ហេតុអ្វីបាតុកម្មផ្ទុះនៅហុងកុង ហើយវានឹងវឹកវរកម្រិតណា?


សកម្មជន​ជា​ច្រើន​គិត​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង គឺជា​កន្លែង​ធ្វើ​កូដកម្ម​ដែល​មាន​សុវត្ថិភាព​ខ្ពស់ ព្រោះ​ការ​ប្រើ​ហិង្សា​ភាគច្រើន​កើត​មាន​ឡើង​នៅ​តាម​ផ្លូវ ។ ប៉ុន្តែ​វា​ប្រហែលជា​មានការ​ផ្លាស់​ប្តូរ ហើយ​តាំងពី​ល្ងាច​ថ្ងៃ​អង្គា​រ៍​មុន បន្ទាប់​ពី​ប៉ូលិស​បាន​ទៅ​ដល់​អាកាសយាន ដ្ឋា​ន​ជា​លើក​ដំបូង តាំងពី​ការ​ធ្វើ​បាតុកម្ម​នៅ​ទីនោះ​ចាប់ផ្តើម​ប្រមាណ​៥​ថ្ងៃមុន ។

គួរ​បញ្ជាក់​ដែរ​ថា អាកាសយានដ្ឋាន​ហុងកុង ស្ថិត​ក្នុង​ចំណោម​អាកាសយានដ្ឋាន​ដែល​មាន​ចរាចរណ៍​ច្រើន​ជាងគេ ក្នុង​អាស៊ី ហើយ​ពេល​នេះ​បាន​ក្លាយទៅជា​គោលដៅ​ធ្វើ​បាតុកម្ម​សំខាន់​មួយ ខណៈ​ដែល​បាតុករ​ចង់​បង្ហាញ​ការ​មិន​ពេញចិត្ត​ឲ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ ។ កាលពី​ចុង​ស​ប្តា​ហ៍​មុន​បាតុករ​បាន​ចាប់ផ្តើម​ដើរ​ចែក​ក្រដាស​ខិត្តប័ណ្ណ ជា​ភាសា​ចិន អង់គ្លេស បារាំង កូរ៉េ ជប៉ុន និង​ភាសា​ដ៏​ទៃ​ជា​ច្រើន​ទៀត ទៅ​ឲ្យ​អ្នកដំណើរ​អន្តរជាតិ​ដែល​បកស្រាយ​ពី​មូលហេតុ​នៃ​ការ​ធ្វើ​បាតុកម្ម និង​ការ​ទាមទារ​របស់​ចលនា​ពួក​គេ​ជាដើម ។

ខិត្តប័ណ្ណ និង​រូប​បិទ​បង្ហាញ​ដទៃ​ថែម​ទាំង​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​បាតុកម្ម​ដែល​បាន​គ្រោង​ទុកជា​កន្លែង​ទេសចរណ៍​ថ្មី និង​ប្រាប់​ដល់​អ្នកដំណើរ​ថា ពួក​គេ​ត្រូវធ្វើ​ដូច​ម្តេច ប្រសិនបើ​ពួក​គេ​ជាប់​ក្នុង​បាតុកម្ម​ជាដើម ។ នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​មុន​ជើងហោះហើរ ប្រមាណ​ជិត​២០០ ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ហោះហើរ​ចេញពី​និង​ទៅ​ហុងកុង​ឡើយ ។ ជើងហោះហើរ​ត្រូវ​បាន​ផ្អាក​កាន់តែ​ច្រើន​ទៀត​នៅ​ថ្ងៃ​អង្គារ ។ តើ​វា​មាន​ន័យ​យ៉ាងដូចម្តេច សម្រាប់​សេដ្ឋកិច្ច​ហុងកុង ? ខណៈ​ដែល​ប្រទេស​ចិន​ដី​គោ​គ គឺជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​បំផុត​របស់​ហុងកុង ទីក្រុង​នេះ គឺជា​មជ្ឈមណ្ឌល​អាជីវកម្ម និង​ហិរញ្ញវត្ថុ​អន្តរជាតិ ហើយ​សេដ្ឋកិច្ច​កំពុង​តែ​បង្ហាញ​មុខសញ្ញា​ថា រង​ទទួល​ការ​ប៉ះពាល់​ហើយ​ព្រោះតែ​ការ​ធ្វើ​បាតុកម្ម ។

សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ក្នុង​ហុងកុង​បាន​និយាយ កាលពី​ខែ​មុន​មក​ថា ក្រុមហ៊ុន​ជា​ច្រើន​បាន​រាយការណ៍​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​បង្ក​ពី​ការ​រអាក់រអួល​ផ្សេង​ៗ​ដែល​រួម​មានការ​ខាតបង់​ប្រាក់​ចំណូល ការ​រអាក់រអួល​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ការ​ផ្អាក​វិនិយោគ​ផ្សេង​ៗ​ជាដើម ។ អាជីវកម្ម​ក្នុងស្រុក និង​អន្តរជាតិ​ដែល​មាន​វត្តមាន​ក្នុង​ហុងកុង​ក៏​បាន​ជួប​ប្រទះ​នឹង​សម្ពាធ​ព្រមទាំង​ការ​ចោទប្រកាន់​ថា គាំទ្រ​ដល់​បាតុករ​ផង​ដែរ ។ ក្រុមហ៊ុន Cathay Pacific ត្រូវ​បាន​បញ្ជា​ដោយ​អាជ្ញាធរ​វិស័យ​អាកាសចរណ៍​ចិន​ឲ្យ​ហាមឃាត់​មិន​ឲ្យ​បុគ្គលិក​ដែល​ចូលរួម​ការ​ធ្វើ​បាតុកម្ម​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​ចិន​ទេ ។ ជើងហោះហើរ​ដែល​ត្រូវ​បាន​ផ្អាក​គឺ ជា​ព័ត៌មាន​មិនល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​ដំណើរការ​ក្នុង​ហុងកុង ។ អ្នកដំណើរ​ច្រើន​ជាង​៧៤​លាន​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​នេះ​កាលពី​ឆ្នាំ​មុន ។ អាកាសយានដ្ឋាន​ហុងកុង​ទទួល​ជើងហោះហើរ​ដឹក​អ្នកដំណើរ និង​ទំនិញ​ផ្សេង​ៗ ប្រមាណ​១,១០០​ក្នុង​មួយ​ថ្ងៃ និង​មាន​ជើងហោះហើរ​ទៅ​កាន់​២០០​កន្លែង​ជុំវិញ​ពិភពលោក ។

អាកាសយានដ្ឋាន​នេះ​ស្មើ​៥%​នៃ ផលិតផល​ក្នុងស្រុក​សរុប របស់​ហុងកុង ។ លោក Geoffrey Thomas ដែល​ជា​ប្រធាន​និង​នាយក​គ្រប់គ្រង​របស់ AirlineRatings.com បាន​និយាយ​ប្រាប់​មក​ថា «​វា​គឺជា​គ្រោះអាសន្ន​មួយ​សម្រាប់​ហុងកុង​ដែល​នឹង​បង្ក​ឲ្យ​មានការ​ខាតបង់​អស់ រាប់​សិប​លាន​ដុល្លារ​» ។ តើ​រដ្ឋាភិបាល​ចិន​បាន​ឆ្លើយ​តប​យ៉ាងដូចម្តេច ? មន្ត្រី​រដ្ឋាភិបាល​ទាំង​ក្នុង​ប្រទេស​ចិនដីគោក និង​ហុងកុង​កាន់តែ​មិន​ពេញចិត្ត​នឹង​ការ​ធ្វើ​បាតុកម្ម​ដែល​កើត​មាន​មក ។ កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ប៉ូលិស​ហុងកុង​បាន​ព្រមាន​ដល់​បាតុករ​ដែល​ជ្រុលនិយម និង​ប្រើ​ហិង្សា​នៅ​អាកាសយានដ្ឋាន ហើយ​អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា ហេតុការណ៍​ដែល​កើត​មាន​ឡើង​នៅ​អាកាសយានដ្ឋាន​គឺ​មាន​ភាព​ហួស​ព្រំដែន​នៃ​អ្វី​ដែល​អាច​ចាត់ទុកជា​សង្គម​ស៊ី​វី​ល័យ ។ នៅ​ប្រទេស​ចិនដីគោក ព័ត៌មាន​ទាក់ទិន​នឹង​ការ​ធ្វើ​បាតុកម្ម​មានការ​ផ្តោត​សំខាន់​លើ​ការ​ប្រើ​ហិង្សា និង​ភាព​ចលាចល ដោយសារ​ព័ត៌មាន​ដាក់​ងារ​ដល់​បាតុករ​ជា​ហ្វូង​មនុស្ស​ឥត​សណ្តាប់ធ្នាប់​ដែល​ប្រើ​ហិង្សា និង​ឧក្រិដ្ឋជន​ជាដើម​។

កាលពី​ថ្ងៃ​ច័ន្ទ លោក Yang Guang ដែល​ជា​អ្នកនាំពាក្យ​របស់​ការិយាល័យ កិច្ចការ​រវាង​ហុងកុង​និង​ម៉ា​កាវ​បាន​និយាយ​ថា ការ​ធ្វើ​បាតុកម្ម​បាន​បង្ហាញ​មុខសញ្ញា​នៃ​ភេរវកម្ម និង​ចង្អុល​ប្រាប់​ថា​វា​ជា​ការ​គំរាមកំហែង​ដល់​នីតិរដ្ឋ ។ លោក​បាន​និយាយ​ថា «​បាតុករ​ជ្រុលនិយម​របស់​ហុងកុង​បាន​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត​ទៅ លើ​ប៉ូលិស​ដោយ​ប្រើប្រាស់​ឧបករណ៍​គ្រោះថ្នាក់​យ៉ាង​ខ្លាំងក្លា ។ ពួក​គេ​បាន​ចូលរួម​ក្នុង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​រួច​ហើយ និង​បាន​ចាប់ផ្តើម​បង្ហាញ​មុខសញ្ញា​នៃ​ភេ​វរ កម្ម​ផង​ដែរ​។ វា​គឺជា​ការ​រំលោភ​បំពាន​នៃ​នីតិរដ្ឋ និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ហុងកុង​ដែល​បង្ក​ការ​គ្រោះថ្នាក់​ដល់​ជីវិត​និង​សុវត្ថិ ភាព​របស់​ពលរដ្ឋ​ហុងកុង » ។ ភាព​ចលាចល​ដែល​កំពុង​តែ​ធ្ងន់ធ្ងរ​ឡើង​នេះ​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា ប្រទេស​ចិន​អាច​កំពុង​តែ​គ្រោងការ​ធ្វើ​អន្តរាគមន៍​មួយ ។

លោក Max Baucis ដែល​ជា​អតីត​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​ចិន​បាន​និយាយ​ប្រាប់​សារព័ត៌មាន CNN ក្នុង​បទ​សម្ភាសន៍​មួយ​ពី​ការ​ប្រឈម​មុខ​របស់​រដ្ឋាភិបាល​កណ្តាល​របស់​ប្រទេស​ចិន ។ លោក​បាន​និយាយ​ថា «​ប្រសិនបើ​បេ​៉​កាំ​ង​គិត​ថា​ពួក​គេ​អាច​បង្ខំ​ឲ្យ​បាតុករ​ទទួលយក​ដំណោះស្រាយ​មួយ​នោះ វា​នឹង​មិន​មាន​ប្រសិទ្ធ ភាព​ទេ ហើយ​ខ្ញុំ​គិត​ថា​ពួក​គេ​ក៏​ដឹង​ដែរ ហើយ​ពួក​គេ​កំពុង​តែ​រក​វិធី​ផ្សេង​» ។ លោក​បាន​បន្ត​ថា «​សូមកុំ​ភ្លេច ប្រទេស​ចិន​គឺ​ពិតជា​អភិរក្សនិយម​ណាស់ ។ វា​ពិតជា​ពិបាក​ក្នុង​ការ​ឲ្យ​ប្រទេស​ចិន​ដោះស្រាយ នឹង​បញ្ហា​បែប​នេះ ព្រោះ​ពួក​គេ​មាន​ទម្លាប់​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួនឯង ។ វា​ពិតជា​ពិបាក​ណាស់​សម្រាប់​ពួក​គេ ។ ពួក​គេ​មិន​រហ័ស​ទេ ។ ឧទាហរណ៍ ពួក​គេ​មិន​មាន​ស្នូល​ការទូត​ធំ​ដូច​សហរដ្ឋអាមេរិក​ទេ ។ វា​ពិតជា​ពិបាក​សម្រាប់​ពួក​គេ​» ។ តើ​ប្រទេស​ដទៃ​ឆ្លើយ​តប​នឹង​បាតុកម្ម​នេះ​យ៉ាងដូចម្តេច ? លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​ស្នើ​លើ Twitter របស់​លោក​កាលពី​ថ្ងៃ​អង្គា​រ៍ស​ប្តា​ហ៍​មុន​ឲ្យ​មានការ​ស្ងប់​អារម្មណ៍ ។ លោក​បាន​អះអាង​ថា ទីភ្នាក់ងារ​ចារកម​ក្ម​របស់​សហរដ្ឋអាមេរិក​ប្រាប់​លោក​ឲ្យ​ដឹង​ថា «​រដ្ឋាភិបាល​ចិន​កំពុង​តែ​ចល័ត​ទ័ព​ទៅ​កាន់​ព្រំប្រទល់​ហុងកុង ។ អ្នក​ទាំងអស់​គ្នា​គួរតែ​ស្ងប់​អារម្មណ៍ និង​រក្សា​សុវត្ថិ​ត​ភាព ! » ប៉ុន្តែ​ប្រទេស​ចិន​តែងតែ​រក្សា​វត្តមាន​ទ័ព​របស់​ពួក​គេ​នៅ​ជិត​ព្រំប្រទល់ ហុងកុង​ជា​ប្រចាំ​ទៅ​ហើយ ។ ជាមួយ​គ្នា​នេះ​ដែរ សមាជិក​សភា​របស់​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ទាក់ទិន​នឹង​ស្ថាន​ការ​ក្នុង​ហុងកុង​នេះ​។

លោក Tom Tugendhat ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​មុន​ថា ចក្រភព​អង់គ្លេស​គួរតែ​ពិចារណា​លើ​ការ ពន្យារពេល​នៃ​ការ​ផ្តល់​សិទ្ធិ​ពលរដ្ឋ​ពេញលេញ​ទៅ​កាន់​ប្រជាជន​ហុងកុង ។ លោក Tugendhat បាន​និយាយ​លើ Twitter លោក​ថា «​វា​គួរតែ​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​១៩៩៧ ហើយ​វា​គឺជា​កំហុសឆ្គង​មួយ​ដែល ត្រូវ​តែ​កែសម្រួល​» ។ លើស​ពី​នេះ​ទៅ​ទៀត លោក Dominic Raab ដែល​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់ ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ពិតជា​ព្រួយបារម្ភ​នឹង​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​ហុងកុង ហើយ​ការ​ដែល​មានការ​ប្រើ​ហិ​ង​ក្សា​រវាង​ប៉ូលិស និង​បាតុករ​នៅ​អាកាស យានដ្ឋាន ។ លោក Raab បាន​និយាយ​លើ Twitter ដែរ​ថា «​ដូចដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នកស្រី Carrie Lam តាម​ទូរស័ព្ទ​កាលពី​ស​ប្តា​ហ៍​មុន ពួក យើង​មិន​គាំទ្រ​នឹង​ការ​ប្រើ​ហិ​ង​ក្សា និង​ជំរុញ​ឲ្យ​មានការ​សន្ទនា​ពិភាក្សា​ដើម្បី​ស្វែងរក​វិធី​សន្តិភាព​ដើម្បី​ដើរទៅ​មុខ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ