វង្ស ណ​យ បង្ហាញ​ទំនុកចិត្ត​ខ្ពស់​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​


រាជធានី​ភ្នំពេញ ៖ លេចមុខ​លេច​មាត់​ជា​ថ្មី​នៅ​លើ​សង្វៀន​ប្រដាល់​នា​ពេល​ចុង​ក្រោយ កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ វង្ស ណ​យ ត្រូវ​គេ​ឃើញ​មានមុខ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​ទៀត​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៧ សីហា ឆ្នាំ​២០១៩​នេះ ។ គេ​នឹង​ប៉ះ​ជាមួយ​កីឡាករ​ថៃ ខ្វាន់​អេក សសុ​ផាប ដែល​ជា​ជើង​ខ្លាំង​មិនធម្មតា ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ។ មួយគូ​នេះ ត្រូវ​គេ​រំពឹង​ថា ពិតជា​ធ្វើ​ឱ្យ​រញ្ជួយ​សង្វៀន​អន្តរជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Series by K-Cement​ដែល​ជា​ការ​ប្រកួត​ឈាន​ដល់​ការ​ជម្រុះ​ពី​៣២​នាក់​យក​១៦​នាក់​ក្នុង​ស​ប្ដា​ហ៍​ទី​៥​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ វង្ស ណ​យ ដោយសារ​តែ​គេ​គឺជា​ជើង​ខ្លាំង ហើយ​បើ​ទោះជា​មិនសូវ​ប្រកួត​ញឹក​ដូច​មុន ប៉ុន្តែ​សមត្ថភាព​នៅ​តែ​ល្អ​។

លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ​មាន​សមត្ថភាព​ខ្លាំង​ជា​យូរ​មក​ហើយ និង​ទទួល​បានការ​ចាប់ អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់ ។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ ខ្វាន់​អេក សសុ​ផាប លោក​ចង់​ផ្ដល់​ឱកាស​ឱ្យ​វង្ស ណ​យ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ម្ចាស់​ជើងឯក​ដូច​គ្នា ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះ ជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ ព្រោះ​គេ​ស្ងាត់​ប្រកួត​មួយ​រយៈ​ក្ដី ។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា សមាសភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​នៅ​ពេល​ប៉ះ​គ្នា ។

ម្យ៉ាង​កីឡាករ​កម្ពុជា វង្ស ណ​យ មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​ក្លាហាន និង​វាយ​ស៊ូ​ផង ទើប​លោក​ពេញចិត្ត ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក​ដោយសារ​កីឡាករ​ថៃ​​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។

យ៉ាងណាមិញ​លោក​ថា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ទើប​តម្រូវ​ឱ្យ​គេ​ត្រូវ​តែ​ប្រកួត​ឱ្យ​ខ្លាំង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ