ប្រជាពលរដ្ឋ​ចាប់ផ្ដើម​បង្កើត​សេវា​ទេសចរណ៍​ផ្ទាល់ខ្លួន​រក​ចំណូល​បន្ថែម


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​សក្ដានុពល​សម្រាប់​វិស័យ​ទេសចរណ៍ បាន​បង្កើត​សេវាកម្ម​ទេសចរណ៍​ដោយ​ខ្លួនឯង​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

អ្នកស្រី ណៃ ស៊ី​ម ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល ដែល​មានមុខរ​បរជា​អ្នក​តម្បាញ បានឱ្យ​ដឹង​ថា ដោយសារ​តែ​មានការ​ណែនាំ​ពី​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​ឱ្យ​រៀបចំ​នូវ​សេវាកម្ម​ទេសចរណ៍​ដូច​ជា​សិប្បកម្ម​តម្បាញ សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​បាន​ទស្សនា​ពី​ចង្វាក់​ផលិតកម្ម​តម្បាញ​ក្រមា​នោះ អ្នកស្រី​ក៏​បាន​បង្កើត​របរ​នេះ​ឡើង​ក្នុង​គោលបំណង​លក់​ផលិតផល​ក្រមា​ផង និង​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​មើល​ពី​របៀប​តម្បាញ​ក្រមា​ខ្មែរ​ផង ។

អ្នកស្រី​បន្ត​ថា ចាប់តាំងពី​អ្នកស្រី​បាន​បង្កើត​របរ​នេះ​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ អ្នកស្រី​ក៏​ទទួល​បាន​ចំណូល​មួយ​ចំណែក​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ តែ​ចំណូល​នេះ​មិន​ធ្វើ​ឱ្យ​អ្នកស្រី​ក្លាយជា​អ្នកមាន​ទេ គ្រាន់តែ​អ្នកស្រី​មិន​ចាំបាច់​ទៅ​ខ្ចីបុល​គេ​មក​បំពេញ​ជីវភាព​ប្រចាំ​ថ្ងៃ ។ អ្នកស្រី​បន្ត​ថា​៖ «​របរ​មួយ​នេះ​មិន​ធ្វើ​ឱ្យ​យើង​ក្លាយ​អ្នក​មានបាន​ទេ តែ​យ៉ាង​ហោច​ណាស់​ក៏​មិន​ធ្វើ​ឱ្យ​យើង​ជំពាក់​គេ​ដែរ ពោល​គឺ​អាច​រក​ចំណូល​បាន​មួយ​ទប់ទល់ ជាក់ស្ដែង​ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ​ក៏​ទទួល​បាន​ចំណូល ២០ ដុល្លារ​, ៣០ ដុល្លារ​, ៥០ ដុល្លារ ហើយ​ពេល​ថ្ងៃ​ខ្លះ​ទទួល​បាន​១០០ ដុល្លារ​អា​មេ​រិ​ក​ឯណោះ​ពី​ការ​លក់​ផលិតផល​ធ្វើ​ពី​ក្រ​ម៉ា​ដែល​យើង​ត្បាញ​ដោយ​ផ្ទាល់ ។ តែ​ថ្ងៃ​ខ្លះ​ក៏​មិន​ទទួល​បាន​កម្រៃ​អ្វី​ដែរ ពោល​ក្នុង​មួយ​ខែ​ចំណូល​ដែល​រកបាន​ប្រមាណ​ជាង ២០ ថ្ងៃ ហើយ​ប្រមាណ ១០ ថ្ងៃ​ផ្សេង​ទៀត​ជា​ថ្ងៃ​ដែល​រក​មិន​បាន​ដោយសារ​តែ​មិន​មាន​ភ្ញៀវ​ទិញ​» ។

អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ចង់ឱ្យ​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​ជួយ​ណែនាំ និង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​នេះ​ទៅ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរ​បរទេស ដើម្បី​ឱ្យ​ភ្ញៀវ​ទាំងនោះ​បាន​មក​ទស្សនា​តំបន់​ទេសចរណ៍​របស់​ពលរដ្ឋ​ជា​សហគមន៍ ហើយ​បើ​ភ្ញៀវ​មក​កាន់តែ​ច្រើន​ពួក​យើង​នឹង​ពង្រីក​សេវា​ឱ្យ​កាន់តែ​ច្រើន​ផង​ដែរ ។ អ្នកស្រី​ថា​៖ «​ពេល​នេះ​ពួក​យើង​បាន​រៀបចំ​ឱ្យ​មាន​ជា​ម្ហូបអាហារ​សម្រាប់​ទទួលភ្ញៀវ​មក​ទស្សនា នៅ​ទីតាំង​ស្រុក​ស្អាង​នេះ ហើយ​នៅ​ពេល​ខាង​មុខ​យើង​នឹង​អាច​ពង្រីក​ឱ្យ​មាន​ជា​កន្លែង​កម្សាន្ត​ផ្សេង​ៗ ដូច​ជា​ជិះ​កង់​ក្នុងភូមិ​ស្រុក មានផ្ទះ​សម្រាប់​ស្នាក់​នៅ​ជាដើម​» ។

លោកស្រី លឹ​ម ភានុ​វង្ស​រង្សី​លា​ភី ស្ថាបនិក Dine With The Locals ដែល​ជា​ស្ថាប័ន​មួយ​ផ្សា​ភ្ជាប់​រវាង​អ្នកទេសចរ និង​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​បង្កើត Dine With The Locals លោកស្រី​ចង់ឱ្យ​ស្ត្រី​ដែល​ជា​មេផ្ទះ​មាន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​មិន​ចង់ឱ្យ​ពួក​គាត់​ត្រូវ​ទំនេរ​ដោយ​មិន​ធ្វើ​អ្វី​នោះ​ឡើយ ។ ដោយ​មើលឃើញ​ហេតុផល​ទាំងនេះ​ទើប Dine With The Locals បាន​បណ្ដុះបណ្ដាល​ដល់​ស្ត្រី​មេផ្ទះ​ពី​របៀប​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេស ដូច​ជា​តម្បាញ និង​បង្រៀន​ស្ត្រី​មេផ្ទះ​ពី​វិជ្ជា​ចំអិនម្ហូប​សម្រាប់​ទទួលភ្ញៀវ ដែល​ត្រូវការ​ទទួលទាន​នៅ​នឹង​កន្លែង​តែ​ម្ដង ។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ Dine With The Locals ក៏​បាន​ប្រកាស​ស្វែងរក​ស្ត្រី​មេផ្ទះ​ជា​ច្រើន​ទៀត​ដែល​ចង់​បម្រើ​ការងារ​ដោយ​ផ្ទាល់ខ្លួន​សម្រាប់​រក​ចំណូល​បន្ថែម​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ជូន​ភ្ញៀវ​ទេសចរ ដើម្បី​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោក Thomas Wanhoff ស្ថាបនិក​មួយ​រូប​ផង​ដែរ​របស់ Dine With The Locals មាន​ប្រសាសន៍​ថា យើង​ចង់​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​ប្រជាជន​ខ្មែរ​ដែល​ជា​ធម្មតា​ពូក​គាត់​មិនសូវ​មាន​ទំនាក់ទំនង និង​វិស័យ​ទេសចរណ៍ ។ លោក​ថា​៖ «​វិធី​នេះ​ក៏​អាច​ធ្វើ​ឱ្យ​យើង​អាច​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ប្រពៃណី វប្បធម៌ និង​ជា​ពិសេស គឺ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​តែ​ម្ដង​» ។
លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អ្នក​ប្រតិបត្តិ​វិស័យ​ទេសចរណ៍ លោកស្រី​ក៏​ចង់ឱ្យ​រដ្ឋាភិបាល អាជ្ញាធរ​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ជា​ពិសេស​ទេសចរ​បរទេស ទៅ​កាន់​កន្លែង​រមណីយដ្ឋាន​ថ្មី​ៗ ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​ស្នាក់​នៅ​កាន់តែ​យូរ​នៅ​កម្ពុជា និង​អាច​នាំ​ប្រាក់​ចំណូល​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​មួយ​ចំណែក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០១៩ នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៣,៣ លាន​នាក់ ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ។ ដោយឡែក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ដែរ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​មានការ​ថមថយ​បន្តិច ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នកលក់​សំបុត្រ​ជូន​ភ្ញៀវ​បរទេស ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ