អាមេរិក​នឹង​ដាក់​ពន្ធលើ​ទំនិញ​ចិន​តម្លៃ ៣០០ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត


​សហរដ្ឋអាមេរិក​ ៖ ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋអាមេរិក​សម្រេច​ជា​ផ្លូវ​គារ​ដាក់​ពន្ធ ១០ ភាគរយ​បន្ថែម​ទៀត ទៅ​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ដែល​នឹង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែកញ្ញា នេះ​តទៅ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ CNBC ។

លោក​ត្រាំ​បាន​និយាយ​ថា «​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​កំពុង​បន្ត ហើយ​ក្នុងអំឡុងពេល​កិច្ចចរចា​សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១ ខែកញ្ញា ដោយ​ដាក់​ពន្ធ​បន្ថែម​បន្តិចបន្តួច​ត្រឹម ១០% ទៅ​លើ​ទំនិញ​និង​ផលិតផល​មាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ដែល​នាំ​ពី​ប្រទេស​ចិន​ចូល​ក្នុង​ប្រទេស​របស់​យើង​។ យើង​ទន្ទឹងរង់ចាំ​បន្ត​ទៅ​មុខ​នូវ​ការ​សន្ទនា​ជា​វិជ្ជមាន​របស់​យើង​ជាមួយ​ប្រទេស​ចិន​ស្តី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ដ៏​ទូលំទូលាយ​មួយ​ហើយ​មាន​អារម្មណ៍​ថា​អនាគត​រវាង​ប្រទេស​យើង​ទាំង​ពីរ​នឹង​ក្លាយជា​រឿង​ដ៏​ភ្លឺស្វាង​មួយ​» ។

​ការ​ប្រកាស​អំពី​ពន្ធគយ​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ឡើង​វិញ​នៅ​សៀង​ហៃ​នៅ​ស​ប្តា​ហ៍​នេះ​ដែល​ជា​កិច្ចចរចា​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​លើក​ដំបូង​ចាប់តាំងពី​កិច្ចប្រជុំ​ប្រទេស​សមាជិក G-20 នៅ​ជប៉ុន​នោះ​។ សេត​វិមាន​បាន​និយាយ​​កាលពី​ថ្ងៃ​ពុធ​មុន​ពេល​លោក Trump បាន​បង្ហោះ​លើ Twitter ដោយ​បាន​និយាយ​ថា​កិច្ច​ប្រជុំ​គឺ «​មាន​លក្ខណៈ​ស្ថាបនា​» ដោយ​បន្ថែម​ថា​ប្រទេស​ចិន​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ការ​ទិញ​នូវ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋអាមេរិក​។ ការ​ចរចា​ពាណិជ្ជកម្ម​នឹង​បន្ត​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ដើមខែ​កញ្ញា​ខាង​មុខ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​។

​យ៉ាងណា​ក៏​ដោយ វា​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​អ្វី​ដែល​បណ្តាល​ឱ្យ​លោក Trump បញ្ឈប់​សង្គ្រាម​ពាណិជ្ជ​កម្ម​យ៉ាងម៉េច បើ​គាត់​ទើបនឹង​ប្រកាស​យកពន្ធ​ថ្មី​បន្ថែម​លើ​ទំនិញ​របស់​ចិន​ទាំងនេះ​។ មន្ត្រី​សេត​វិមាន​បាន​ប្រាប់​ទីភ្នាក់ងារ CNBC ថា​អ្វី​ដែល​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម Twitter ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​ប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដែល​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ទទួល​របាយការណ៍​ពី​រដ្ឋមន្ត្រីក្រសួង​រតនាគារ លោក Mnuchin និង​អ្នកតំណាង​ពាណិជ្ជកម្ម​លោក Robert Lighthizer ពី​កិច្ចប្រជុំ​របស់​ពួក​គេ​នៅ​ទីក្រុង​សៀង​ហៃ នៅ​ស​ប្តា​ហ៍​នេះ​។

​លោក Trump បាន​និយាយ​បន្ត​នៅ​ថ្ងៃ​ដដែល​ថា ពន្ធគយ​ថ្មី​អាច​ត្រូវ​បាន​ដំឡើង​ដល់​ទៅ​ជាង ២៥% ។ សមរភូមិ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​នៅ​លើ​ពិភពលោក​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​។ លោក Trump បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​ភ្ញាក់ផ្អើល​ម្តង​រួច​មក​ហើយ​កាលពី​ខែ ឧសភា បន្ទាប់​ពី​លោក​បាន​តំឡើង​ពន្ធ​ឡើង ១០ ភាគរយ​ឡើង​ដល់ ២៥ ភាគរយ លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ប្រទេស​ចិន​បាន​សងសឹក​ភ្លាម​ៗ ហើយ​បាន​និយាយ​​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​មិន​ត្រូវ​អាច​សម្រេច​បាន​ឡើយ លើកលែងតែ​កាតព្វកិច្ច​ពន្ធ កំពុង​មាន​ស្រាប់​ត្រូវ​បាន​ដក​ចេញ​ចេញ ។

​ការ​ទិញ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋអាមេរិក​ពី​សំណាក់​ប្រទេស​ចិន នៅ​តែ​ជា​ចំណុច​ដ៏​ធំ​មួយ​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​។ លោក Trump បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្រទេស​ចិន​បាន​យល់ព្រម​ទិញ «​ក្នុង​បរិមាណ​ច្រើន ប៉ុន្តែ​មិន​បាន​អនុវត្ត​នោះ​ទេ​» ។ យ៉ាងណា​ក៏​ដោយ​ប្រទេស​ចិន​បាន​ទទូច​ថា​សណ្តែកសៀង​របស់​អា​មេ​រិ​ករាប់​លាន​តោន​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន​ចាប់តាំងពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ហើយ​ក្រុមហ៊ុន​ជា​ច្រើន​បាន​ធ្វើការ​បញ្ជា​ទិញ​សណ្តែកសៀង​អា​មេ​រិ​ក កប្បាស និង​សាច់​ជ្រូក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សា​រយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន Xinhua ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ