លោក គួ​ច ចំរើន ៖ ផ្លូវ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ខូច​ស្ទើរ​គ្រប់​ផ្លូវ


ខេត្តព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​អះអាង​ថា ផ្លូវ​នៅ​ក្នុង​ក្រុងព្រះសីហនុ​បាន​ខូច​ស្ទើរតែ​គ្រប់​ផ្លូវ ដែល​ត្រូវការ​ធ្វើ​ឡើង​វិញ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​ខេត្ត​ព្រះ​សីហ​នុ ។ ការ​បញ្ជាក់​របស់​អភិបាលខេត្ត​លោក គួ​ច ចំរើន ចុះ​ពិនិត្យ​មើល​ការ​ជួសជុល​ផ្លូវ​ក្នុង​ក្រុង បន្ទាប់​ពី​រង​ការ​ខូចខាត​នា​ពេល​កន្លង​មក កាលពី​ថ្ងៃ​ទី​២៥ ខែសីហា​នេះ ។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​អមដំណើរ​ដោយ​លោក អ៊ី សុខ​ឡេ​ង អភិបាលក្រុង និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ជា​ច្រើន​រូប​ទៀត​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​ការ​លុប​សំបុកមាន់ ផ្លូវ​លេខ​៤០០ (​ផ្លូវ​តោ​២​ឆ្ពោះទៅ​ដល់​អតីត​ឆ្នេរ​អា​រី​ស្តុ​ន​) និង​ផ្លូវ​ម្តុំ​ឆ្នេរ​សុខា​ក្នុង​ក្រុងព្រះសីហនុ ដែល​ធ្វើការ​ជួសជុល​បន្ទាន់​បណ្តោះអាសន្ន ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​នា​រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​ច្រាំ ។

លោក​គួ​ច ចំរើន បាន​បញ្ជាក់​ថា ៖ «​តាម​គម្រោង​ផ្លូវ​នៅ​ក្រុងព្រះសីហនុ​ត្រូវធ្វើ​ជា​ប្រភេទ​បេតុង​សរសៃដែក​ទាំងអស់ និង​មាន​កម្រាស់​យ៉ាងតិច​២​តឹក ហើយ​ប្រកបដោយ​គុណភាព ដើម្បី​ធានា​កា​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​រំលឹក​ថា អ្នក​សាងសង់​ត្រូវ​គិត​ពី​គុណភាព​ជា​ចម្បង​មិនមែន​ធ្វើ​ឲ្យ​តែ​បាន​វែង​តែ​បន្តិច​ក្រោយមក​ខូច​អស់​វិញ​នោះ​ទេ ។ លោក​ថា បច្ចុប្បន្ន​នេះ​ផ្លូវ​នៅ​ទូ​ទាំង​ក្រុងព្រះសីហនុ​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​គ្រប់​ផ្លូវ ។ មូលហេតុ​ដែល​នាំ​អោយ​ផ្លូវ​ទាំងអស់​នេះ​រង​ការ​ខូចខាត​ដូច្នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​បណ្ដាល​មក​ពី ១-​ការ​ដឹក​ជញ្ជូន​ធ្ងន់​ៗ​ក្នុង​ការ​សាងសង់​សំណង់​ផ្សេង​ៗ ២-​ផ្លូវ​ចាស់​ដល់​អាយុ​ត្រូវ​ខូច​ផង ៣-​ការ​វាយប្រហារ​នៃ​ជំនន់​ទឹកភ្លៀង​ជាដើម ។

ករណី​នេះ​បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​រអ៊ូរទាំ​ផង​ដែរ ។​ចំពោះ​មុខ​ក្នុង​ស្ថានភាព​នេះ​ការ​ជួសជុល​កែ​លម្អ​បឋម​កំពុង​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ដើម្បី​សម្រួល​ដល់​ការ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ។ លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​រដ្ឋាភិបាល​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​កំពុង​រៀបចំ​ស្ដារ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ។ ក្នុង​នោះ​គម្រោង​ជួសជុល​ផ្លូវ​ចំនួន​២២​ខ្សែ​នៅ​ក្នុង​ក្រុងព្រះសីហនុ​ឲ្យ​ប្រសើរ​ឡើង​វិញ​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ភិ​បាល​ក៏​សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល​ជួយ​ជា​គ្រួ​ស មន្ត្រី​ពាក់ព័ន្ធ ក្រុម​កម្មករ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​យោគយល់​អធ្យាស្រ័យ​ខ្ពស់​ចំពោះ​កិច្ច​ការងារ​នេះ ហើយ​លោក​សង្ឃឹម និង​ជឿជាក់​ថា​នឹង​នៅ​តែ​មាន​សប្បុរសជន​ចូលរួម​ជួយ​ឧបត្ថម្ភ​គាំទ្រ​សកម្មភាព​នេះ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ