ជីវិត​កាន់តែ​ស៊ី​វី​ល័យ ហើយ​រីករាយ​នៅ​មជ្ឈមណ្ឌល​ហាង​ទំនិញ និង​ការិយាល័យ The Point


រាជធានី​ភ្នំពេញ ៖ The Point ដែល​ជា​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ ដែល​មាន​ទីតាំង​ទល់មុខ​នឹង​ស្ថានទូត​ចិន ស្ថិត​នៅ​លើ​មហាវិថី​ម៉ៅ​សេ​ទុង បាន​ចាប់ផ្តើម​សម្ពោធ​បើក​ដំណើរការ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​២១ ខែសីហា​ជាមួយនឹង​វត្តមាន​ហាង ល្បី​ៗ​មួយ​ចំនួន ដើម្បី​បម្រើ​ដល់​ភាព​ស៊ី​វី​ល័យ និង​ភាព​រីករាយ​ដល់​ការ​រស់នៅ​ការ​បំពេញការងារ និង​ធុរកិច្ច​របស់​ប្រជាជន​កម្ពុជា​យើង ។

ហាង​ល្បី​ៗ​ដូច​ជា ហាង​កាហ្វេ Starbuck ហាង​កាហ្វេ Park Cafe ហាង​តែ Heekcaa បាន​បង្អួតខ្លួន នៅ​ផ្នែក​ខាង​មុខ​នៃ​មជ្ឈមណ្ឌល The Point ដើម្បី​បម្រើ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប ។ គួរ​អោយ​ចាប់អារម្មណ៍​បន្ថែម​ដែរ​នោះ​ផ្សារ​ទំនិញប្រើប្រាស់​របស់​ផ្សារ​អ៊ី​អន​ជប៉ុន​ក៏​បាន​បើក​បម្រើ​ការ​លក់ដូរ​ទំនិញ​ជា​ច្រើន​មុខ​ផង​ដែរ ។

លោក លោក ផូ​រ សុធា​រៈ អគ្គនាយក​ក្រុមហ៊ុន 3DS Property Management ដែល​បាន​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ The Point បាន​និយាយ​ថា វត្តមាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ឱកាស​បើក​ដំណើរ​បណ្តោះអាសន្ន​នេះ ជា​សក្ខីភាព​ដ៏​ច្បាស់លាស់​មួយ​ដែល​ថា The Point នឹង​ក្លាយជា​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ​ដំបូង​គេ​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ធុរជន និង​ប្រជាពលរដ្ឋ​គ្រប់​រូប ។ លោក​បាន​និយាយ​បន្ត​ទៀត​ថា «The Point សាងសង់​ឡើង ដើម្បី​ធ្វើ​អោយ​ជីវិត​រស់នៅ និង​ធុរកិច្ច​កាន់តែ​ស៊ី​វី​ល័យ កាន់តែ​ងាយស្រួល និង​កាន់តែ​សប្បាយ​រីករាយ ។ រាល់​សេចក្តី​ត្រូវការ​ចាំបាច់​ទាំងអស់​របស់​ប្រជាជន និង​ធុរជន​ត្រូវ​បាន​យក​មក​ដាក់​ក្នុង​បេះដូង​របស់ The Point» ។

មនុស្ស​ម្នា​ជា​ច្រើន​បាន​ចាប់ផ្តើម​នាំ​គ្នា​មក​កាន់​ផ្សារ​ទំនើប The Point ដើម្បី​ទទួលទាន​កាហ្វេ និង​បរិភោគ​អាហារ​នៅ​ហាង Starbuck និង Park Cafe ព្រមទាំង​ទទួលទាន​តែ Heekcaa ផង​ដែរ ។ អ្នកខ្លះ​ទៀត​ក៏​នាំ​គ្នា​មក​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនិញ​របស់​ផ្សារ​ទំនើប​អ៊ី​អន ។

ចាន់ ជេ​ស្តា យុវជន​អាយុ​២៥​ឆ្នាំ បាន​និយាយ​ថា លោក​ចូល​ចិត្ត​មក​ទទួលទាន​កាហ្វេ និង បរិភោគ​អាហារ The Point ដោយសារ​តែ​វា​មាន​ភាព​ងាយស្រួល​ហើយ​មានការ​រចនា​ដ៏​ស្រស់​ស្អាត និង​បៃតង ។ លោក​ក៏​បាន​ប្រាប់​ដល់​មិត្តភក្តិ​របស់​លោក​អោយមក​ជួបជុំ​គ្នា​នៅ​ទី​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា The Point កន្លង​មក​បាន​ទទួល​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក ដោយសារ​តែ រចនា​បទ​ល្អ​ឯក និង​បៃតង​ដែល​គិតគូរ​ដល់​បរិស្ថាន​ហើយ​វា​ក៏​ត្រូវ​បាន​ទទួលស្គាល់​ផង​ដែរ​ចំពោះ​គុណភាព​សំណង់​ខ្ពស់ និង​រឹង​មាំ​ដែល​ធានា​ដល់​សុវត្ថិភាព ។ ការ​សាងសង់​ធ្វើ​ឡើង​ដោយ​គិតគូរ​គ្រប់​ទិដ្ឋភាព ដោយ​រួម​ទាំង​ច្បាប់ទម្លាប់​ត្រឹមត្រូវ ស្តង់ដា​គុណភាព សុវត្ថិ​ត​ភាព និង​បរិស្ថាន ។ ការ​មក​ទស្សនា​ដោយ​ផ្ទាល់​ភ្នែក​នឹង​ធ្វើ​អោយ​ដឹង​ច្បាស់​ពី​សម្រស់​ភាព​អស្ចារ្យ គុណភាព​សំណង់ និង​ភាព​បៃតង​របស់ The Point ។

ម​ជ្ឈ​ម​ណ្ធ​ល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ The Point ជា​មជ្ឈមណ្ឌល​ដ៏​ទំនើប​ថ្មី​មួយ សម្រាប់​ការ​ធ្វើ​ការងារ​ការិយាល័យ​ការ​សម្រាក​កម្សាន្ត និង​ការ​ទិញ​ទំនិញ​គ្រប់មុខ​ក៏​ដូច​ជា ការ​ទទួលទាន​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន ។ The Point នឹង​ធ្វើ​អោយ​ការ​រស់នៅ និង​ការ​បំពេញការងារ​របស់​អ្នក​រស់នៅ និង​ធុរជន​នៅ​ក្រុងភ្នំពេញ កាន់តែ​មាន​ភាព​ងាយស្រួល និង​សប្បាយ​រីករាយ​ដោយសារ​តែ​សំណង់​អគារ​ការិយាល័យ​ដ៏​ស្រស់​ស្អាត ដែល​មាន​រចនា​បទ​ទាក់ទាញ​និង​ហាង​ទំនិញ​ជា​ច្រើន​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​អ្នកធ្វើការ និង​អ្នក​រស់នៅ​ភ្នំពេញ ។ វា​នឹង​ធ្វើ​អោយ​មានការ​កែប្រែ​កាន់តែ​ប្រសើរ​សម្រាប់​ការ​រស់នៅ ការ​បំពេញការងារ និង​ធុរកិច្ច ។

សូម​បញ្ជាក់​ថា The Point គឺជា​គម្រោង​អគារ​ការិយាល័យ និង​ផ្សារ​សហគមន៍​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​វិនិយោគ​រួម​គ្នា ដោយ​វិនិយោគិន​ក្នុងស្រុក និង​វ័យក្មេង ។ អគារ​ការិយាល័យ​នេះ​បាន​បោះទុន​វិនិយោគ​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃ​ដី​សាងសង់​ឡើយ ។ គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​អគា​រិ​យា​ល័យ​នៅ​កម្ពុជា និង​ជា​បណ្តុំ​នៃ​ផ្សារ និង​ហាង​ទំនើប​ៗ​ជា​ច្រើន ។ The Point ក៏​ចូលរួម​ចំណែក​ផង​ដែរ​ដល់​ការ​ផ្តល់​ការងារ​ដល់​មនុស្ស​ជា​ច្រើន និង​ចូលរួម​ដល់​ការ​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ