កម្ពុជា​-​ថៃ​គ្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ឆ្លង​ដែន ដើម្បី​ផ្តល់​ឱកាស​ក្រុមហ៊ុន​ទទួល​បាន​ហិរញ្ញប្បទាន​កាន់តែ​ធំ


រាជធានី​ភ្នំពេញ​៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ហៅ​ថា «​គ​.​ម​.​ក​.» និង គណៈកម្មការ​មូល​ប​ត្រ​ថៃ​បាន​ព្រមព្រៀង​រៀបចំ​ឱ្យ​មានការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ពាក់ព័ន្ធ​នឹង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ឆ្លង​ដែន និង​ផលិតផល​ឌី​ប៉ូ​ស៊ី​ត​ធើ​រី​រី​ស៊ី​ប បន្ថែម​លើ MOU ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០១៤ កន្លង​មក​ក្នុង​គោលដៅ​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​លក់​មូល​ប​ត្រ​នៅ​កម្ពុជា និង ថៃ អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​ឆ្លង​ដែន​ជា​លើក​ទី ២ នៅ​ថៃ និង​កម្ពុជា ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាច​មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​ទំហំ​កាន់តែ​ធំ ព្រមទាំង​មាន​សន្ទនីយ​ភាព​ក្នុង​ការ​ជួញដូរ ។

នេះ​បើ​តាម​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៥ ខែសីហា​នេះ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី Ruenvadee Suwanmongkol អគ្គលេខាធិការ​ថ្មី​នៃ​គណៈកម្មការ​មូល​ប​ត្រ​ថៃ ។ គ​.​ម​.​ក​.​គូសបញ្ជាក់​ថា «MOU បន្ថែម​ថ្មី​នេះ​នឹង​ចែង​លម្អិត​អំពី​តួនាទី​ក្រុមការងារ​និយ័ត​ករទាំង​ពីរ លើ​ដំណើ​ការ អនុវត្ត​ការ​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ឆ្លង​ដែន និង​ការ​បោះផ្សាយ​លក់​ផលិតផល​ឌី​ប៉ូ​ស៊ី​ត​ធើ​រី​រី​ស៊ី​ប​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​បំណង​ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ឆ្លង​ដែន ។ ក្នុង​កិច្ច​ពិភាក្សា​នេះ តំណាង​ធនាគារពិភពលោក (​ថៃ​) បាន​បញ្ជាក់​ការ​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​ឱ្យ​ការងារ​បោះផ្សាយ​នេះ​អាច​សម្រេច​បាន​រវាង​ប្រទេស​ទាំង​ពីរ ។ និយ័ត​ករទាំង​ពីរ គ្រោង​នឹង​ចុះ MOU នេះ​នៅ​ប្រទេស​ថៃ​នៅ​ចុងខែ​កញ្ញា ឆ្នាំ ២០១៩ ដែល​នឹង​ឆ្លុះ​ប​ញ្ជាំ​ង​ពី​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និត​រវាង​និយ័ត​ករ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ថៃ​» ។

លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា «​ផលិតផល​ដែល​កំពុង​ដាក់​ឱ្យ​ដំណើរការ​ជួញដូរ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ចំនួន ៣ រួម​មាន​៖ មូល​ប​ត្រ​កម្មសិទ្ធិ ដែល​ហៅ​ថា ភាគហ៊ុន​, មូល​ប​ត្រ​បំណុល ឬ​ហៅ​ថា​សញ្ញាប័ណ្ណ និង​ឧបករណ៍​និ​ស្ស​ន្ទ​» ។ លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​កម្មវិធី អាជីវកម្ម​បង្កើត​ថ្មី​បែ​បន​វា​នុ​វ​ត្តិ​បច្ចេកវិទ្យា​កាលពី​ថ្ងៃ​ទី ៦ ខែសីហា​មកនេះ​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ដំណើរការ ៧ ឆ្នាំ​មក​ហើយ ។ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ចំនួន ៧​ក្រុមហ៊ុន ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន ៥ បាន​ចុះបញ្ជី​ភាគហ៊ុន និង ២ ផ្សេង​ទៀត​បាន​ចុះបញ្ជី​សញ្ញាប័ណ្ណ ហើយ​ថ្មី​ៗ​នេះ​ទៀត​ធនាគារ ABA ទើប​ទទួល​បានការ​អនុញ្ញាត​ពី គ​.​ម​.​ក​. ដើម្បី​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នឹង​មាន​ក្រុមហ៊ុន​ទី ៨ ដែល​ជា​ធនាគារពាណិជ្ជ​ដំបូង​នឹង​មាននៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

លោក​អគ្គនាយក​បញ្ជាក់​ថា «​បើ​គិត​ជា​ទឹកប្រាក់​នៃ​ក្រុមហ៊ុន​ទាំង ៧ ប្រមូល​បាន​ពី​ទីផ្សារ​មូល​ប​ត្រ​តាម​រយៈ​ការ​បោះផ្សាយ​លក់​បូ​លប​ត្រ​ជា​សាធារណៈ​គឺ​មាន​ប្រមាណ ១៤០ លាន​ដុល្លារ​អា​មេ​រិ​ក ។ ភាគហ៊ុន​ទាំងនេះ​បាន​ដាក់​ឱ្យ​ជួញដូរ​ជា​សាធារណៈ​ដោយ​មាន​ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃ​មាន​ជិត ៣០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆមាស​ទី ១ ឆ្នាំ ២០១៩ នេះ​» ។ លោក​ឱ្យ​ដឹង​ទៀត​ថា ទឹកប្រាក់​ខាងលើ​នេះ​វា​នូវ​មាន​ទំហំ​តូច​នៅឡើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង តែ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​ឱ្យ​រីក​ចម្រើន​ប្រហាក់ប្រហែល​នឹង​ប្រ​ជិតខាង​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។

លោក​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្លាប់​មាន​ប្រសាសន៍​ថា «​កន្លង​មកនេះ​ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ផ្សា​រមូល​ប​ត្រ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​វិនិយោគិន និង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ចាំបាច់​នៃ​ការ​លើកទឹកចិត្ត​ក្រុមហ៊ុន​ចុះបញ្ជី​និង​ជំរុញ​កំណើន​នៃ​វិស័យ​មូល​ប​ត្រ ។ ស្របគ្នា​នេះ​ដែរ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​ពង្រឹង​ការ​អនុវត្ត​ការ​ប្រមូល​ពន្ធ​ក្នុង​គោលដៅ​បង្កើន​ចំណូល​រដ្ឋ និង​កាត់​បន្ថយ​ការ​ប្រកួតប្រជែង​មិន​យុត្តិធម៌ ជា​ពិសេស​រវាង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ក្រុមហ៊ុន​ដែល​នៅ​ខាងក្រៅ​ផ្សារ​» ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ