ញាសា​យុទ្ធសាស្ត្រ​ចំនួន​២០​នាក់​ស្មើនឹង​៤​ក្រុម​ដូច​គ្នា ។

កីឡា​មួយ​នេះ កាន់តែ​ទទួល​បានការ​គាំទ្រ​ភាគច្រើន​ពី​សំណាក់​យុវវ័យ​ដោយ​ភាគច្រើន​គឺជា​យុវជន​ក្មេង​ៗ​ដែល​មានចំណេះ​ដឹង​ខ្ពស់ ប៉ុន្តែ​សម្រាប់​មហាជន​មិន​ទាន់​ស្គាល់​ទូលំទូលាយ​ទេ​។ ដើម្បី​អាច​ក្លាយជា​អ្នកជំនាញ​ក្នុង​ប្រភេទ​កីឡា​នេះ​បាន លោក​ថា គឺ​លុះត្រា​បុគ្គល​នោះ​មានចំណេះ​ដឹង​ខ្ពស់​ផ្នែក​កំ​ុ​ព្យូ​ទ័​រ ភាសា​អង់គ្លេស និង​ភាព​រហ័ស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ