លោកយាយថា៖ ម្ហូបឆ្ងាញ់វាគ្រាន់តែ​ជា​ក្តី​ស្រម៉ៃ​មួយ​ប៉ុណ្ណោះ…តែឃ្លានណាស់


ខេត្តកំពង់ស្ពឺ ៖ នៅ​ពេល​សួរ​ថា លោកយាយ​មាន​នឹក​ឃ្លាន​អាហារ​ឆ្ងាញ់​ដែរ​ទេ ? លោកយាយ​មាន​ប្រសាសន៍​​​ថា គាត់​មិន​ដែល​បាន​ហូប​ឆ្ងាញ់​នោះ​ឡើយ ហើយ​បើ​និយាយ​ពី​ម្ហូប​ឆ្ងាញ់​ វា​គ្រាន់តែ​ជាក្តី​ស្រមៃ​មួយ​ប៉ុណ្ណោះ ។ នេះជាសម្តីរបស់លោក​យាយម្នាក់​កំពុងស្ថិតក្នុងគ្រួសារ​មួយក្រីក្របំផុត ថែមទាំង​ពិការ​ទៀត ។

ជាក់ស្តែង ជីវិត​គ្រួសារមួយនេះ ​​​នៅ​ជនបទ​ដាច់​ស្រយាល​មួយ​នៃ​ខេត្តកំពង់ស្ពឺ ​កំពុង​រស់ទាំង​វេទនា រកបាន​១​ថ្ងៃ​សម្រាប់​តែ​១​ថ្ងៃ​ ដោយការ​ដើរ​ជីក​ទំពាំង​ដុះ​ក្នុង​ព្រៃ និង​ចាក់​អង្ក្រង​លក់ ពិតជា​គួរ​ឱ្យ​អាណិត​ខ្លោចចិត្ត​ពេក​ណាស់ ។

ក្នុង​នាម​ ជា​ជនរួមជាតិ​ដែល​គ្មាន​វាសនា​ល្អ សូ​ម្បី​តែ​បន្តិច​នៅ​ក្នុង​ជាតិ​នេះ ព្រោះ​ត្រូវ​តស៊ូ​រស់​ប្រឈម​​នឹង​ការ​ស្រេកឃ្លាន​ដោយសារ​តែ​ភាព​ក្រីក្រ​នោះ គឺ​ស្ត្រី​ម្នាក់​មាន​ជីវភាព​ក្រលំបាក​តោកយ៉ាក​បំផុត​ សុំ​ដី​សហគមន៍​រស់នៅ​ដើរ​ជីក​ទំពាំង​ និង​ចាក់​អង្ក្រង​លក់​យក​លុយ​តិចតួច​ទិញ​អង្ករ​ហូប​ចិញ្ចឹម​ម្តាយ​ចាស់ជរា និង​ប្តី​ពិការ​នៅ​តែ​លើ​រទេះរុញ ថែម​ទាំង​ផ្គត់ផ្គង់​លុយកាក់​ឱ្យ​កូនប្រុស​២​នាក់​រៀនសូត្រ​ទៀត​ផង ។

ពេល​នេះ ស្ត្រី​ទុរគត​ខាងលើ​ដាច់​ចិត្ត​លើកដៃសំពះ ​ក្រែង​មាន​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេសជួយ​ដល់​គ្រួសារ​គាត់ ជា​ពិសេស​កាកបាទក្រហមកម្ពុជា ។ ក្នុង​ទឹកមុខ​ស្រងូតស្រងាត់​អ្នកស្រី លុយ អាន អាយុ​៣៨​ឆ្នាំ និយាយ​រៀបរាប់​ថា មុខរបរ​ប្រចាំ​ថ្ងៃ​របស់​គាត់​គឺ​ដើរ​ជីក​ទំពាំង​ក្នុង​ព្រៃ​និង​ចាក់​អង្ក្រង ។ បច្ចុប្បន្ន គាត់​ស្នាក់​នៅ​តំបន់​តេ​ទឹក​ពុះ ​ដោយ​សុំ​ដី​សហគមន៍​ស្នាក់​នៅ ក្នុងភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ មាន​ប្តី​ឈ្មោះ មឹក ញ៉ា​ញ់ អាយុ​៣៦​ឆ្នាំ ពិការ​ជើង​ទាំង​២ តាំង​តែ​ពី​កំណើត និង​មានកូន​ប្រុស​២​នាក់ កូន​បង​អាយុ​១៥​ឆ្នាំ និង​កូន​ប្អូន​អាយុ​១២​ឆ្នាំ ថែម​ទាំង​មើលថែ​ម្តាយ​ជរា​ម្នាក់​ទៀត​ឈ្មោះ គាំ ឡា អាយុ​៨៦​ឆ្នាំ។

គាត់​បន្ត​ថា ជា​រៀង​រាល់​យប់ ខណៈ​ក្រុម​គ្រួសារ​គេ​ចូល​សម្រាក​អស់ហើយ ប៉ុន្តែ​រូប​គាត់​ត្រូវ​នៅ​អង្គុយ​ចិត​ទំពាំង​រហូត​ដល់​យប់​ជ្រៅ សម្រាប់​លក់​នៅ​ពេល​ព្រឹក ។ រាល់ថ្ងៃ គាត់​ដើរ​ជីក​ទំពាំង​ក្នុង​ព្រៃ​និង​ចាក់​អង្ក្រង​យក​មក​លក់​បាន​ប្រាក់​តិចតួច​ទិញ​អង្ករ​ដាំបាយ​ហូប ​គ្រាន់​បាន​រស់​ឃើញ​ពន្លឺព្រះអាទិត្យ​ដូច​គេឯង ដែល​ក្នុង​មួយ​ថ្ងៃ​ៗ​គាត់​អាច​រក​ចំណូល​បាន​១​ម៉ឺន​ ទៅ​២​ម៉ឺន​រៀល​ដែរ ។ ប៉ុន្តែ​ជួន​ថ្ងៃ​ខ្លះ ​​លក់​អត់​ដាច់ ក៏​ដេក​អត់​បាយ​ទាំងអស់​គ្នា​ទៅ ហើយ​បើ​ឈឺ​មួយ​ថ្ងៃ​ប្រាកដជា​អត់បាយ​ទាំងអស់​គ្នា ។ គាត់​ថា ​ខែ​នេះ​ជា​ខែវស្សា​មាន​ភ្លៀង​ខ្យល់ ដោយសារ​ខ្ទម​ធ្លុះធ្លាយ​ភ្លៀង​លិច​សាច​ទទឹកជោក​មិន​បាន​សម្រាក​ទេ ។

ស្ត្រី​ទុរគត​រូប​នេះ​រៀបរាប់​ទៀត​ថា គាត់​អាណិ​ត​ប្តី​ពិការ អាណិតម្តាយ​ចាស់ និង​កូនប្រុស​ទាំង​២​នាក់​ខ្លាំង​ណាស់ ទោះជា​ខ្លួនឯង​លំបាកលំបិន​យ៉ាងណា​ក្តី​ក៏​ខំ​ត​សូ​៊​ដែរ ឱ្យ​តែ​បាន​រស់នៅ​ជួបជុំ​អ្នក​មានគុណ ប្តី និង​កូន​ទាំង​២​នាក់ ។ ជា​រៀងរាល់ថ្ងៃ ពេល​ព្រឹក​ឡើង​ត្រូវ​រុញ​ប្តី​ទៅ​ងូតទឹក មើលថែ​ទឹក​ត្រជាក់​ទឹក​ក្តៅ ណា​មើល
ថែ​ម្តាយ​ជរា រួច​ហើយ​បន្ត​ទៅ​ជីក​ទំពាំង​និង​ចាក់​អង្ក្រង យក​មក​ដាក់​លក់​នៅ​កន្លែង​ស្នាក់​នៅ ។ បើ​សល់​លក់​មិន​អស់ យប់​ឡើង​ឆ្លៀតពេល​ចិត​ទំពាំង​ជ្រក់​ដើម្បី​លក់​បន្ត ជួន​ថ្ងៃ​ខ្លះ​ឈប់​សម្រាក កូន​ៗ​ទាំង​២​នាក់ ជួយ​ដើរ​ជីក​ទំពាំង​និង​ចាក់​អង្ក្រង​ដែរ ។

ទោះជា​លំបាក​វេទនា​យ៉ាងណា ក៏​គាត់​នៅ​តែ​បង្ហាញ​ភក្តីភាព​ចំពោះ​ប្តី​មិន​បោះបង់​ប្តី​កម្សត់ ម្តាយ​ជរា​និង​កូន​ទាំង​២​នាក់​នេះ​ទេ ។ ជាមួយ​នេះ​គាត់​សូម​លើក​ម្រាមដៃ​១០​ប្រណម ក្រែង​មាន​សប្បុរសជន​ជួយ ជា​ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា សូម​ជួយ​ក្រុម​គ្រួសារ​គាត់​ផង ក្រែង​បាន​ដី​សង់ផ្ទះ​សម្បែង​នៅ​ដូច​គេឯង ក្នុង​មួយ​ជីវិត​នេះ ។

ដោយឡែក លោកយាយ គាំ ឡា អាយុ​៨៦​ឆ្នាំ ដែល​រស់នៅ​ជាមួយ​កូនប្រសា និង​ចៅ​កម្សត់​ទាំង​២​នាក់​និយាយ​ថា គាត់​មក​រស់នៅ​ជាមួយ​កូន​គ្រាន់​ជួយ​ជំនួស​ដៃជើង​តិចតួច ណាមួយ​ខ្លួន​ចាស់ជរា​ហើយ​មាន​ជំងឺ​ថែម​ទៀត​ផង រាល់ថ្ងៃ​គាត់​អាណិត​កូនស្រី​ណាស់ ប្រឹងប្រែង​ដើរ​រក​លុយ​ចិញ្ចឹម​គាត់​ជា​ម្តាយ ចិញ្ចឹម​ប្តី​ពិការ​ជិះតែ​លើ​រទេះរុញ និង​កូន​ៗ ។ គាត់​មិនដឹង​ថា​ជួយ​យ៉ាងណា​ទេ ។

លោក​យាយ​សង្ឃឹមលើ​សប្បុរសជន ដែល​តែងតែ​ធ្វើបុណ្យ​ទាន ណាមួយ​ជិត​ដល់​រដូវ​ភ្ជុំបិណ្ឌ​ផង ក្រែង​បាន​ហូប​ឆ្ងាញ់​នឹង​គេ​ម្តង ៕​ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ