អាមេរិក​សាកល្បង​មី​ស៊ីល​ថ្មី​មួយ


សហរដ្ឋអាមេរិក ៖ មិន​ដល់​១​ខែ​ផង​ក្រោយ​ការ​ចាក​ចេញពី​សន្ធិសញ្ញា​ស្ដី​ពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​មធ្យម​ហៅ​សន្ធិសញ្ញា​INF ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ​បាន​ចាប់ផ្ដើម​ឡើង​វិញ​រួច​ហើយ ដោយ​សហ​រដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​១៩​សីហា​ថា បាន​ធ្វើ​ប្រកបដោយ​ជោគជ័យ​ការ​បាញ់​សាកល្បង​ដំបូង​របស់​ខ្លួន​មី​ស៊ី​ល​រយៈ​មធ្យម ចាប់តាំងពី​សង្គ្រាមត្រជាក់​មក​។

​ក្នុង​សេចក្ដី​ប្រកាស​មួយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បញ្ជាក់​ថា ការ​សាកល្បង​ដោយ​ជោគជ័យ​នោះ​ត្រូវ​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​១៨​សីហា​ចេញពី​កោះ​សាន​នី​កូ​ឡាស់ ក្នុង​ដែនទឹក​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​នា​វេលា​ម៉ោង​១៤​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។ មី​ស៊ី​ល​នោះ​បាន​បាញ់​ចេញពី​ជើង​ទម្រ​នៅ​លើ​ដី ហើយ​ទៅ​ធ្លាក់​ចំ​គោលដៅ ក្រោយ​ពី​ហោះហើរ​ក្នុង​ចម្ងាយ​៥០០​គីឡូម៉ែត្រ​។ បណ្ដា​ទិន្នន័យ​ដែល​ប្រមូល​បាន និង​បណ្ដា​មេរៀន​នៃ​ការ​បាញ់​សាកល្បង​នោះ អាច​ផ្ដល់​ដល់​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក បណ្ដា​ព័ត៌មាន​ចាំបាច់​នានា​សម្រាប់​អភិវឌ្ឍន៍​អាវុធ​រយៈ​មធ្យម​ថ្មី​ៗ​។

ក្នុង​សេចក្ដី​ប្រការ​របស់​ខ្លួន​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​បញ្ជាក់​ថា មី​ស៊ី​ល​នោះ​ជា​ប្រភេទ​មី​ស៊ីល​បណ្ដែត​វាយប្រហារ​ពី​ដី​ទៅ​ដី​ធុន​TOMAHAWK​ប្រភេទ​ថ្មី​។ ការ​បាញ់​សាកល្បង​ធ្វើ​ឡើង​ដោយ​កង​ម៉ា​រី​ន ដោយ​រួម​សហការ​ជាមួយ​ការិយាល័យ​សមត្ថភាព​យុទ្ធសាស្ត្រ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​។ បណ្ដា​រូបភាព​ចេញផ្សាយ​ដោយ​កងទ័ព​អា​មេ​រិ​ក បង្ហាញ​មី​សី​ុ​ល​នោះ​បាញ់​ចេញពី​ក្បែរ​ច្រាំង​មួយ ចេញពី​ប្រព័ន្ធ​បាញ់​បង្ហោះ​MARK41​។

សហរដ្ឋអាមេរិក​បាន​ដាក់​ពង្រាយ​ចាប់តាំងពី​យូរ​មក​ហើយ​បណ្ដា​មី​ស៊ី​ល​បណ្ដែត​រយៈ​មធ្យម នៅ​លើ​នាវា​ហើយ​ជា​ទូទៅ​បាញ់​ចេញពី​ប្រព័ន្ធ​MARK41​។ អ្វី​ដែល​ថ្មី​នោះ​ការ​បាញ់​សាកល្បង​លើក​នេះ​គឹ​ប្រព័ន្ធ​បាញ់​បង្ហោះ​ធុន​នេះ​ដាក់​តាំងនៅ​លើ​ដី​។ មី​ស៊ីល​ដែល​បាញ់​សាក​កាលពី​ថ្ងៃ​ទី​១៨​សីហា ជា​មី​ស៊ីល​ធម្មតា​តែ​រាល់​មី​ស៊ី​ល​ក្រោយមក​អាច​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ