មន្ត្រី​ម្នាក់​ឆ្លៀត​ដាំ​បន្លែ​លើក​ទឹក​អាច​រក​ចំណូល​ជាង​៣០០​ដុល្លារ​ក្នុង​១​ខែ


ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ទឹកផុស​ម្នាក់​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​មក​ដាំ​បន្លែ​លើ​ទឹក​អាច​រក​ចំណូល​បាន​ប្រមាណ​ជាង​៣០០​ដុល្លារ​ក្នុង​មួយ​ខែ ។ ពាក់ព័ន្ធនឹងវិធីដាំបន្លែលើទឹក​របស់​មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកទឹកផុសម្នាក់នេះដែរ កោះសន្តិភាព​ក៏បានធ្វើការ​ចុះផ្សាយ​​​​រួចមក​ហើយ​កាលពី​ឆ្នាំកន្លងទៅ ហើយពេលនេះ​​មានអតិថិជន​គាំទ្រ​កាន់តែច្រើនឡើង ដោយសារ​ទទួលស្គាល់​ថា បន្លែដាំលើទឹករបស់​មន្ត្រីការិយាល័យអប់រំ​ស្រុកទឹកផុស​ម្នាក់នេះ​គ្មានសារធាតុគីមី និងថែម​មានរសជាតិផ្អែមឆ្ងាញ់ទៀតផង​ ។

លោក យង់ សារី​ម អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ទឹកផុស និង​ជា​អ្នក​ដាំ​បន្លែ​លើ​ទឹក មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក​យង់ សារី​ម បាន​ឲ្យ​ដឹង​ថា គាត់​បាន​ប្រើ​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​បន្លែ​លើ​ទឹក​នេះ​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដែល​គិត​មក​ដល់​ពេល​នេះ ការ​ដាំ​ដុះ​របស់​គាត់​ទទួល​បាន​ល​ទ្ឋ​ផល​គួរ​ជាទី​ពេញចិត្ត ដោយ​មាន​អតិថិជន​នៅ​ក្នុង​ផ្សារ​ស្រុក​ទឹកផុស ជា​ច្រើន​នាក់​បាន​ទទួល​ទិញ​បន្លែ​ពី​គាត់ ព្រោះ​ពួក​គាត់​បាន​ជឿជាក់​ថា បន្លែ​លើ​ទឹក​របស់​គាត់​គ្មាន​សារធាតុ​គីមី​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត គាត់​ក៍​សូម​ថ្លែងអំណរគុណ​ដល់​កោះសន្តិភាព​ដែល​ធ្លាប់​ចុះ​ផ្សាយ​ពី​ការ​ដាំ​បន្លែ​លើក​ទឹក របស់​គាត់​កាលពី​ពេល​កន្លង​មក ធ្វើ​អោយ​មាន​អតិថិជន​ម៉ង់​ទិញ​បន្លែ​ជា​ច្រើន និង​មាន​អ្នក​មក​សុំ​រៀន​ពី​វិធី​ដាំ​បន្លែ​លើ​ទឹក​នេះ​ពី​គាត់​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា សព្វថ្ងៃ បន្លែ​លើ​ទឹក​ដែល​គាត់​ដាំ​មាន​៣ប្រភេទ គឺ​ស្ពៃ​កា​ឆ​យ ដែល​អាច​លក់​ចេញ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​៨.០០០​រៀល ខាត់ណា​ដើម​ធំ​ពូជ​មក​ពី​តៃវ៉ាន់ អាច​លក់​បាន​ក្នុង​មួយ​គីឡូក្រាម​១២.០០០​រៀល និង​សាឡា​ត់​ថៃ ឬ​ពូជ​មក​ពី​ប៊ែ​ល​ហ្សិ​ក​អាច​លក់​បាន​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​១២.០០០​រៀល​ផង​ដែរ ។ ការ​ដាំ​ដុះ​បន្លែ​លើ​ទឹក​ទាំង​៣​ប្រភេទ​នេះ គឺ​ទទួលផល​ក្នុង​រយៈពេល​ពី​៤៥​ទៅ​៥០​ថ្ងៃ ។ ចំណែក​ការ​ចំណាយ​ដើមទុន​វិញ គឺ​ក្នុង​សួន​បន្លែ​មួយ​រោង​មាន​ទំហំ​ប្រមាណ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ គិត​ទាំង​ថ្លៃ​ទុយោ​ជ័រ ថ្លៃ​កៅស៊ូ​ការពារ​កំ​ដៅ​ថ្ងៃ ថ្លៃ​ដែក​ផ្សារ​ធ្វើ​ជា​គ្រោង​រោង និង​ស្បៃ​ការពារ​សត្វល្អិត ត្រូវ​ចំណាយ​ថវិកា​សរុប​អស់​ប្រមាណ ៩០០​ដុល្លារ ។ ដោយឡែក​ពូជ​បន្លែ​ដែល​គាត់​យក​មក​ដាំ​ដុះ​នេះ គឺ​សុទ្ធតែ​ជា​ពូជ​បន្លែ​ទទួលយក​មក​ពី​បរទេស​មាន​រសជាតិ​ឆ្ងាញ់ ។

លោក យង់ សារី​ម បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​អតិថិជន​ច្រើន​ណាស់ ដែល​ទទួលស្គាល់​ថា បាន​ពិសារ​បន្លែ​របស់​គាត់ គឺ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ ព្រោះ​គ្មាន​សារ​ធាតុគីមី ។ ជាមួយ​នឹង​ការ​គាំទ្រ​បន្លែ​លើ​ទឹក​របស់​គាត់នេះដែរ​ ក៏​​មាន​អាជីវករ​នៅ​រាជធានី​ភ្នំពេញ​មក​កុំម៉ង់​ទិញ​ពី​គាត់​ប្រចាំ​ថ្ងៃ ដើម្បី​យក​ទៅ​លក់​បន្ត តែ​គាត់​មិន​ហ៊ាន​ទទួល​នោះ​ទេ ព្រោះ​អាជីវកម្ម​របស់​គាត់​នៅ​តូចតាច​ គឺ​រោង​បន្លែ​មាន​តែ​៤​ទៅ​៥​រោង​ប៉ុណ្ណោះ មិន​អាច​បំពេញ​តាម​តម្រូវការ​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ឡើយ ។ ទោះបីជា​យ៉ាងនេះ​ក្តី លោក​បញ្ជាក់​ថា បន្លែ​៤-៥​រោង​របស់​គាត់​អាច​រក​ចំណូល​បាន​ជាង​៣០០​ដុល្លារ​ក្នុង​១​ខែ​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ