ប្រជាពលរដ្ឋ​ចាប់ផ្តើម​ប្តូរ​ឥរិយាបថ​បរិភោគ​ចំណីអាហារ​មាន​ស្តង់ដារ និង​សុវត្ថិភាព


រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ឥរិយា​បទ​សន្សឹម​ៗ​ក្នុង​ការ​ជ្រើសរើស​ចំណីអាហារ​មក​ទទួលទាន​សម្រាប់​ក្រុម​គ្រួសារ ពី​ប្រភេទ​អាហារ​ដែល​គ្មាន​ស្តង់ដារ​មក​គិតគូ និង​ចាប់អារម្មណ៍​ខ្ពស់​អាហារ​ដែល​មាន​សុវត្ថិភាព​មិន​ប៉ះពាល់​ដល់​សុខភាព​ក្រោយ​ពេល​បរិភោគ ។

អ្នកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៥ ខែសីហា ឆ្នាំ ២០១៩ ម្សិលមិញ​ថា «​តាម​ការ​សង្កេត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់​ដឹង​ច្រើន​ទាក់ទង​នឹង​ការ​បរិភោគ​ចំណីអាហារ​ដែល​មាន​គុ​ភាព សុវត្ថិភាព​សម្រាប់​សុខភាព​ខ្លួនឯង​មានការ​កើនឡើង​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ទាំង​នៅ​ទីប្រជុំជន និង​តាម​បណ្តា​ខេត្ត ។ ពិសេស​ពលរដ្ឋ​ដែល​មាន​លទ្ធភាព ពួក​គាត់​បាន​ទៅ​រក​ទិញ​បន្ថែ ឬ​អាហារ​នៅ​តាម​ហាង​ដែល​ពួក​គាត់​បាន​ស្គាល់​ជាក់លាក់ តួយ៉ាង​នៅ​ក្រុងភ្នំពេញ​» ។ អ្នកស្រី​បន្ត​ថា «​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ ពួក​គាត់​ក៏​ចេះ​មើល​ដែរ អ្នកលក់​បន្លែ​ណាមួយ​លក់​បន្ថែ​ដែល​មិន​ប្រើ​ថ្នាំ​គីមី ពួក​គាត់​តែងតែ​ទៅ​ទិញ​នៅ​ទីនោះ​ជា​ប្រចាំ ។ ដោយឡែក​អ្នក​ផ្សេង​ទៀត គាត់​ជ្រើសរើស​ការ​ដាំ​បន្ថែ​ដោយ​ខ្លួនឯង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ​» ។

បើ​តាម​អ្នកស្រី​នាយិកា មក​ដល់​សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់​ដឹង​ច្រើន ទាក់ទង​តម្រូវការ បន្លែ អាហារ សាច់ ដែល​គ្មាន​ជាតិ​គីមី​បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​មុន​ៗ ហើយ​ប្រជា​កសិករ​ដាំ​ដុះ​បន្ថែ​ក៏​យល់​ដឹង​គ្រាន់​ជាង​មុន​ទៅ​លើ​ការ​ប្រើ​ថ្នាំ​គីមី​នៅ​តាម​តំបន់ គាំំ​ទ្រ​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ។ អ្នកស្រី​លើក​ឡើង​ថា «​នៅ​តំបន់​ដែល​មាន​គម្រោង​គាំទ្រ​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​ការ​ដាំ​ដុះ​បន្លែ មិន​ឱ្យ​ប្រើ​ថ្នាំ​គីមី​ច្រើន​លើស​កម្រិត វា​បាន​ចូលរួម​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ទាំង​អ្នក​បរិភោគ និង​កសិករ​ដែល​ជា​អ្នក​ដាំ​បន្លែ​ខ្លួនឯង ពីព្រោះ​នៅ​ពេល​គាត់​យក​បន្ថែ​មក​កាន់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​គុណភាព​បន្លែ​មុន​នឹង​ធ្វើ​នាំ​ចេញ​ទៅ​លក់​តាម​ទីផ្សារ ។ ការ​ធ្វើ​បែប​នេះ​បន្លែ​របស់​កសិករ​មានការ​គាំទ្រ ឬ​បាន​បញ្ជាក់​គុណភាព​បន្លែ​គម្រោង​គាំទ្រ វា​បាន​ធ្វើ​ឱ្យ​បន្លែ​ពួក​គាត់​លក់ដាច់ និង​បាន​ថ្លៃ​ជាង​មុន​» ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកណ្តាល​កាលពី​ថ្ងៃ​ទី ២៩ ខែកក្កដា​កន្លង​ទៅ​ថា «​ប្រជាជន​យើង​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​មក​បរិភោគ​ចំណីអាហារ​ដែល​មាន​ស្តង់ដារ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់ ជា​ពិសេស​ផលិតផល​បន្លែ និង​ផ្លែ​ឈើ ។ រីឯ​ភ្ញៀវ​ទេសចរ​វិញ​ក៏​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ធ្វើ​ឱ្យ​សេចក្តី​ត្រូវការ​ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព​មានការ​កើនឡើង​ឥត​ឈប់​ឈរ ។ ដូច្នេះ ដើម្បី​ឆ្លើយ​តប និង​បំពេញ​នូវ​សេចក្តី​ត្រូវការ​នៃ​បរិបទ​ថ្មី​នេះ តម្រូវ​ឲ្យ​មាន​កិច្ចសហការ​គ្នា​យ៉ាង​ជិត​ស្និត​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​តាម​អភិក្រម «​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​»​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា «​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​នេះ គឺ​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត​ទាំង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​សម្រាប់​ពេល​អនាគត​សំដៅ​ធានា​បាន​នូវ​គុណភាព សុវត្ថិភាព​ផលិតផល​ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ ធានា​សុខុមាល​ល​ភាព​សាធារណៈ និង​ភាតរ​បរិស្ថាន ហើយ​គឺ​ពិតជា​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង ក្នុង​ការ​ជំរុញ​ផលិតភាព គុណភាព និង​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ជា​ការ​ឆ្លើយ​តប ក្រសួង​បាន​ដាក់​ចេញ​នូវ​គោលការណ៍ និង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​រូប​សញ្ញា​ជាតិ​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) ជា​ស្តង់ដារ​ជាតិ ហើយនឹង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឯកសារ​ស្តង់ដារ​កសិកម្មសរីរាង្គ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​» ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ