ជាង​២០នាក់ទៅលេងទឹកធ្លាក់ជ្រាវ មិន​ទាន់​ដល់ផង ស្រាប់តែ​​ជួប​គ្រោះ​តាម​ផ្លូវ​


ខេត្តកំពង់ស្ពឺ​ ៖ រថយន្តកូរ៉េ​មួយគ្រឿង​មាន​អ្នក​ដំណើរ​ចំនួន​២៥​នាក់​បាន​ធ្វើ​ដំណើរ​ទៅលេងទឹកធ្លាក់ជ្រាវ ​លុះ​បើកឡើង​ចំណោត​មិនរួច​ ស្រាប់តែ​រអិលថយក្រោយធ្លាក់ផ្លូវ​ ​បណ្តាល​ឱ្យ​​​មនុស្ស​ចំនួន​៧​នាក់​រង​របួសធ្ងន់និង​​ស្រាល​ ​ត្រូវ​បាន​សមត្ថកិច្ច​​ចុះមកជួយ​​អន្តរាគមន៍​​ដោយ​បញ្ជូន​អ្នករង​​របួស​​ទាំងអស់​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​តែ​ម្តង​។

​ហេតុុការណ៍ខាងលើ​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោ​ង​១​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​តំបន់​ទឹកធ្លាក់​ជ្រាវ ​ស្ថិត​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​កូរ៉េមួយគ្រឿង​មានដឹកអ្នក​ដំណើរ​ចំនួន​២៥​នាក់​ ព​ណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២L-០១៦៥ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ឡើយ បានរត់គេចខ្លួនបាត់​។ ចំណែក​អ្នក​រងរបួសធ្ងន់ស្រាល​ទាំង​៧​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ហ៊ុន ពឿ​ន​ ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ​ រង​របួសធ្ងន់​បាក់ជើង​ស្ដាំ ២-ឈ្មោះ​​មុ​ឹ​ន ម៉េ​ង ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រង​របួស​បាក់ដៃ​ស្ដាំ ៣-ឈ្មោះសឿង​ រិ​ន ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ រង​របួសស្រាល ៤-​ឈ្មោះ ងឿ​ត អាន​ ភេទ​ស្រី​ អាយុ​៦៣ឆ្នាំ​ របួសស្រាល ៥-ឈ្មោះ ម៉ៅ ឆាយ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ រងរបួសស្រាល ៦-ឈ្មោះ​យាយ​ផា​ន់​ ភេទ​ស្រី​ អាយុ​៨០​ឆ្នាំ​ រង​របួសស្រាល និង​៧-​ឈ្មោះ ហ៊ុន ពុធ ភេទ​ស្រី​ អាយុ​៧៧​ឆ្នាំ រង​របួសស្រាល ។ ​ជនរងគ្រោះ​​ទាំង​៧​នាក់​រស់នៅ​ភូមិ​ព្រៃ​ច្រាប​ខាងកើត ឃុំ​វាល់​ពង់​ ស្រុក​ឧ​ដុ​ង្គ​ ខេត្តកំពង់ស្ពឺ​។

តាម​​ប្រភព​ពីសមត្ថកិច្ច​​បាន​បន្ត​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​​កូរ៉េមួយគ្រឿង​ខាងលើ​បាន​ដឹក​​អ្នក​ដំណើរ​​ចំនួន​២៥​នាក់​ ក្នុង​នោះ​ស្រី​១៥​នាក់ ​បានធ្វើ​ដំណើរ​​​ទៅ​​លេង​នៅ​តំបន់​​រមណីយដ្ឋានទឹកធ្លាក់​​ជ្រាវ​ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ពេលរថយន្តបើកឡើង​ចំណោត​មិន​រួច​ ស្រាប់​តែ​​រអិល​ថយក្រោយ​ធ្លាក់​ប្រឡាយ​ខាងលិច​ផ្លូវ ​​បណ្តាល​​​អោយ​​ធ្លាក់​​​​មនុស្ស​​​ចំនួន​៧​នាក់​មក​ខាងក្រោយ​រថយន្ត​រ​ងរ​បួស​ធ្ងន់និង​ស្រាល​តែម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ ។​

ក្រោយពេលកើតហេតុ ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​​ទៅសង្គ្រោះ​នៅ​​មន្ទី​ពេទ្យ​បង្អែក​ក្រាំង​ពន្លៃ​ ​ហើយ​សមត្ថកិច្ច​​បាន​យក​រថយន្តកូរ៉េ​មួយគ្រឿង​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ថ្ពង​​ ៕ (កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ