ប្រទះគ្រាប់បែកយក្សMK82 ក្នុងទឹក​ស្ទឹង​សែន​…ឡើងញាក់សាច់


ខេត្តកំពង់ធំ ៖ គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​ប្រភេទMK82 ផលិត​នៅ​សហរដ្ឋអាមេរិក ដែល​ជា​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ សល់​ពី​សម័យ​សង្គ្រាម​ដើម​ទស​វត្ស​ទី​៧០ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​មាត់​ស្ទឹង​ ក្នុងភូមិ​ប្រ​ម៉ាត់​ដី ឃុំ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ដែល​រសៀល​ថ្ងៃ​ទី​១៧ សីហា ​កន្លង​មកនេះ​លោក សុខ លូ អភិបាលខេត្ត​ អមដំណើរ​ដោយ​លោកស្នងការ​នគរបាល និង​អភិបាលក្រុង​ស្ទឹង​សែន​បាន​ចុះ​ទៅ​ពិនិត្យ ។

លោក សុខ លូ អភិបាលខេត្ត​ត្រូវ​បាន​ដកស្រង់​ប្រសាសន៍​ថា គ្រាប់​MK82​នេះ​ ជា​គ្រាប់បែក​ដែល​ទម្លាក់​ពីលើ​យន្តហោះ​អា​មេ​រិ​ក​ កាលពី​សម័យ​សង្គ្រាម​ក្នុង​អំឡុង​ឆ្នាំ​១៩៧០-១៩៧៥ ។ នៅ​ក្នុង​សម័យ​កាលនោះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​លំបាក​វេទនា​យ៉ាង​ខ្លាំង ដោយ​ត្រូវ​រង​នូវ​ការ​ធ្វើសឹក​សង្គ្រាម ការ​ទម្លាក់​គ្រាប់បែក ការ​បាញ់​ផ្លោង ការ​បាញ់​រះ ការ​បាញ់​ផ្តក់ រវាង​ភាគី​ជម្លោះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​នាំ​គ្នា​ភៀសខ្លួន​ស្វែងរក​កន្លែង​សុវត្ថិភាព ។ ប្រជាជន​រង​ទុក្ខ​លំបាក​វេទនា និង​កម្សត់​ទុរគត ព្រោះ​ខ្វះ​ស្បៀង អ្នកស្រែ​ចម្ការ​ត្រូវ​ឃ្លាត​ពី​ភូមិ​ស្រុក​បាត់បង់​មុខរបរ គ្មាន​ការងារ​ធ្វើ ព្រាត់ប្រាស់​គ្រួសារ​។ សង្គ្រាម​បាន​បន្សល់​ទុក​នូវ​ស្ត្រី​មេម៉ាយ​ក្មេង​កំព្រា អ្នកមាន​ជំងឺ អ្នក​របួស ជន​ពិការ​ជា​ច្រើន​សែន​នាក់ ។

ក្រុម​មន្ត្រី​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គ្រាប់ MK82 នេះ​ ជា​គ្រាប់​ផលិត​ដោយ​សហរដ្ឋអាមេរិក ជា​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​មាន​ប្រវែង​១៥០០​មី​លី្ល​ម៉ែត្រ ទម្ងន់​២២៧​គីឡូក្រាម ។ គ្រាប់​នេះ​បើ​ផ្ទុះ វា​មាន​វិសាល​ភាព សម្លាប់​ជីវិត​ដែល​នៅ​ជុំវិញ​ប្រវែង​ប្រហែល​២០០​ម៉ែត្រ​៤​ជ្រុង ។ សម្រាប់​ចម្ងាយ​សុវត្ថិភាព គឺ​ចន្លោះ​ពី​៨០០​ម៉ែត្រ ទៅ​១៥០០​ម៉ែត្រ ។ មន្ត្រី​ស៊ី​ម៉ាក់​ថា​នឹង​បន្ត​ធ្វើការ​រុករក គ្រាប់​ប្រភេទ​នេះ​បន្ត​ទៀត​នៅ​ក្នុងភូមិ​សាស្ត្រ​នេះ​ផង​ដែរ ព្រោះ​តាម​ការ​សន្និដ្ឋាន​គឺ​អាច​នៅ​មាន​គ្រាប់​បន្សល់​ទុក​នៅ​ក្នុង​ដី​បន្ថែម​ទៀត ។

មូលហេតុ​ដែល​គ្រាប់​នេះ​មិន​ផ្ទុះ​ពេល​ទម្លាក់​នោះ គឺ​ប្រហែល​មក​ពី​អ្នកបើកបរ​យន្តហោះ​បាន​ចុច​បញ្ជា​មិន​ឲ្យ​ផ្ទុះ ឬ​មក​ពី​កម្លាំង​ធ្លាក់​មិន​ទាន់​ដល់​កម្រិត​អាច​ឲ្យ​គ្រាប់​នេះ​ផ្ទុះ​បាន ។ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​កាលពី​ថ្ងៃ​ទី​១៦ សីហា ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​បង់សំណាញ់​នៅ​ក្នុង​ស្ទឹង ។ ពេល​នោះ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​មិន​ហ៊ាន​ស្នាក់​នៅ​ក្នុងផ្ទះ​របស់​គាត់​ទេ ហើយ​គាត់​ក៏​ធ្វើការ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សមត្ថកិច្ច ឬ​អង្គការ​ស៊ី​ម៉ាក់​ធ្វើការ​បន្ត​រុករក​គ្រាប់ ដែល​នៅ​សេសសល់​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ពួក​គាត់​រស់នៅ​បន្ត​ទៀត​ដើម្បី​សុខ​សុវត្ថិភាព ។ (សម្រួល​ដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ