លំបាក​ណាស់​ផ្គុំ​ថ្ម​១​ម៉ឺន​បំណែក​ជា​ទម្រង់​បដិមា​ដើម​វិញ


ខេត្តសៀមរាប​៖ បដិមា​ព្រះ​សិវៈ​រាំ កម្ពស់​៥​ម៉ែត្រ មាន​ព្រះ​សិរ​២​ជាន់ ព្រះ​ភ័ក្ត្រ​៥ ព្រះ​ហស្ត​១០ មាន​ប្រភព​ពី​ប្រាសាទក្រហម​នៅ​កោះ​កេរ នា​សតវត្សរ៍​ទី​១០​នៃ​គ្រឹ​ស្ត​សករាជ ស្ថិត​ក្នុង​សភាព​បាក់បែក​ចំនួន​១០០០០​​បំណែក បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ អាជ្ញាធរ​ជាតិ​អប្សរា សារមន្ទីរ​ជាតិ​ភ្នំពេញ និង​សាលា​បារាំង​ចុង​បូព៌ា​កំពុង​ជួសជុល​ផ្គុំ​រូបរាង​ឡើង​វិញ​តាម​ទម្រង់​ដើម ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​៥ សីហា ២០១៩ ផ្សា​យថាភាព​ខ្ទេចខ្ទាំ​រាង​កាយ​រាប់​ម៉ឺន​បំណែក​នៃ​បដិមា​ព្រះ​សិវៈ​រាំ បណ្តាល​មក​ពី​កត្តា​ធម្មជាតិ​នៃ​អាយុកាល ភាព​វឹកវរ​នៃ​សង្គ្រាមស៊ីវិល និង​ពួក​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​ឆ្លៀតឱកាស​ស្រុក​ទេស​គ្មាន​សុខ​សន្តិភាព ក៏​បាន​អារកាត់​ព្រះ​សិរ​យក​ទៅ​ជួញដូរ ហើយ​វាយ​បំបែក​រូបរាង​កាយ​ដែល​ពុក​ផុយ​ឱ្យ​បែក​ខ្ទេច គួរ​ឱ្យ​សង្វេគ​បុរាណវត្ថុ​ដ៏​ធំ​នេះ​ក្រៃ ។

ទាក់ទង​នឹង​ការ​ប្រមូល​បំណែក​នៃ​ព្រះ​សិវៈ​រាំ​មក​អភិរក្ស​ឡើង​វិញ គឺ​នៅ​ឆ្នាំ​២០១២ សាលា​បារាំង​ចុង​បូព៌ា បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​រួម​គ្នា​ដើម្បី​ប្រមូល​នូវ​បំណែក​នៃ​ព្រះ​សិវៈ​រាំ​ដែល​សេសសល់​ពី​ការ​បំផ្លាញ​ទាំង​ក្នុង​ដី​ខ្លះ និង​គរ​លើ​ដី​លាយឡំ​នឹង​បំណែក​ឥដ្ឋ​ខ្លះ មក​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ក៏​ប៉ុន្តែ​ដោយសារ​នៅ​ទីនោះ​មានការ​លំបាក​ក្នុង​ការ​ជួសជុល ក៏​បាន​ផ្ទេរ​មក​អភិរក្ស​ដ្ឋា​ន​អង្គរ​វិញ ។ ក្នុង​ការ​ជួស​ជុល​នេះ​ក៏​បាន​យក​បំណែ​កដៃ​ចំនួន​៥ និង​ព្រះ​ភ័ក្ត្រ​ចំនួន​ពីរ​មក​ពី​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដែល​បារាំង​បាន​យក​ទៅ​រក្សា​ទុក​នៅ​ឆ្នាំ​១៩៦០ ដើម្បី​ផ្គុំ​ឱ្យ​ចេញ​រូបរាង​ដើម​វិញ ។

ចំពោះ​ដំណើរការ​ជួសជុល លោក​ឆាន់ ចំរើន អនុប្រធាន​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌​បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ការ​ជួល​ជុល និង​ផ្គុំ​បំណែក​បដិមា​ព្រះ​សិវៈ​រាំ បាន​ដំណើរ​ការ​ជាង​២​ខែ​មក​ហើយ ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ខ្មែរ​មក​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​សារមន្ទីរ​ជាតិ​ភ្នំពេញ ។ ជា​លទ្ធផល​ផ្គុំ​បាន​ផ្នែក​ទ្រូង ការ​ព្យា​បាល​ពង្រឹង​ថ្ម​ដែល​ពុក​ផុយ​ខ្លះ រួម​ទាំង​ផ្នែក​ផ្សេង​ៗ​ទៀត ។ ជា​ការ​សោកស្តាយ​ដែល​ព្រះ​ភ័ក្ត្រ​ចំនួន​បី​ត្រូវ​បាន​បាត់បង់ ហើយ​ក្រុមការងារ​ក៏​កំពុង​ពិចារណា​ថា​គួរ​បំពេញបន្ថែម និង​ប្រើ​ថ្ម​ថ្មី​ក្នុង​កម្រិត​ណា​ក្នុង​ការ​បំពេញ​នៅ​កន្លែង​បាត់បង់​ផ្នែក​ផ្សេង​ទៀត ។

លោក​ឆាន ចំរើន បន្ត​ទៀត​ថា «​ក្នុង​ការ​អនុវត្ត​ការងារ​យើង​មិន​ទាន់​ហ៊ាន​កំណត់​ពី​វេលា​សម្រេច​ទេ ព្រោះ​មានការ​លំបាក​ខ្លាំង​ដោយសារ​បំណែក​រូប​មាន​ដល់​ទៅ​មួយ​ម៉ឺន​ដុំ​ទាំង​តូច​ធំ ដែល​បំណែក​ខ្លះ​តូច​ពិបាក​ក្នុង​ការ​ផ្គុំ ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការ​យក​ថ្ម​មក​ភ្ជាប់​ឱ្យ​ត្រូវ​គ្នា កន្លែង​ខ្លះ​មាន​ស្នាម​មុខ​ដាប់ ច្រើន ឯ​ថ្ម​ខ្លះ​ទ្រុឌទ្រោម​ខ្លាំង​ត្រូវការ​ព្យាបាល និង​ពង្រឹង​។ ចំពោះ​ការ​ផ្គុំ​ឱ្យ​ចេញ​ជា​រូបរាង គឺ​ផ្គុំ​ពី​សាច់​ក្នុង​មក​ក្រៅ ដែល​ទាមទារ​ការ​យកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការ​ស្រឡាញ់ ទើប​អាច​ធ្វើ​បាន​សម្រេច ។

មិន​ថា​មានការ​លំបាក​យ៉ាងណា​នោះ​ទេ ក៏​នឹង​បំពេញ​កិច្ចការ​នេះ​ឱ្យ​បាន​សម្រេច និង​សំណូមពរ​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​រួម​គ្នា​ថែរក្សា ការពារ ឈ្វេងយល់​ពី​រតនវត្ថុ​របស់​យើង ដោយ​មិន​ពឹង​តែ​លើ​អ្នកជំនាញ​តែ​មួយ​មុខ ។ ចំពោះ​ការ​ប្រឹងប្រែង​ផ្គុំ​រូប​សិវៈ​ទោល​ធំ ក្នុង​សភាព​បែក​ខ្ទេច​ដូច្នេះ ក៏​ព្រោះ​ចង់​រក្សា​អ្វី​ជា​បុរាណ ទាំង​ស្នាដៃ និង​បច្ចេកទេស​ធ្វើ​របស់​ដូនតា​ខ្មែរ​តាំងពី​សតវត្សរ៍​ទី​១០ ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ឱ្យ​កូនចៅ​អ្នក​ស្រាវជ្រាវ​ជំនាន់​ក្រោយ​បានឃើញ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ