៥​ខែ​មក​ហើយ​ប្រាប់​មិន​ស្តាប់​កម្ទេច​ចោល​មួយ​មើ​លអស់​ប៉ុន្មាន


រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣ បាន​ចុះ​ទៅ​វាយ​កម្ទេច​របង​ហាង និង​ឃ្លាំង​២​កន្លែង​ដែល​ប៉ះពាល់​ដល់​ការ​ពង្រីក​ផ្លូវ និង​រាំ​ស្ទះ​ដល់​ការ​ស្ថាបនា​ផ្លូវ​បេតុង រាប់​ខែ​មក​ហើយ ។ បន្ទាប់​ពី​ជូនដំណឹង​ឲ្យ​ម្ចាស់​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​រយៈពេល​៥​ខែ​កន្លង​មក​ហើយ​រឹងទទឹង​មិន​ព្រម​រុះរើ​នោះ​ទើប​ពេល​នេះ​អាជ្ញាធរ​ខាងលើ​លែង​រង់ចាំ​តទៅ​ទៀត​ហើយ និង​បាន​ប្រើ​ធម៌​ក្ដៅ​សម្រេច​វាយ​កម្ទេច​ចោល​បែប​នេះ​តែ​ម្ដង ។

ម្យ៉ាងទៀត​អ្នក​រស់នៅ​តាម​ដងផ្លូវ​នេះ​មាន​ចំនួន​១២០​គ្រួសារ ហើយ​១១៨​គ្រួ​សារបាន​យល់ព្រម​ចូលរួម​ចំណែក​លើ​ផល​ប៉ះពាល់​អស់ហើយ ដោយឡែក​២​គ្រួសារ​ខាងលើ​មិន​ព្រម​រុះរើ​ឡើយ ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោក វ៉ា សា​វឿ​ន ចៅសង្កាត់​ចោម​ចៅ​៣ បាន​និយាយ​ថា ផ្លូវ​នេះ​កាលពីមុន​ជា​ប្រឡាយ​មាន​ប្រវែង​១២០០​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​ហើយ​នៅ​ក្នុង​ប្លង់​ត្រូវ​ពង្រីក​រហូត​ដល់​ទៅ​២០​ម៉ែត្រ​ឯណោះ ។​ប៉ុន្តែ​ពេល​នេះ​ត្រូវ​ស្ថាបនា​ដោយ​ការ​ចាក់​បេតុង​ឆ្អឹង​ដែក​រឹង​មាំ ហើយ​ទើប​ពង្រីក​បាន​សាច់​បេតុង​ត្រឹម​១២​ម៉ែត្រ និង​បូក​រួម​ជាមួយ​ចិញ្ចើម​ផ្លូវ​សងខាង​៤​មែ​ត្រ​ទៀត​សរុប​១៦​ម៉ែត្រ​ប៉ុណ្ណោះ ។

ម្យ៉ាង​ការ​ស្ថាបនា​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​ទើស​របង​ថ្ម​របស់​អ្នក​ភូមិ​២​គ្រួសារ គឺ​ទី​១ របង​ហាង​ផឹកស៊ី​ប្រវែង​៣០​ម៉ែត្រ និង​ទី​២ របង​ផ្ទះ​និង​ឃ្លាំង​ប្រវែង​៥០​ម៉ែត្រ ។ មិនតែប៉ុណ្ណោះ​កន្លង​មក​អាជ្ញាធរ​បាន​ជូនដំណឹង​ឲ្យ​ម្ចាស់​រុះរើ​ជា​ច្រើន​ដង​មក​ហើយ​ប៉ុន្តែ​ម្ចាស់​មិន​ព្រម និង​រឹងទទឹង​ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​រយៈពេល​៥​ខែ​មក​ហើយ​ទើប​ឈាន​ដល់​ដាក់​កម្លាំង និង​គ្រឿងចក្រ​វាយ​កម្ទេច​ចោល​ដោយ​លែង​យោគយល់​បែប​នេះ​តែ​ម្ដង ។

មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ប្រជា​ពេល​រដ្ឋ​ដែល​រស់នៅ​អម​សងខាង​តាម​ដងផ្លូវ​ខាងលើ​នេះ​មាន​ចំនួន​១២០​គ្រួសារ ដែល​សុទ្ធតែ​ប៉ះពាល់​ក្នុង​ការ​ពង្រីក​ផ្លូវ​ទាំងអស់ ហើយ​ក្នុង​នោះ​ចំនួន​១១៨​គ្រួ​សារបាន​យល់ព្រម​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ដោយ​ត្រេកអរ ។ ពួក​គាត់​បាន​ធ្វើការ​រុះរបង និង​សំ​យ៉ាប​ផ្ទះ​កាប​ដើមឈើ​ចោល​អស់ហើយ ដោយឡែក​២​គ្រួសារ​ខាង​លើ មិនដឹង​ថា​ពួក​គាត់​អាងខ្នង​ធំ​ឬ​បែប​ណា​នោះ​ទេ ទើប​មិន​ព្រម​ចូលរួម​រុះរើ​របង​ចេញ​បង្ក​ការ​លំបាក​រាំងស្ទះ​ដល់​ដំណើរការ​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខែ​មក​ហើយ ។

ក្រោយ​ពី​ជូនដំណឹង​ដល់​ពួក​គាត់​ម្ដង​ហើយ​ម្ដងទៀត​ជា​ច្រើន​ដឹង​តែ​ពួក​គាត់​ធ្វើ​ព្រងើយកន្តើយ​មិន​រវល់​អើពើ​អនុ​ត្តន៍​តាម​ទើប​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួម​ជាមួយ​កម្លាំង​អាជ្ញាធរ​សង្កាត់​សម្រេច​ប្រើ​ធម៌​ក្ដៅ​ដាក់​គ្រឿងចក្រ​វាយ​កម្ទេច​ចោល​ប្រញាប់​យក​កន្លែង​ស្ថាបនា​ផ្លូវ​តម្រូវ​ចិត្ត​អ្នក​ភូមិ​ដែល​យល់ព្រម​លះបង់​ផល​ប៉ះពាល់ និង​ចង់បាន​ផ្លូវ​ស្អាត​ស្រួល​ធ្វើ​ដំណើរ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ