សក្ដិ​សិទ្ធិ​ណាស់​កំពុង​បួងសួង​សុំ​ទឹកភ្លៀង​នៅ​ប្រាសាទនាគព័ន្ធ​ ភ្លៀង​ធ្លាក់​មក​មែន


ខេត្តសៀមរាប​៖ ឱ្យ​តែ​មាន​គ្រោះ​រាំង​ស្ងួត ឬ​ខ្សត់​ភ្លៀង អ្នក​ភូមិ​លាងដៃ បាន​នាំ​គ្នា​រៀបចំ​ប្រារព្ធ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នៅ​បរិវេណ​ប្រាសាទនាគព័ន្ធ​ទៅ​តាម​ទំនៀម​ពី​បុរាណ ។ នៅ​ឆ្នាំ​នេះ​កម្មវិធី​បាន​រៀបចំ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​លោកយាយ​ហៃ វឿ​ន វ័យ​៧០​ឆ្នាំ​ជា​ចាស់ព្រឹទ្ធាចារ្យ​មួយ​រូប ដែល​ផ្តើមគំនិត​រៀបចំ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នេះ​នៅ​ថ្ងៃ​ទី​១៣ និង​១៤ ខែសីហា បានឱ្យ​ដឹង​ថា ពិធី​នេះ​ជា​ទំនៀម​អ្នក​ភូមិ​លាងដៃ​តែង​ធ្វើ​មិន​ដែល​រំលង​ឡើយ គឺ​រាល់​ឆ្នាំ​ដែល​ក្រ​មាន​ភ្លៀង ឬ​ជួប​គ្រោះ​រាំង​ស្ងួត​ជាដើម​។ នៅ​ឆ្នាំ​នេះ​សង្កេត​ឃើញ​ថា​មាន​គ្រោះ​រាំង​ស្ងួត​ខ្លាំង អ្នក​ភូមិ​មិន​រំពឹង​ទទួល​បាន​ទឹកភ្លៀង​ច្រើន​ពេក​ទេ​បន្ទាប់​ពី​រៀបចំ​ពិធី​សុំ​ទឹកភ្លៀង​រួច តែ​យ៉ាងណា​អ្នក​ភូមិ​នៅ​តែ​ធ្វើ​ដើម្បី​បន់​អស់​បារមី​ទេវតា​ថែរក្សា​ភព​ផែនដី ឱ្យ​ផ្តល់​ទឹកភ្លៀង​ជួយ​សង្គ្រោះ​ស្រូវ​ស្រែ​និង​ជីវិត​សត្វលោក ។

បារមី​សក្ដិ​សិទ្ធិ​នៅ​ប្រាសាទនាគព័ន្ធ បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​នៅ​ទីនោះ​មាន​ជំនឿ​ជា​ខ្លាំង ដោយសារ​រាល់ពេល​ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង ម្ដង​ៗ គឺ​តែង​មាន​ភ្លៀង​ធ្លាក់​រហូត ។ លោកយាយ ហៃ វឿ​ន បញ្ជាក់​ថា «​អំឡុង​ពេល​កំពុង​បួងសួង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ស្រាប់តែ​មាន​ភ្លៀង​មួយ​មេ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ទទឹកជោក​ខ្លួន​តែ​ម្ដង ខណៈ​ដែល​ពេល​មុន​ៗ​ពុំ​មាន​ភ្លៀង​សោះ​នោះ ។ នៅ​ទី​នេះ​ឱ្យ​តែ​បន់​គឺ​ដឹង​តែ​បាន​» ។

ចំណែក​លោកយាយ​ឌួ​ង ឆោម អ្នកដឹកនាំ​រៀបចំ​ពិធី​ដែរ​នោះ​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មាន​ជំនឿ​នឹង​ពិធី​នេះ​ណាស់ ហើយ​តែង​មិន​សុខ​ស្រណុក​នៅ​ពេល​មិន​បាន​ធ្វើ​ពិធី​នេះ ។ បុណ្យ​សុំ​ទឹកភ្លៀង​នេះ​មិនមែន​សុំ​តែ​ទឹកភ្លៀង​មួយ​មុខ​ទេ គឺ​បន់ស្រន់​សុំ​សេចក្ដីសុខ​ជូន​ដល់​ប្រជារាស្ដ្រ​ខ្មែរ​ទាំងមូល​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ក្នុង​នាម​ជា​ចាស់ទុំ​មួយ​រូប និង​ជា​អ្នក​ប្រឹងប្រែង​ខំ​ធ្វើ​ពិធី​នេះ​ត​ពី​ដូច​តា​មក លោកយាយ​ឌួ​ង ឆោម ចង់ឱ្យ ក្មេង​ៗ​ជំនាន់​ក្រោយ​បន្ត​ធ្វើ​ពិធី​នេះ​ជាប់​រហូត​ទៅ ដ្បិតថា​ជា​ទំនៀម​ពី​បុរាណ ក៏​ដូច​ជា​អត្ដ​សញ្ញាណ​មួយ​របស់​អ្នក​ភូមិ​លាងដៃ​នេះ​ផង​ដែរ ។ សម្រាប់​ពិធី​នេះ​ដែរ បើ​តាម​ការ​ពន្យល់​របស់​លោក​យាយ ឌួ​ង ឆោម គឺ​មាន​សារសំខាន់​ណាស់​ដើម្បី​បង្ហាញ​ពី​ស្នា​ដៃដល់ ក្មេង​ៗ​ជំនាន់​ក្រោយ​ក្នុង​ការ​អភិរក្ស​ប្រពៃណី​ពី​ដូនតា​ខ្មែរ ក៏​ដូច​ជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​ចង់​ដឹង​ចង់​ឈ្វេងយល់​ក្នុង​ពិធី​នេះ ៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ