កូនស្រី​តារាចម្រៀង​មាស សុ​ម៉ា​លី ជាប់​លេខ​១ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​សកល​នៅ​កាលី​ហ្វ​រ​ញ៉ា


កូនស្រី​របស់​តារាចម្រៀង​ជើង​ចាស់​អ្នកស្រី មាស សុ​ម៉ា​លី ដែល​មានឈ្មោះ​ថា គី​ម សុ​ភណ្ឌ បាន​ប្រលង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ខ្មែរ​ជាស​កល​ប្រចាំ​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក បន្ទាប់​ពី​បាន​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ជាមួយ​បេក្ខជន​ជា​ច្រើន​រូប ។

គី​ម សុ​ភណ្ឌ បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជាមួយ​បេក្ខជន​បុរស​ម្នាក់​ទៀត​ឈ្មោះ ឡាយ ប៊ុ​ន​ឡេ​ង ក្នុង​វគ្គ​ផ្តាច់​ព័​ត្រ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា​នេះ ដែល​មាន​គណៈមេប្រយោគ​មាន​ជំនាញ​លើ​ផ្នែក​សិល្បៈ​ជា​ច្រើន​ឆ្នាំ ។ ពិធី​ការិនី​អ្នកស្រី លី ស៊ី​ថា​រី ភរិយា​របស់​អតីត​តារា​សម្តែង​លោក យស បូ​វណ្ណៈ ដែល​ជា​អ្នក​រៀបចំ​ការ​ប្រឡង​នេះ​បាន​ឲ្យ​ដឹង​ថា បេ​ក្ខ​នារី គី​ម សុ​ភណ្ឌ ត្រូវ​បាន​គណកម្មការ​វាយតម្លៃ​ខ្ពស់​ពី​ទឹកដម​សំឡេង​របស់​នាង នៅ​ក្នុង​ចំណោម​បេ​ក្ខ​នារី​ទាំងអស់ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ប្រចាំ​រដ្ឋ​ក្នុង​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក ។
អ្នកស្រី​បញ្ជាក់​ថា កន្លង​មក គី​ម សុ​ភណ្ឌ មិន​ដែល​បង្ហាញខ្លួន​ច្រៀង​នៅ​លើ​ឆាក​បែប​នេះ​ឡើយ ហើយ​នេះ គឺជា​លើក​ទី​១ សម្រាប់​នាង ខណៈ​ពេល​ដែល​ទឹកដម​សំឡេង​របស់​នាង​គឺ​មាន​ភាព​ពិ​រោះ​មិន​ចាញ់​ម្តាយ​នាង គឺ​អ្នកស្រី មាស សុ​ម៉ា​លី នោះ​ឡើយ ។

បើ​តាម​អ្នកស្រី លី ស៊ី​ថា​រី គឺ​នាង គី​ម សុ​ភណ្ឌ ក៏​មាន​ឪពុក​ជា​តារាចម្រៀង​ឈ្មោះ គី​ម សុ​ខុន ប៉ុន្តែ​ពេល​មក​ដល់​អា​មេ​រិ​ក​ឪពុក​របស់​នាង និង​ម្តាយ មាស សុ​ម៉ា​លី ក៏​បាន​បែកបាក់​គ្នា​ខណៈ​ពេល​ដែល​នាង​បាន​មក​រស់នៅ​អា​មេ​រិ​ក​នេះ តាំងពី​អាយុប្រមាណ​ជា​៨​ឆ្នាំ​មក​ម្លេះ ។

អ្នកស្រី​បន្ថែម​ថា គី​ម សុ​ភណ្ឌ នាង​អាច​ចេះ​និយាយ និង​ស​សេរ​ខ្មែរ ហើយ​ការ​ប្រឡង​នេះ​គឺ​តម្រូវ​ឲ្យ​ច្រៀង​តែ​បទ​ខ្មែរ​មិន​ឱ្យ​ច្រៀង​បទ​បរទេស​នោះ​ឡើយ ហើយ​កម្មវិធី គឺ​ទទួលយក​ទាំងអស់ ចំពោះ​កូន​ខ្មែរ​ណា​ដែល​បាន​កើត​នៅ​បរទេស​ក្នុង​ការ​ចូលរួម​ប្រឡង ។ យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​នាង គី​ម សុ​ភណ្ឌ បាន​ជាប់​នៅ​សហរដ្ឋអាមេរិក​មែន​តែ​ក៏​មិន​ប្រាកដ​ថា នាង​អាច​នឹង​យកឈ្នះ​បេក្ខជន​ផ្សេង​ៗ​ទៀត ពេល​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ​ឡើយ​ពោល​គឺ​នៅ​តែ​ទទួល​ការ​ខិតខំ និង​ដុះខាត់​សំឡេង​បន្ថែម​ទៀត មុន​ការ​ប្រកួត​មក​ដល់ ។

គួ​រំ​ឮ​កថា មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល​លើក​ទី​៥ ឆ្នាំ​២០១៩ នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​នៅ​រាជធានី​ភ្នំពេញ ។ ម​ហ​ស្រព​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំផុស​ចលនា​មហាជន ជា​ពិសេស​យុវជន​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ចូលរួម​លើ​ស្ទួយ​តម្លៃ​សិល្បៈ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​សំដៅ​រួមចំណែក​អភិរក្ស​សង្គម និង​លើកកម្ពស់​កិត្យានុភាព​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ