សម្រេចច្រើនដងមិនអី លុះចុងក្រោយ​អស់លក្ខណ៍​


រាជធានី​ភ្នំពេញ ​៖ ​​ដែកដែល​​អ្នក​ភូមិ​ទិញ​យក​មក​​សាង​សង់​ដំបូល ​ឬ​សំ​យ៉ាប​ផ្ទះ​​ហើយ​គរ​ទុក​នៅ​មុខ​ផ្ទះ ត្រូវ​បាន​យុវជន​សង្ស័យ​២​នាក់​តែងតែ​ធ្វើ​សកម្មភាព​លួច​ដែកនៅ​​ពេល​យប់ ​និង​​លួច​បាន​សម្រេច​ជា​ច្រើន​លើក​មកហើយ​​ ។ ​ដោយ​សារ​តែ​បែប​នេះ​ទើប​ធ្វើ​ឲ្យ​​ជនសង្ស័យ​ទាំង​២នាក់​​​នៅតែហ៊ានប្រព្រឹត្ត​ទៀត​ ​លុះ​​នៅ​ចុង​ក្រោយក៏​​បាន​ធ្វើ​សកម្មភាព​លួច​យក​ដែក​ដែល​ជាង​ផ្សា​ធ្វើ​ជា​ធ្នឹម​ដំបូល​​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​លើក​បំពាក់​នៅឡើយ ​លុះ​ក្រោយ​ពេល​លួច​បាន​ក៏​​លើ​ក​ដាក់​លើ​រទេះអូស​ចេញ តែ​ជា​សំណាងអាក្រក់​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​ក៏​ចាប់ខ្លួន​បាន​ម្នាក់​សួរនាំ​ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ​ចំណែក​ម្នាក់​ទៀត​រត់​គេចខ្លួន​បាត់​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើត​ឡេ​ី​ង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​កំពុង​សាងសង់​ថ្មី ដែល​មាន​ស្ថិត​នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​​ឈ្មោះ​ពេជ្រ ណា​រិ​ទ្ធ ភេទប្រុស អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ហើយ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​ការ​ពិនិត្យ​ទឹកនោម​រក​ឃើញ​ថា ​ជនសង្ស័យ​ម្នាក់​នេះ​មាន​ប្រើប្រាស់​សារធាតុ​ញៀនផងដែរ​ ។​

​ចំណែកជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់​គេចខ្លួន​​ឈ្មោះ​ពៅ អាយុ​ជាង​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ជនសង្ស័យទាំង​២នាក់​នេះ​​បានធ្វើ​សកម្ម​ភាព​​លួច​ដែក​ធ្នឹម​ចំនួន​៣​ផ្ទាំង​ដែល​ជា​កម្ម​សិទ្ធ​របស់​បុរស​ម្នាក់​ឈ្មោះ ម៉ក់ ណា​ក់ អាយុ​៥២​ឆ្នាំ​ មុខរបរ​ជាងដែក មាន​ទីលំនៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ដែក​ទាំងនោះ​ត្រូវ​បាន​ដកហូត​បាន​មក​វិញ​ រួម​ជាមួយ​រទេះអូស​អេ​ត​ចាយ​១​គ្រឿង​ដែល​ជា​របស់​ជនសង្ស័យ​ផង​ដែរ​។

តាម​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កេ​ី​ត​ហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ បាន​ចេញ​ល្បាត​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​ដូច​សព្វដង លុះ​ពេល​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​​​ខាងលើ​នេះ​កំពុង​អូស​រទេះ​អេ​ត​ចាយ​​មាន​ដឹក​ដែក​ធ្នឹម​ដំបូល​គួរ​ឲ្យ​សង្ស័យ​ ​ខណៈនោះ​កម្លាំង​នគរបាល​បាន​ចូល​ទៅ​ជិត​ដើម្បី​សួរនាំ ប៉ុន្តែ​ភ្លាម​ៗ​នោះ​​ជន​ស​ង្ស័​យ​បាន​រត់គេច​ខ្លួន ​តែ​​កម្លាំង​នគរ​បាល​​ដេញ​តាម​ចាប់​បាន​ម្នាក់​នាំ​យក​ទៅធ្វើ​ការ​​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ក៏​បាន​តាម​រក​ជនសង្ស័យ​​ដែល​រត់គេច​ខ្លួន​នោះ​ដែរ ​ប៉ុន្តែ​រក​មិនឃើញ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​ឈ្មោះ ពេជ្រ ណា​រិ​ទ្ធ បាន​សារភាព​ថា ​ខ្លួន និង​បក្ខ​ពួក​ម្នាក់​ទៀត​ឈ្មោះ​ពៅ​ ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដែក​ខាងលើ​នោះប្រាកដ​​មែន ហើយ​កន្លង​មក​ពួក​ខ្លួន​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​លួច​យក​ដែក​របស់​ប្រជាពលរដ្ឋ​ដែល​ទុក​ចោល​មុខ​ផ្ទះ​ជា​ច្រើន​ដង​មក​ហើយ​ដែរ​ លុះ​ចុង​ក្រោយ​ក៏​ត្រូវ​អស់លក្ខណ៍​បែប​នេះ​តែ​ម្ដង​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ