សិរី​សួស្តី​ស្ថិត​នៅ​ត្រង់​យើង​ជួយ​ខ្លួន​យើង​បាន


ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ទូន្មាន​ថា ឱ្យ​ខ្លួន​ជាទី​ពឹង​នៃ​ខ្លួនឯង នេះ​ជា​ការ​ពិត​ដែល​យើង​អាច​យក​ទ្រឹស្តី​នោះ​មក​ពិសោធ​បាន​គ្រប់ពេលវេលា ហើយ​ព្រះ​អង្គ​ត្រាស់​បន្ត​មួយ​ឃ្លា​ទៀត​ថា ខ្លួន​ដែល​ហ្វឹកហាត់​បាន​ល្អ​ហើយ ឈ្មោះ​ថា​បាន​នូវ​ទីពឹង​ដែល​គេ​បាន​ដោយ​កម្រ នេះ​ជា​ការ​សម្តែង​ឱ្យ​ឃើញ​ថា ពឹង​ខ្លួន​ឱ្យ​ជួយ​ខ្លួនឯង គឺ​ហ្វឹកហាត់ អប់រំ​ទូន្មាន​ខ្លួន​ឱ្យ​មានការ​ចេះ​ដឹង និង​ឱ្យ​មាននូវ​សមត្ថភាព​ក្នុង​ការងារ ដូច្នេះ​រមែង​បានជា​ទីពឹង​ឱ្យ​ដល់​ខ្លួនឯង ។

សេចក្តី​នេះ​បណ្ឌិត​លោក​ចង់ឱ្យ​មនុស្ស​គ្រប់​រូប​ប្រើ​ពេលវេលា​ឱ្យ​អស់​ទៅ​ក្នុង​ការ​អប់រំ​បន្ទុំ​នូវ​ចំណេះដឹង និង​សមត្ថភាព ព្រោះ​ឱកាសល្អ រមែង​មាន​ជា​និច្ច សម្រាប់​អ្នក​ដែល​មានចំណេះ​ដឹង និង​មាន​សមត្ថភាព​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ជួយ​ខ្លួនឯង​ផង និង​សម្រាប់​ប្រយោជន៍​សង្គម​ផង ។ ការ​ពឹង​ខ្លួនឯង​បាន​នោះ គឺ​ពិតជា​ធ្វើ​ឱ្យ​យើង​រីករាយ​ចិត្ត​ក្រៃ​លែង​ណាស់ នេះ​ជា​សិរី​សួស្តី​របស់​មនុស្ស ។

ការងារ​ដែល​យើង​កំពុង​ធ្វើ ជា​វិធី​ដ៏​សំខាន់​ក្នុង​ការ​ពឹង​ខ្លួនឯង យើង​ត្រូវ​ហ្វឹកហាត់​ជួយ​ខ្លួនឯង រហូត​ដល់​អស់​សមត្ថភាព កុំ​ចេះ​តែ​សង្ឃឹម​ជំនួយ​ពី​ខាងក្រៅ​ខ្លាំង​ពេក រឿង​ដែល​ពិសេស​គឺ​ខ្លួន​យើង ។

ចំពោះ​អ្នក​ដែល​ត្រូវការ​បដិបត្តិ​ធម៌ សូម​ឱ្យ​កាន់​យក​ការងារ​ក្នុង​តួនាទី​របស់​ខ្លួន​ជា​ការ​បដិបត្តិ​ឱ្យ បាន​ល្អជា​ទីបំផុត ។ ការ​បំពេញ​នូវ​តួនាទី​ឱ្យ​បាន​ល្អ​បំផុត​នោះ​ឯង​គឺជា​ការ​បដិបត្តិ​ធម៌​ដ៏​ក្រៃ​លែង​ ។

កាលបើ​យើង​បាន​បំពេញការងារ​ឱ្យ​អស់ពី​លទ្ធភាព​របស់​ខ្លួន​ហើយ នឹង​មិន​បាន​ខូចចិត្ត​ថា យើង​មិន​មាន​ពេលវេលា​សម្រាប់​បដិបត្តិ​ធម៌​ឡើយ ព្រោះ​យើង​បាន​ធ្វើ​រួច​ហើយ ពោល​គឺ​ការ​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ដោយ​បរិបូណ៌​ហ្នឹងឯង ដែល​ជា​ការងារ​ប្រាសចាក​ទោស ជា​ការងារ​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ