ក្រសួង​កសិក​ម្មៈ ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ចាប់ផ្តើម​ទទួលទាន​សាច់​ជ្រូក​ឡើង​វិញ


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​មាន​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ទទួល​បាន​ព័ត៌មាន​ខុស ដោយ​បំផុស​ថា ការ​បរិភោគ​សាច់​ជ្រូក​នាំ​ឱ្យ​ឆ្លង និង​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​មិន​ហ៊ាន​បរិភោគ​សាច់​ជ្រូក​ទើប​អាជីវករ​លក់​សាច់​ជ្រូក​មានការ​ព្រួយបារម្ភ ។ ប៉ុន្តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី ០៥ ខែសីហា ឆ្នាំ ២០១៩ នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ការ​បរិភោគ​សាច់​ជ្រូក​បាន​កើនឡើង​វិញ​ហើយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​តាម​ទី​សត្តឃាត​នានា នៅ​បណ្ដា​ស្រុក និង​ក្រុង​តាម​បណ្ដា​ខេត្ត​ឃើញ​ថា មាន​សកម្មភាព​មមាញឹក​ឡើង​វិញ ហើយ​នៅ​តាម​កន្លែង​តាំង​លក់​សាច់​ជ្រូក​នានា ក៏​ឃើញ​ថា​មាន​កំណើន​ឡើង​វិញ​ដែរ ។ ការ​បរិភោគ​សាច់​ជ្រូក​ឡើង​វិញ ត្រូវ​បាន​គេ​មើលឃើញ​ថា បន្ទាប់​ពី​ថ្នាក់ដឹកនាំ​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ បរិភោគ​សាច់​ជ្រូក​បន្ត​ទៀត​ចុះ ព្រោះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ គឺ​វា​ចម្លង​ពី​ជ្រូក ទៅ​ជ្រូក​គ្នា​វា​តែ​ប៉ុណ្ណោះ ។

យោង​តាម​អាជីវករ​នៅ​តាម​ផ្សារ​មួយ​ចំនួន​បាន​អះអាង​ថា ពេល​នេះ​ពលរដ្ឋ​ទិញ​សាច់​ជ្រូក​បាន​កើនឡើង​វិញ​ហើយ​បន្ទាប់​ពី​មានការ​បញ្ជាក់​ពី​ថ្នាក់ដឹកនាំ​ថា សាច់​ជ្រូក​លក់​នៅ​លើ​ទីផ្សារ​មាន​សុវត្ថិភាព ។ អាជីវករ​មួយ​រូប​នៅ​ក្នុង​ផ្សារ​ពិភព​ថ្មី​កំ​បូល​បានឱ្យ​ដឹង​ថា ពលរដ្ឋ​យើង ហាក់ដូចជា​ទទួល​ព័ត៌មាន​បាន​លឿន​តែ​ជា​ព័ត៌មាន​ខុស និង​ឆាប់​ជឿ​តាម​គេ ។ ជាក់ស្ដែង គ្រាន់តែ​គេ​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​កថា ហូប​សាច់​ជ្រូក​ប៉ះពាល់​សុខភាព បែរជា​នាំ​គ្នា​ឈប់​ទិញ​សាច់​ជ្រូក និង​ងាក​ទៅ​ទិញ​សាច់សត្វ​ផ្សេង​ទៅ​វិញ បើ​ទោះបីជា​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ក៏​ដោយ ។
អាជីវករ​រូប​នេះ​និយាយ​បន្ត​ថា បច្ចុប្បន្ន​នេះ​ប្រហែលជា​ពលរដ្ឋ​បាន​ព័ត៌មាន​ថ្មី​ពី​ខាង​ណា​ហើយ​ទើប​ពួក​គាត់​យល់​ដឹង និង​ចាប់ផ្ដើម​ទិញ​សាច់​ជ្រូក​ទៅ​បរិភោគ​វិញ តែ​យ៉ាងណា​ក៏​ដោយ មិន​ទាន់​មាន​បរិមាណ​ច្រើន​ដូច​កាលពីមុន​ផ្ទុះ​ជំងឺ​នោះ​ទេ ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជំងឺ​នេះ​គេ​បាន​បញ្ជាក់​ច្បាស់​ហើយ វា​មិនមែន​តែ​កម្ពុជា​ទេ​ដែល​បញ្ជាក់​នោះ គឺ​មានការ​បញ្ជាក់​ច្បាស់​ពី​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ ថា​មិន​ឆ្លង ឬ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ តែ​មនុស្ស​ទៅ​វិញ​ជា​កត្តា​ចម្លងជំងឺ​ពី​ជ្រូក​ទៅ​ជ្រូក ដូច្នេះ​ហើយ​ទើប​ជំងឺ​កើត​នៅ​តំបន់​ណា​គេ​ត្រូវ​កំទេច​ចោល​នៅ​នឹង​កន្លែង ដោយ​មិន​ឱ្យ​មានការ​ដឹក​ចេញពី​កន្លែង​នោះ​ឡើយ ព្រោះ​ខ្លាច​ចម្លង​ទៅ​កាន់​ជ្រូក​នៅ​តំបន់​ផ្សេង ។

លោក​បន្ត​ថា​មុន​ដំបូង​ឡើង​ជំងឺ​នេះ​វា​កើត​នៅ​ឯ​ខេត្ត​រតនគីរី​ឯណោះ​ទេ ហើយ​ឆ្លង​មក​ពី​ប្រទេស​វៀតណាម តាម​រយៈ​អាជីវករ​វៀតណាម​ដឹក​បន្លែ​ត្រី​សាច់​មក​លក់​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​ជាយ​ដែន ទើប​ឆ្លង​មក​កាន់​ជ្រូក​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នោះ​តែ​ម្ដង ។ ក្រោយមក​ទៀត​ក៏​ឆ្លង​ទៅ​តំបន់​ខេត្តតាកែវ តែ​មិនមែន​ឆ្លង​ពី​រតនគីរី​ទេ គឺ​មក​ពី​ការ​ដឹក​សត្វ​ជ្រូក​មាន​ជំងឺ​នេះ ពី​វៀតណាម​ចូល​មក​ទឹកដី​ខ្មែរ ហើយ​ក៏​បាន​ចម្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ផ្សេង​ទៀត ។ លោក​ថា​៖ «​យ៉ាងណា​ក៏​ដោយ​ក្រុម​មន្ត្រី​ជំនាញ និង​សមាគម​បាន​សហការ​កំទេច​ចោល​នៅ​នឹង​កន្លែង​សម្រាប់​ជ្រូក​ណា​ដែល​ឃើញ​មាន​ផ្ទុក​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក និង​មិន​ឱ្យ​ដឹក​ឆ្លងកាត់​តំបន់​ឡើយ ដូច្នេះ​ហើយ​ទើប​យើង​ប្រកាស​ថា សាច់​ជ្រូក​ដែល​លក់​នៅ​លើ​ទីផ្សារ​ជា​សាច់​ជ្រូក​ល្អ ជា​ជ្រូក​មិនកើត​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នោះ​ទេ សូម​បងប្អូន​ប្រជាពលរដ្ឋ បរិភោគ​តាម​សប្បាយចិត្ត​ចុះ​» ។

គួរ​បញ្ជាក់​ថា កន្លង​មក​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បរិភោគ​សាច់​ជ្រូក​ឡើង​វិញ ដើម្បី​ជួយ​ដល់​ជីវភាព​អ្នក​ចិញ្ចឹម​ជ្រូក ។ ក្រោយមក​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន ក៏​បាន​បំផុត​នូវ​សកម្មភាព​បរិភោគ​សាច់​ជ្រូក​តាម​បណ្ដា​ខេត្ត និង​ស្រុក​នានា​ផង​ដែរ ជាក់ស្ដែង​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី សមាជិក​ព្រឹទ្ធសភា​កម្ពុជា ក៏​បាន​រៀបចំ​ឱ្យ​មានការ​បរិភោគ​សាច់​ជ្រូក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ផ្ទាល់​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ