កម្ពុជា​ជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​តំបន់​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain


រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង «​បាគង​» ប្រើប្រាស់​បច្ចេកវិទ្យា ប្លុក​ឆេ​ន (Blockchain) សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ថ្មី​ៗ​នេះ មន្ត្រីជាន់ខ្ពស់​ផ្នែក​បច្ចេកទេស​បង្ហាញ​ការ​វាយតម្លៃ​មួយ​ថា កម្ពុជា​អាច​ជា​ប្រទេស​មួយ​ឈានមុខ​គេ​ក្នុង​តំបន់​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ។

អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​លោកស្រី ជា សិរី បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អ្វី​ដែល​យើង​កំពុង​អភិវឌ្ឍន៍​ថ្មី​ជាងគេ​ហើយ​ទើប​ដាក់​ឱ្យ​ដំណើរការ​កន្លង​ទៅ​នេះ​គឺ​ប្រព័ន្ធ «​បាគង​» ។ ប្រព័ន្ធ​បាគង​នេះ​គឺជា​ការ​ទូទាត់ Mobile Payment ដោយ​ប្រើ​បច្ចេកវិទ្យា Blockchain ។ លោកស្រី​បញ្ជាក់​ថា «​ការ​ប្រើ​បច្ចេកវិទ្យា Blockchain ក្នុង​ប្រព័ន្ធ​បាគង​នេះ វា​ក៏​ជា​ទំនើប​កម្ម​មួយ បើ​យើង​និយាយ​ប្រៀបធៀប​ប្រទេស​ទៅ​ក្នុង​តំបន់ និង​ពិភពលោក យើង​ស្ថិត​ក្នុង​ចំណោម​ជា​ប្រទេស​ឈានមុខ​មួយ​ដែល​ប្រើ​បច្ចេកវិទ្យា​» ។

បើ​តាម​ធនាគារជាតិ​នៃ​កម្ពុជា «​ការ​ដាក់​ដំណើរការ​សាកល្បង​ប្រព័ន្ធ បាគង ជាមួយ​ធនាគារ​ដៃគូ​ចំនួន​បួន​ដំបូង​គេ​រួម​មាន​៖ ធនាគារ អេ​ស៊ី​លី​ដា​, ធនាគារ FTB, ធនាគា រ​វឌ្ឍន​: និង​ធនាគារ ឯកទេស​វី​ង ហើយ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ បាគង គឺជា​ដំណើរ​វឌ្ឍនភាព​ក្នុង​យុគសម័យ​ថ្មី​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ យើង​មាន​មោទនភាព​ណាស់​ដែល​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ដ៏​ទំនើប​ចុង​ក្រោយ​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការ​ធ្វើ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ សំដៅ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​» ។

ធន​គារ​ជាតិ​បង្ហាញ​ថា គម្រោង បាគង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា Distributed Ledger Technology(DLT) ក៏​កំពុង​ត្រូវ​បាន​សិក្សា​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន ។ គម្រោង​នេះ​នឹង​រួមចំណែក​ពង្រឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា កាត់​បន្ថយ​ការ​ប្រើប្រាស់​សាច់ប្រាក់​ក្នុង​ទីផ្សារ និង​ចូលរួម​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​រៀបចំ​បទ​ប្ប​ញ្ញាត្តិ ត្រួតពិនិត្យ និង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ស្ថិរភាព និង​និរន្តរភាព នៃ​ដំណើរការ​ប្រព័ន្ធ​ទូទាត់ កាត់​បន្ថយ​ហានិភ័យ​ជា​ប្រព័ន្ធ ការពារ​ផលប្រយោជន៍​អតិថិជន និង​លើកកម្ពស់​ការ​ទូទាត់​សង​ប្រាក់ ជា​អេ​ឡិច​ត្រូ​និក ។ ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម និង​ដាក់​ឱ្យ​ដំណើរការ​ជា​បន្ទាប់​ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​អន្តរ​ធនាគារ​ដែល​រួម​មាន​ប្រព័ន្ធ​ខេ​ម​បូ​ឌា​ស៊ែ​ស្វី​ច​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​បឋម និង​ប្រព័ន្ធ​ទូទាត់​រាយ​ដទៃ​ទៀត ក៏​កំពុង​អភិវឌ្ឍ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កូរ៉េ​តាម​រយៈ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ។

ទន្ទឹម​នឹង​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូទាត់​ដុល​ភ្លាម​ៗ (RTGS) សម្រាប់​សម្រួល និង​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​តម្លៃ​ធំ​អន្តរ​ធនាគារ​ជា​ពិសេស​ប្រតិបត្តិការ​ទូទាត់​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ។ បន្ថែម​លើស​ពី​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ជាតិ ក្រោម​ជំនួយ​បច្ចេកទេស​របស់​ធនាគារពិភពលោក ហើយ​បច្ចុប្បន្ន​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​នេះ​កំពុង​បាន​ពិនិត្យ និង​ពិភាក្សា​បន្ត​ដោយ​ផ្តោត​សំខាន់​លើ​ការ​កំណត់​ផែនការ​សកម្មភាព​ដែល​ត្រូវ​អនុវត្ត ។

ធនាគារជាតិ​សង្កត់ធ្ងន់​ថា «​ដោយ​មើលឃើញ​ពី​កាលានុវត្តភាព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ​ដាក់​ចេញ​នូវ​គោលនយោបាយ​សម​ស្រប​តាម​រយៈ​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព កាត់​បន្ថយ​ហានិភ័យ​នានា​ដែល​អាច​កើត​មាន​ឡើង និង​រួមចំណែក​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ។ ជាមួយ​គ្នា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​រៀបចំ​ផែនទី​ម​គ្គុ​ទេស​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ និង​គ្រប់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ជា​ពិសេស​ការ​ធ្វើតេស្ត​សាកល្បង​ក្រោម​ជំនួយ​បច្ចេកទេស​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB» ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ