អ្នក​ហែហម​ជូន​ដំណើរ​លោក សម រ​ង្ស៊ី នឹង​​ត្រូវ​ចាត់ទុកជា​ជនល្មើស​ច្បាប់


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា អ្នក​ដែល​ចូលរួម​អមដំណើរ ឬ​ហែហម​លោក​សម រ​ង្ស៊ី ចូល​ស្រុក​វិញ នឹង​ត្រូវ​ចាត់ទុកជា​ជនល្មើស​ច្បាប់​។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​បញ្ជាក់​ថា លោក​នឹង​ចូល​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែសីហា យ៉ាង​ដូច្នេះ​ថា ទណ្ឌិត​រត់​ចោល​ស្រុក​នឹង​ត្រូវ​អស់លក្ខណ៍ បើ​ទណ្ឌិត​នេះ​មក​មែន​នឹង​ត្រូវ​ចាប់​ដាក់​ខ្នោះ​បញ្ចូល​គុក​តាម​សាលក្រម​របស់​តុលាការ ។ ផ្ទុយ​ទៅ​វិញ​បើ​ទណ្ឌិត​មិន​ហ៊ាន​មក​តាម​ការ​ប្រកាស​រួច​ហើ យ​នោះ ទណ្ឌិត​រូប​នេះ​នឹង​ត្រូវ​បដិសេធ​ពី​អារម្មណ៍​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​ទាំងស្រុង​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក សុខ ឥ​សាន ក៏​បាន​បញ្ជាក់​ថា ៖ « ការ​ប្រកាស​ចូល​ស្រុក​នៅ​ថ្ងៃ ៩ វិច្ឆិកា ខួប​ទី​៦៦​ឆ្នាំ​នៃ​ឯករាជ្យ​ជាតិ​នោះ គឺ​ទណ្ឌិត​រត់ចោលស្រុក​គ្មាន​ពាក់ព័ន្ធ​នឹង​ថ្ងៃ​បុណ្យ ឯករាជ្យ​ជាតិ​នោះ​ទេ ។ ពេល​បាន​ឯករាជ្យ​ជាតិ ទណ្ឌិត​ទើប​មាន​អាយុ​៤​ឆ្នាំ មាន​ដឹង​ខ្យល់​អី នោះ​ទេ​»​។

លោក​ក៏​បាន​ហៅ​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ប្រឆាំង​ថា គឺជា​ការ​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​ខ្មោច ហើយ​ការ​សម្រេច​មិន​បាន​ខ្យល់ អត់​ន័យ អត់​ប្រសិទ្ធភាព អត់​មក​ចូល​ស្រុក​ទេ ។

លោក​ថា សំដី​របស់​លោក សម រ​ង្ស៊ី ព្រៀម​ដូច​ជា​ចុងស្រល់​ដែល​រេ​រាំ​ឥត​ឈប់ ព្រោះថា ម្តង​ថា​ចូល​ទៅ​ផ្តួលរំលំ ហ៊ុន សែន ម្តង​ថា​ចូល​ទៅ​ចាប់​ហ៊ុន សែន យក​មក​កាត់ទោស ម្តង​ថា ចូល​ទៅ​ចរចា​នយោបាយ​ជាមួយ ហ៊ុន សែន ម្តង​ថា​ចូល​ទៅ​បំផុស​កងទ័ព និង​ប្រជាជន​ឱ្យ​បះបោរ​ប្រឆាំង ហ៊ុន សែន ម្តង​ថា​ចូល​ទៅ​ដើម្បី​ដោះស្រាយ EBA …​មិនដឹង​ពាក្យពិត​នៅ​ត្រង់​ណា​ទេ​។

លោក សុខ ឥ​សាន ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ជនបរទេស​ដែល​ចូល​ទៅ​ស្រុក​ខ្មែរ អត់​ទិដ្ឋាកា រ​ចូល​នឹង​ត្រូវ​ចាត់ទុកជា​អ្នក​ចូល​មក​ខុសច្បាប់​ដែល​ត្រូវ​បញ្ចេញ​ជូន​ទៅ​ប្រទេស​ដើម​វិញ​។ បើ​នៅ​តែ​រឹងទទឹង​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ។

លោក​បញ្ជាក់​ថា​៖ «​នៅ​ពេល​ទណ្ឌិត​រត់ចោលស្រុក​ចូល​ទៅ​ក្នុង​ប្រទេស អ្នក​ហែហម​នឹង​ត្រូវ​ចាត់ទុកជា​ជនល្មើស​ច្បាប់ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ពី​បទ​ប្រឆាំង​នឹង​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្តី​សង្ឃឹម​ដែល​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​រំពឹង​ទុក​មិន​អាច​ក្លាយជា​ការ​ពិត ខ្មោច​អតីត​បក្ស​ប្រឆាំង​មិន​អាច​រស់​ឡើង​វិញ​ជា​ដាច់ខាត តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធ​សភា និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ដែល​ត្រូវ​បែង ចែក​តាម​ច្បាប់​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ៗ​ដែល​បាន​ធ្វើ​សកម្ម​ភាព​នយោបាយ​ស្របច្បាប់​មិន​អាច​មានមុខ​ឡើង​វិញ​ជា​ថ្មី​ជា​ដាច់ខាត​» ។

លោក​បន្ថែម​ថា កិច្ចការ​នយោបាយ និង​ការ​អនុវត្ត​ច្បាប់ គឺជា​រឿង​ដាច់​ដោយឡែក​ពី​គ្នា សកម្មភាព​នយោ​បាយ​ដែល​ជ្រុលនិយម​នាំ​ដល់​ល្មើសច្បាប់​ធ្ងន់ធ្ងរ​មិន​អាច​សម្រប​ស ម្រួ​ល​ថា ជា​រឿង​នយោបាយ​បាន​ឡើយ​។ បើ​ពុំ​ដូច្នោះ​ទេ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និ នីតិរដ្ឋ​នឹង​ត្រូវ​បំផ្លាញ​។

យោង​តាម​វី​ដេ​អូ​ឃ្លី​បលោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​លោក​ត្រូវ​បាន​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​អស់​រយៈពេល​ជាង​៤​ឆ្នាំ​ហើយ ។ លោក​បញ្ជាក់​ថា​៖ «៤​ឆ្នាំ​ហើយ​ដែល ហ៊ុន សែន បង្ខំ​ខ្ញុំ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​។ អា​លូវ​ដល់​ដំណាក់​ចុង​ក្រោយ ឬ​ដំណាក់កាល​ផ្តាច់​ព្រាត់ ជាក់ស្តែង​នោះ​គណៈកម្មការ​អចិន្ត្រៃយ៍ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ប្រកាស​កាលពី​ថ្ងៃ​១៧ សីហា ឲ្យ​ខ្ញុំ​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​៩ វិច្ឆិកា​ខាង​មុខ​នេះ​»​

លោក​សម រ​ង្ស៊ី បាន​បន្ថែម​ថា លោក​បាន​ទៅ​ដល់​ច្រើន​ប្រទេស​ហើយ ដើម្បី​ស្វែង​ការ​គាំទ្រ​ពី​ការ​ចូល​ស្រុក​វិញ​។ ហើយ​ពេល​នេះ​លោក​បាន​មក​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រទេស​មួយ​ជិត​នឹង​ប្រទេស​កម្ពុជា​ផង​ដែរ ។ នឹង​បន្តិចទៀត នឹង​មក​ដល់​ស្រុក​ខ្មែរ​តែ​ម្តង​។ លោក​បញ្ជាក់​ថា​៖«​ម្សិលមិញ​នេះ ខ្ញុំ​បាន​ធ្វើ​សេចក្តីសម្រេច​មួយ​សំខាន់​ជាងគេ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​ថា ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​យើង​វិញ ទៅ​ជួយ​ប្រជារាស្ត្រ​ខ្មែរ​ឲ្យ​ទាស់​តែ​បាន​។ យើង​អាណិត​បាន​ជួយ​ពី​ក្រៅ តែ​ឲ្យ​លូវ​យើង​មក​ជួយ​គាត់​នៅ​ក្នុង​ប្រទេស​វិញ​»។

លោក​សម រ​ង្ស៊ី បាន​អះអាង​ថា លោក​មក​កម្ពុជា​លើក​នេះ ដើម្បី​មក​ដោះស្រាយ​បញ្ហា​របស់​ជាតិ​ឲ្យ​ទាល់តែ​បាន ព្រោះ​ប្រសិនបើ​បណ្តោយ​ឲ្យ​ពេលវេលា​កាន់តែ​គន្លង​ទៅ ប្រទេស​នឹង​រលាយ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ