លេង​មែនទែន​ក្រុមហ៊ុន​អា​មេ​រិ​ក​ចង់​ផលិត​យន្តហោះ​ប្រើ​អុីដ្រូសែន​នៅ​ឆ្នាំ​២០២២


ក្រុមហ៊ុន​ថ្មី​មួយ ដែល​មាន​គោលបំណង​ផលិត​និង​លក់​យន្តហោះ​ដំណើរការ​ដោយ​ថាមពល​អុីដ្រូសែន បាន​លេច​ចេញ​ជា​រូបរាង​កាលពី​ថ្ងៃ​ពុធ​។ ក្រុមហ៊ុន ZeroAvia ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Hollister រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា អះអាង​ថា​យន្តហោះ​របស់​ខ្លួន​នឹង​មាន​តម្លៃ​ថោក​ជាង ក្នុង​ការ​ផលិត​និង​ហោះហើរ ជាង​យានយន្ត​ដើរ​ដោយ​ថាមពល​ប្រេងឥន្ធនៈ ហើយ​ក៏​មិន​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ដូច​យន្តហោះ​ដទៃ​ដែរ​។

ក្រុមហ៊ុន ZeroAvia គ្រោង​នឹង​ផលិត​យន្តហោះ​ខ្នាត​តូច​កៅអី ១០ ទៅ ២០ ដែល​ប្រើ​សម្រាប់​ការ​ហោះហើរ​ជិត​ៗ​ក្នុង​រយៈ​ចម្ងាយ​៥០០​ម៉ា​យ ក្នុង​តំបន់​។ ក្រុមហ៊ុន​បាន​ធ្វើការ​សាកល្បង​ការ​ហោះហើរ​ប្រកបដោយ​ជោគជ័យ​ជា​ច្រើន ដោយ​ប្រើ​គំរូ​យន្តហោះ​គ្រោង​ប្រភេទ Piper M-Class​។ យោង​តាម​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ជាមួយនឹង​ទម្ងន់​២​តោន និង កៅអី​៦ គម្រូ​យន្តហោះ​នេះ​គឺជា​យន្តហោះ​គ្មាន​ផ្សែង​បំពុល​ធំ​ជាងគេ ដែល​ហោះ​ដោយ​គ្មាន​ពឹងផ្អែក​លើ​ប្រេងឥន្ធនៈ​បន្តិច​ណា​ទាល់តែ​សោះ​។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ បាន​អនុញ្ញាតិ​អោយ ZeroAvia ដំណើរការ​គម្រូ​របស់​ខ្លួន​សម្រាប់​ការ​ហោះហើរ​សាកល្បង​នៅ​ដើមឆ្នាំ​នេះ​។ ចាប់តាំងពី​ពេល​នោះ​មក យន្តហោះ​បាន​បញ្ចប់​ការ​ហោះហើរ​សាកល្បង​ជា​ច្រើន​ប្រភេទ ដោយ​ជោគជ័យ​។ គំនិត​នៃ​ការ​ហោះហើរ​ដើរ​ដោយ​ថាមពលអគ្គីសនី បាន​កើតឡើង​អស់​ជា​ច្រើន​ទស​វត្ស​មក​ហើយ ប៉ុន្តែ​ទើបតែ​ថ្មី​ៗ​នេះ​វា​បាន​ចាប់ផ្តើម​ដំណើរការ​។

ក្រៅពី​ការ​ប្រើប្រាស់​ថាមពល​អុីដ្រូសែន​ជា​ប្រភព​ថាមពល មាន​ក្រុមហ៊ុន​ខ្លះ​ក៏​ធ្លាប់​គិត​ចង់​ផលិត​យន្តហោះ​ដែល​អាច​ហោះ​ដោយ​ប្រើ​អគ្គិសនី​ផង​ដែរ​។ ពោល​គឺ​គេ​ចង់​ធ្វើ​វា​ឱ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន​កំពុង​ធ្វើ​។ តែ​អ្វី​ដែល​យើង​គួរ​ដឹង​គឺថា អុីដ្រូសែន​សំបូរ​ច្រើន​នៅ​លើ​ផែនដី ហើយ​វា​មិន​បញ្ចេញ​អ្វី​អាក្រក់​ទេ ក្រៅពី​ចំហាយ​ទឹក​ ៕

ប្រភព ៖ theverge , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ