អាជ្ញាធរ​ត្រៀម​ខ្នោះ​រួច​ជា​ស្រេច​ដើម្បី​ចាប់​លោក​សម រ​ង្ស៊ី ទោះ​ចូល​តាម​ច្រក​ណា​ក៏​ដោយ


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន បាន​អះអាង​ជា​ថ្មី​ថា អាជ្ញាធរ​បាន​ត្រៀម​ខ្នោះ​រួច​ហើយ​សម្រាប់​ចាប់​លោក សម រ​ង្ស៊ី នៅ​ពេល​ចូល​មក​ដល់​ស្រុក​ខ្មែរ​វិញ ទោះបីជា​មក​តាម​ច្រក​ណា​ក៏​ដោយ​។ ការ​បញ្ជាក់​របស់​លោក សុខ ឥ​សាន បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​អះអាង​ថា លោក​នឹង​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​មក​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​ដែល​ត្រូវ​បំផ្លាញ​ដោយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ សីហា​នេះ​ថា ជោគជ័យ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ក្នុង​ការ​ចូល​ស្រុក ដោយ​បាន​ដាក់​នូវ​កាលបរិច្ឆេទ​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ២០១៩​ខាង​មុខ​នេះ ។ តែ​រឿង​ទៅ ឬ​មិន​ទៅ ជាក់ស្តែង​នៅ​មិន​អាច​ដឹង​បាន​ទេ ។ លោក​ក៏​បាន​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ថា បាន​កំណត់​ថ្ងៃ​ច្បាស់លាស់ និង​ថា ចាប់ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​៩​វិច្ឆិកា ២០១៩ សភាពការណ៍​នឹង​មានការ​ប្រែប្រួល ដែល​នោះ​ក្នុង​ន័យ​ថា កាលបរិច្ឆេទ​នៃ​ការ​ចូល​ស្រុក​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​សម រ​ង្ស៊ី នឹង​ផ្លាស់​ប្តូរ​។

លោក​បញ្ជាក់​ថា សភាពការណ៍​ចៃដន្យ​ពី​នេះ​រហូត​ថ​ល់​ខែវិច្ឆិកា ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​មិន​ហ៊ាន​ចូល​ស្រុក​ទេ​។ លោក​បាន​លើក​ឡើង​ថា ការ​រំលឹក​ដាស់តឿន​កុំ​ឲ្យ​ប្រជាជន​មួយ​ចំនួន​ចាញ់បោក​ទៅ​ទទួល​ទណ្ឌិត​រត់ចោលស្រុក​របស់​គណបក្សកាន់អំណាច ព្រោះថា ជា​ចេតនា​ល្អ​កុំ​ឲ្យ​ប្រជាជន​ទាំងនោះ​យក​ខ្លួន​ទៅ​ពាំងមុខ​ជំនួស​ទណ្ឌិត​នាំ​ខាត​ប្រយោជន៍​ខ្លួន​អត់​អំពើ ។

លោក​សុខ ឥ​សាន បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា «​ទណ្ឌិត​រត់ចោលស្រុក​ត្រៀមខ្លួន​ចូល​ស្រុក ហើយ​អាជ្ញាធរ​កម្ពុជា​ក៏​បាន​ត្រៀម​ខ្នោះ​រួច​ហើយ​ដែរ រង់​ចាំតែ​ឃើញ​មុខ ដោយ​មិន​គិត​ថា​នៅ​ថ្ងៃ​ណា​នោះ​ទេ​» ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​ហៅ​ចរិត និង​ពាក្យ​សំដី​របស់​លោក​សម រ​ង្ស៊ី គឺជា​មេ​ភេរវ​ករ​មាន​ចរិត​ធ្វើ​ខ្ញុំកញ្ជះ​ចក្រពត្តិនិយម​ឈ្លានពាន​អន្តរជាតិ ។ មេ​ភេរវ​ករ​កំពុង អន្ទះសារ​រង​មិន​ហ៊ាន​ចូល​ស្រុក​ដូច​ការ​សន្យា​ទេ​។ មិន​ហ៊ាន​ប្រាប់​ពី​ការ​ចូល​ស្រុក​ច្បាស់លាស់ គឺ​មាន​ន័យ​ថា មិន​ហ៊ាន​មក ពន្យា​ពេល​ទុក​ប្រមូល​លុយ​សិន​» ។

លោក​គូសបញ្ជាក់​ថា​៖ «​ទោះ​ចូល​តាម​ច្រក​ណា​ក៏​ដោយ នៅ​តែ​ខ្នោះដៃ និង​គុក​ដូច​គ្នា​ដដែល​។ ប្រកាស​ចូល​ស្រុក​វិញ​ច្រើន​លើក​ច្រើន​សារ តែ​មិនឃើញ​ចូល ភូត​អត់​ហ៊ាន​ចូល​ឡើយ​» ។

គួរ​រំលឹក​ថា កាលពី​ពេល​កន្លង​មកនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជា​ឲ្យ​មន្ត្រី​គ្រប់​ច្រក​ទ្វារ​អាកាស​យានដ្ឋាន និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំងអស់​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាប់ខ្លួន​លោក សម រ​ង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស​ដែល​កំពុង​រៀប​គម្រោង​ចូល​មក​កម្ពុជា​វិញ​។

លិខិត​មួយ​ច្បាប់​ចេញ​កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោ​ប្រវេសន៍ ដែល​មានកម្ម​វត្ថុ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​នាំ​ខ្លួន​លោក​សម រ​ង្ស៊ី បញ្ជាក់​ថា អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ស្នើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ដីកាចាប់ខ្លួន​លោក​សម រង្ស៊ី ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា លោក សម រ​ង្ស៊ី នឹង​ធ្វើ​ដំណើរ​មក​កម្ពុ​ជានា​ពេល​ខាង​មុខ​។

លិខិត​ចំនួន​៣​ដែល​យោង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រ​ង្ស៊ី ផង​នោះ បញ្ជាក់​តាម​ន័យ​ដើម​ថា ៖ «​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ក្រើនរំលឹក​ជា​ថ្មី​ដល់​ឯកឧត្ដម លោក​ជំទាវ អគ្គនាយករង និង​លោក​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ ជា​ពិសេស​នៅ​តាម​គោលដៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ត្រូវ​ចាត់វិធានការ​អនុវត្ត និង​សហការ​អនុវត្ត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

ការ​បញ្ជា​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើ​ឡើង ខណៈ​លោក សម រ​ង្ស៊ី ប្រកាស​ជា​ច្រើន​ដង​ថា លោក​នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

លោក សម រ​ង្ស៊ី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​រង​បណ្តឹង​ជា​ច្រើន​ករណី​ដែល​ប្តឹង​ដោយ​មេដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ដែល​រួម​មាន​ទាំង​បណ្តឹង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង​។

ក្នុង​វី​ដេ​អូ​មួយ​ដែល​លោក សម រ​ង្ស៊ី បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ពេល​កន្លង​មកនេះ លោក សម រ​ង្ស៊ី ប្រកាស​ទៅ​កាន់​អ្នកគាំទ្រ​លោក​នៅ​សហរដ្ឋអាមេរិក​ថា ឆ្នាំ​២០១៩​នេះ​គឺជា​ឆ្នាំ​ដែល​ត្រូវ​បញ្ចប់​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ដណ្តើម​យក​ប្រទេស​កម្ពុជា​មក​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ