បាត់​មុខ​យូរ​ភោ សុ​ផានិត ចង់​វិល​វិញ


រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បាត់​មុខជា​ពិធីករ​តាម​ទូរទស្សន៍​ជា​យូរ​កន្លង​មក ពេល​នេះ​លោក ភោ សុភា​និ​ត បាន​បង្ហាញ​បំណង​ចង់​ចូល​ប្រឡូក​ក្នុង​អាជីព​នេះ​វិញ ប្រ​សិន​នៅ​តែ​មាន​ទស្សនិកជន​និយម និង​គាំទ្រ ។
បំណង​របស់​អតីត​ពិធីករ​ទូរទស្សន៍​លោក​ភោ សុ​ផានិត គឺ​មិន​មាន​ចេតនា​ដណ្តើម​ការងារ​ក្មេង​ៗ​ជំនាន់​ក្រោយ​ទេ ពោល​លោក​គ្រាន់តែ​ចង់​ផ្តល់​បទ​ពិសោធន៍​ឲ្យ​អ្នក​ស្រករ​ក្រោយ​លើ​ជំនាញ​ពិធីករ​នេះ​ប៉ុណ្ណោះ។

អតីត​ពិធីករ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​លោក ភោ សុ​ផានិត ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ថ្ងៃ​ទី​៧ សីហា ២០១៩​ថា «​កាលដែល​ខ្ញុំ​មាន​បំណង​ចាប់​ក្បាល​មេក្រូ​ធ្វើ​ជា​ពិធីករ​ឡើង​វិញ​នេះ គឺ​មាន​គោល​​សំខាន់​ចំនួន​បី​។ ទី​១​ខ្ញុំ​ចង់​ជួយ និង​ចែករំលែក ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ ដែល​ស្រលាញ់​ការងារ​ជា​ពិធីករ ចង់​ទទួល​បាន​មតិយោបល់ ឬ​ចំណេះដឹង ចំណេះ​ពិសោធន៍ ចំណេះធ្វើ និង​ឱកាស​ការងារ​ថ្មី​មួយ​ទៀត ដែល​ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​។

ទី​២​ខ្ញុំ ចង់​អញ្ជើញ​ពួក​គាត់​ចូលរួម​ការងារ​សំខាន់​មួយ​គឺ « ផ្នែក​ទីផ្សារ និង​លក់​» ដែល​ជា​កិច្ចការ​ដ៏​សំខាន់​មួយ​នៃ​ការងារ​ជា​ពិធីករ ពួក​គាត់​នឹង​ក្លាយជា​អ្នក​ទីផ្សារ លក់​អាជីព ។

ទី​៣ ជួយ​បង្ហាញផ្លូវ តម្រង់​ទិស ឲ្យ​ពួក​គាត់​មាន​ផ្នត់គំនិត​វិជ្ជមាន គិត​ធំ មាន​ក្តី​សុបិន មាន​គោលដៅ »​។
បើ​តាម​លោក​ភោ សុ​ផានិត បើ​ទោះបីជា​រាល់​ថ្ងៃនេះ លោក​ជា​មន្ត្រីរាជការ​ម្នាក់​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​ឆ្លៀតពេល​ទំនេរ​ទទួល​ការងារ​ជា​ពិធីករ លើ​ការងារ​អចលនទ្រព្យ​ផង​ដែរ​។

ក្នុង​នាម​ជា​ពិធីករ​ជាង​១០​ឆ្នាំ​ល​មកនេះ លោក​ភោ សុ​ផានិត ថា​លោក​នៅ​តែ​ស្រឡាញ់​អាជីព​មួយ​នេះ​ដដែល ហើយ​លោក​មិន​ចង់​បោះបង់ ឬ​មិន​បាន​បង្រៀន និង​ផ្តល់​បទ​ពិសោធន៍​ដល់​អ្នក​ជំនាន់​ក្រោយ​នោះ​ឡើយ​។

លោក​ភោ សុ​ផានិត និយាយ​ថា «​ប្អូន​ៗ​ធ្វើ​ការងារ​ជា​ពិធីករ​បច្ចុប្បន្ន គឺ​បាន​ល្អ​ហើយ តែ​គួរ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ទៀត តាម​រយ​:​ការ​សិក្សា​ស្រាវជ្រាវ អាន​សៀវភៅ ចូលរួម​វគ្គ​សិក្សា​ខ្លី ពង្រឹង និង​ពង្រីក​ចំណេះ​ដឹង​សាកល​ឲ្យ​បាន​ច្រើន ជា​ពិសេស​ដើរ​ឲ្យ​ទាន់​បច្ចេកវិជ្ជា​សម័យ​ថ្មី​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ