កម្ពុជា​សង្ឃឹមថា ជប៉ុន​នឹង​បន្ត​ជួយ​អភិ​វឌ្ឍន៍​​កម្ពុជា​បន្ថែម​ទៀត


រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹមថា ជប៉ុន​នឹង​បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា​បន្ថែម​ទៀត ជា​ពិសេស​ការ​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស ការ​កសាង​សមត្ថភាព​ដល់​ថ្នាក់ដឹកនាំ​វ័យក្មេង ក៏​ដូច​ជា​ការ​កសាង​សមត្ថភាព​ដល់​យុវជន​កម្ពុជា ដែល​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។

នោះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្តេច​ប្រធានរដ្ឋសភា នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​របស់​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Hidehisa HORINOUCHI នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា​នេះ នៅ​វិមាន​រដ្ឋសភា ខណៈ​ដែល​លោក​បញ្ចប់​អាណត្តិ​ការទូត​បី​ឆ្នាំ​នៅ​កម្ពុជា ហើយ​ត្រូវ​ចាក​ចេញពី​កម្ពុជា​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​។

ក្នុង​ជំនួប​នោះ សម្តេច​បាន​លើក​ឡើង​ថា កម្ពុជា​-​ជប៉ុន បាន​កសាង​ទំនាក់ទំនង​ការទូត​រយៈពេល​ជាង​៦៥​ឆ្នាំ​មក​ហើយ​។ ទំនាក់ទំនង​ដ៏​យូរអង្វែង​នេះ បាន​ប្រែក្លាយ​វិវត្តន៍​ជា​បន្តបន្ទាប់ និង​មានការ​រីក​ចម្រើន និង​ចង​ចាំ​ចាក់ ឬ​ស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។ សម្តេច​បាន​លើក​ឡើង​ថា ឆ្នាំ​២០១៨ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​លើកកម្ពស់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ ក្លាយជា​ដៃគូរ​យុទ្ធសាស្ត្រ ដែល​សកម្មភាព​ទាំងអស់ បាន​អនុវត្ត​យ៉ាង​ផុលផុស​លើ​គ្រប់​វិស័យ និង​ប្រែ​ក្លាយជា​ផល​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​បាន​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា មានការ​រីក​ចម្រើន​រហូត​បច្ចុប្បន្ន​។

សម្តេច​ប្រធាន​ក៏​បាន​វាយតម្លៃ​ខ្ពស់​ផង​ដែរ ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​លោក​ទូត នៅ​ក្នុង​អាណត្តិ​៣​ឆ្នាំ​កន្លង​មកនេះ មាន​សកម្មភាព​លេចធ្លោ​ខ្លាំង ជា​ពិសេស​គឺ​ជម្រុញ​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ ហើយ​សម្តេច​ក៏​បាន​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន គឺ​មានកា​រីក​ចម្រើន ក្នុង​នោះ​មាន​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន​របស់​ជប៉ុន​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។ ជា​មួយ​នេះ​ដែរ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ក៏​មានការ​រីក​ចម្រើន​ផង​ដែរ​។

សម្តេច​បាន​បញ្ជាក់​ថា ក្នុង​អាណត្តិ​៣​ឆ្នាំ​របស់​លោក​ទូត​នៅ​កម្ពុជា សម្តេច​សង្កេត​ឃើញ​ដ៏​ពេញចិត្ត​ផង​ដែរ ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​បណ្តា​ប្រទេស​ក្នុង​តំបន់ ក្នុង​នោះ​រួម​មាន​កម្ពុជា​ផង​ដែរ​។ សម្តេច​បន្ថែម​ថា ៣​ឆ្នាំ​នៃ​អាណត្តិ​ការទូត​លោក ពិតជា​បានឃើញ​សភាព​ការ​ពិត​របស់​កម្ពុជា រួម​ទាំង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ធានា​នូវ​ស្ថេ​រ​ភាព សន្តិភាព និង​សណ្តាប់ធ្នាប់​សង្គម ដែល​ជា​មូលដ្ឋាន​គ្រឹះ​​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​កម្ពុជា​។

សម្តេច​ក៏​បាន​សម្តែង​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ដ៏​សន្ធឹកសន្ធាប់​ដល់​ការ​អភិវឌ្ឍ​កម្ពុជា ដែល​គិត​ពី​ឆ្នាំ​១៩៩២ រហូត​ដល់​បច្ចុប្បន្ន​នេះ ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន​នៅ​កម្ពុជា​មាន​ទំហំ​ជិត​៣​ពាន់​លាន​ដុល្លារ​ហើយ​។ សង្ឃឹមថា ជប៉ុន​នឹង​បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា​បន្ថែម​ទៀត ជា​ពិសេស​ការ​ជួយ​អភិ​វឌ្ឍន៍​ធនធានមនុស្ស ការ​កសាង​សមត្ថភាព​ដល់​ថ្នាក់ដឹកនាំ​វ័យក្មេង ក៏​ដូច​ជា​ការ​កសាង​សមត្ថភាព​ដល់​យុវជន​កម្ពុជា ដែល​ជា​មូ​ដ្ឋា​ន​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​។

លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​ការ​សម្តែង​ការ​អរគុណ លោក​បាន​ជំរាប​ជូន​សម្តេច​ប្រធានរដ្ឋសភា​ថា នៅ​ស​ប្តា​ហ៍​ក្រោយ​លោក​នឹង​ចាក​ចេញពី​កម្ពុជា ដើម្បី​ទៅ​បំពេញបេសកកម្ម​ការទូត​នៅ​ប្រទេស​ហូ​ឡង់​ជា​បន្ត​ទៀត​។ លោក​ថា បី​ឆ្នាំ​នៅ​កម្ពុជា លោក​សង្កេត​ឃើញ​ថា កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង ហើយ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ក៏​មានការ​រីក​ចម្រើន ទាំង​កិច្ច​សហប្រតិបត្តិការ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​។

លោក​បញ្ជាក់​ថា ឆ្នាំ​កន្លង​ទៅ​នេះ​គឺជា​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន ដែល​ប្រទេស​ទាំង​ពីរ​បាន​ប្រារព្ធ​ខួប​៦៥​ឆ្នាំ​នេះ​យ៉ាង​ឧឡា​រិ​ក ហើយ​ទន្ទឹម​នេះ​ជប៉ុន​ក៏​បាន​បើក​នូវ​កុ​ល​ស៊ុ​ល​មួយ​នៅ​ខេត្ត​សៀមរាប​បន្ថែម​ទៀត​។ បី​ឆ្នាំ​នៃ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​នេះ​ដែរ លោក​បាន​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​ពី​ថ្នាក់​កំពូល រហូត​ដល់​កម្រិត​ថ្នាក់​ក្រោម​ជា​បន្តបន្ទាប់ រួម​ទាំង​សភា​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ដូច​កាលពី​ឆ្នាំ​កន្លង​ទៅ​មានដំណើរ​ទស្សនកិច្ច របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ជប៉ុន ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​មាន​ជំនួប​កំពូល​រវាង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោ​ទ​នៈ​។

លោក​ទូត​បាន​សម្តែង​ការ​អរគុណ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ជំរុញ និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សភា​ទាំង​ពីរ​ឱ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។ លោក​ទូត​ក៏​បាន​សម្តែង​នូវ​ការ​រីករាយ​ផង​ដែរ ចំពោះ​សម្តេច​ប្រធាន ដែល​ជា​ឥស្ស​រិ​ជន​នយោបាយ​ជើង​ចាស់​របស់​កម្ពុ​ជាមួយ​រូប ដែល​ក្នុង​មួយ​ជីវិត​របស់​សម្តេច​បាន​រួម​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន ក្នុង​នោះ​សម្តេច​ក៏​ជា​បុគ្គល​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​ឱ្យ​មានការ​រីក​ចម្រើន​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ