០៩ វិច្ឆិកា លោក សម រ​ង្ស៊ី ប្រកាស​ចូល​ស្រុកតែ​ក្រុម​លោក កឹ​ម សុខា ថា​ជា​យុទ្ធសាស្ត្រ​ចាក់​សាំង​លើ​ភ្លើង


រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជា​ថ្មី​ថា នឹង​ចូល​មក​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​ប្រឆាំង​ពី​ក្រៅប្រទេស ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​១៦ សីហា បាន​សរសេ​យ៉ាង​ដូច្នេះ​ថា «​គណបក្ស​សង្គ្រោះ​ជាតិ សូម​ជម្រាប​ជូន​សាធារណ​មតិ​ជាតិ និង​អន្តរជាតិឲ្យ​បាន​ជ្រាប​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន ក្រោម​អធិបតីភាព​លោក សម រ​ង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​» ។

ប្រភព​បាន​បញ្ជាក់​ថា «​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​កំណត់​យក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ គឺជា​ខួប​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​ដណ្តើម​បាន​ពី​អាណានិគមនិយម​បារាំង នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ​នរោត្តម​សីហ​នុ ។

យ៉ាងណា​ក្តី​ការ​ប្រកាស​កំណត់​ថ្ងៃ​ចូល​ស្រុក​ជា​ថ្មី​ត្រូវ​បាន​ក្រុម​លោក កឹ​ម សុខា រិះគន់​ថា ជា​យុទ្ធសាស្ត្រ ចាក់​ប្រេង​លើ​ភ្លើង​តែ​ប៉ុណ្ណោះ ។

លោក ឈុំ ឈឿ​ន អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​នយោបាយ​គាំទ្រ​លោក កឹ​ម សុខា​បាន លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​យុទ្ធសាស្ត្រ ចាក់​សាំង​លើ​ភ្លើង ដើម្បី​អនុញ្ញាត​អោយ​រដ្ឋាភិបាល បន្ដ​ឃុំខ្លួន លោក​ប្រធាន កឹ​ម សុខា បន្ដ​ទៀត​» ។ លោក​បន្ត​ថា កាលពី​កំឡុង​ខែកុម្ភៈ លោក សម រ​ង្ស៊ី បាន​យក​សេរីភាព លោក កឹ​ម សុខា មក​ភ្នាល់​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ម្ដង​រួច​មក​ហើយ ។

លោក​បញ្ជាក់​ថា «​ជា​ទស្សនៈ​របស់ខ្ញុំ លោក សម រ​ង្ស៊ី គ្មាន​ចេតនា​វិល​ចូល​ស្រុក​ឡើយ​បើ​គ្មាន​ការ​សម្របសម្រួល ឬ​បើកភ្លើង​ខៀវ​ពី​បក្ស​កាន់​អំណាច ។ មួយវិញទៀត​បើ​និយាយ​តាម​ន័យ​សឹក វិញ​គេ​មិន​ដែល​ប្រកាស​ការ​សម្ងាត់​ជា​សាធារណៈ​បែប​នេះ​ឡើយ មិនដឹង​ថា​គាត់ និង​ក្រុម​គាត់​ទៅ​រៀន​យុទ្ធសាស្ត្រ​មកពីណា​ទេ ស្រែ​កថា​ការងារ​នេះ​សម្ងាត់ តែ​ប្រកាស​ជា​សាធារណៈ​» ។

ចំណែក​លោក អ​ន្ទ ដា​យ៉ា​ត មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេ​លើក​បណ្តា​យ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ទណ្ឌិត សម រ​ង្ស៊ី មិន​ល្ងង់​ចំណាយពេល​ជិះ​យន្តហោះ​ចម្ងាយ ៩៩៣៤ គីឡូម៉ែត្រ​គ្រាន់តែ​ដើម្បី​មក​ចូល​ល​គុក​នោះ​ទេ ។ ជាង​នោះ​ទៅ​ទៀត អតីត​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល ដូច្នេះ​មិន​ត្រូវ​មាន​គណកម្មការ​អចិន្ត្រៃយ៍​ខ្មោច​យ៎​អី​ទៀត​ទេ តែបើ​មាន​គណកម្មាធិការ​អចិន្ត្រៃយ៍​មែន សេចក្តី​ប្រកាសព័​ត៌មាន​នេះ​ពិតជា​បាន​រំលោភ​បំពាន​សាលដីកា​តុលាការ​កំពូល​ហើយ វា​ត្រូវ​មានទោស​» ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ