បាក់​​អាង​ទំនប់​ទឹក​ប្រទាក់ក្រឡា​ហើយ អាជ្ញាធរ​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន (​​វី​ដេ​អូ​)


ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាង​ទំនប់​ទឹក​ប្រទាក់ក្រឡា​ដ៏​ធំ​មួយ​ដែល​ជា​កន្លែង​រមណីយដ្ឋាន​ទេសចរណ៍​ត្រូវ​បាន​បាក់​ទំនប់​ទឹក​ហើយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​8​ព្រឹក ថ្ងៃ​ទី​11 ខែសីហា ឆ្នាំ​2019 ស្ថិត​នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ​ខេត្តកំពត​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា បន្ទាប់​ពី​មានការ​បាក់​ទំនប់​ទឹក​នេះ​ភ្លាម ទឹកបាន​ហូរ​បាចសាច​ធ្វើ​ឱ្យ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ និង​ផ្លូវលំ​មួយ​ចំនួន ត្រូវ​បាន​លិច​។ ហើយ​អាជ្ញាធរ​ខេត្តកំពត និង​ស្រុក​ទឹកឈូ បាន​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែង​កើត​ហែ​តុ​ផង​ដែរ​។

លោក នាក់ សុ​វ​ណ្ណា​រី អភិបាលស្រុក​ទឹកឈូ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា បន្ទាប់​ពី​ទំនប់​ទឹក​នេះ​បាន​បាក់ លោក​ក៏​បាន​ប្រកាសប្រាប់​ដល់​ពលរដ្ឋ​ដែល​មាន​លំនៅ​កៀក​កិត​នឹង​ទំនប់​នេះ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន បង្ការ​ក្រែង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​កើតឡើង ។ លោក​អភិបាលស្រុក​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ទំនប់​ដែល​ចាក់​បេតុង គឺ​ទំនប់​ទឹក​នោះ​មាន​ប្រវែង​ជាប់​100​ម៉ែត្រ តែ​បាក់​ដី​ត្រឹមតែ​7​ទៅ​8​ម៉ែត្រ​ទេ ប៉ុន្តែ​វា​អាច​នឹង​បាក់​បន្ថែម​ទៀត​។

ចំណែក​លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត ក៏​បាន​ចុះ​ពិនិត្យ​មើល​ផង​ដែរ ហើយ​លោក​និយាយ​ប្រាប់​ថា ការ​បាក់​ទំនប់​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ផល​ប៉ះពាល់​ច្រើន​ដូច​ជា ផ្ទះសម្បែង និង​ផ្លូវ​នានា​ត្រូវ​បាន​​ខូចខាត​។ ហើយ​ឥឡូវនេះ ក្រុមការងារ​មាន​ធនធានទឹក មាន​មន្ទីរ​សាធារណការ​ខេត្តកំពត កំពុង​យក​គ្រឿងចក្រ​មក​កាន់​ទី​នេះ​ហើយ ដើម្បី​ទប់​ទំនប់​នេះ​ឡើង​វិញ​។ ហើយ​លោក​ក៏​បាន​ប្រាប់​ទៅ​នគរបាល​ស្រុក ជួយ​ការពារ​កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​កាន់​តំបន់​គ្រោះថ្នាក់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ